ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភា កម្ពុជាឡាវ ៖ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នា មិនថានៅក្នុងកម្រិតណានោះទេ គួរមានប្រធានបទច្បាស់លាស់មួយ

85

ឡាវ ៖ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករវាងរដ្ឋសភាប្រទេសទំាងពីរកម្ពុជា និងឡាវ មិនថានៅក្នុងកម្រិតណានោះទេ គួរមានប្រធានបទច្បាស់លាស់មួយ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធិភាព ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោកស្រី ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ។

ប្រធានរដ្ឋសភាប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទាំងពីរ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ក្នុងនាមរដ្ឋសភា ដែលតំណាងអោយប្រជាពលរដ្ឋប្រទេសទាំងពីរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកស្រី ផានី យ៉ាថូទូ បានពិភាក្សាគ្នាលើបញ្ហាជាច្រើនក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សង្គមកិច្ច ដើម្បីបម្រើផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាកម្ពុជា ឡាវ បានសន្យាថា នឹងជំរុញរដ្ឋាភិបាលប្រទេសទាំងពីរអនុវត្តអោយមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយនូវរាល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយគ្នា។

ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរវិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា រដ្ឋសភាកម្ពុជា និងឡាវ ក្រៅពីគំាទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរសភាហើយ រដ្ឋសភាប្រទេសទាំងពីរ បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរថែមទៀត។

សម្តេចបន្តថា ក្នុងរយៈពេលជាង៥អាណត្តិមកនេះ រដ្ឋសភាកម្ពុជា និងឡាវ បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារសភា ទាំងក្នុងកម្រិតថ្នាក់ដឹកនាំ គណៈកម្មាធិការជំនាញ និងមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រទេសទាំងពីរ និងបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការរបស់បក្ស រដ្ឋាភិបាលប្រទេសទាំងពីរ។

លោកស្រី ផានី យ៉ាថូទូ បានគាំទ្រប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងបានស្នើសុំសម្តេចបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អរវាងសភាប្រទេសទំាងពីរ បន្តទៀត។ ជាមួយគ្នានេះ លោកស្រីបានលើកឡើងថា ប្រសិនមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករវាងរដ្ឋសភាប្រទេសទំាងពីរ មិនថានៅក្នុងកម្រិតណានោះទេ គួរមានប្រធានបទច្បាស់លាស់មួយ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធិភាព ដូចជាដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសឡាវនាពេលនេះ គឺថ្នាក់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរមានប្រធានមួយត្រូវជជែកពិភាក្សាគ្នា៕

អត្ថបទដែលជាប់ទាក់ទង