អភិបាលស្រុកភ្នំព្រឹក ត្រូវបណ្ដាញសង្គម ចោទថា កាយភ្នំរំលាយព្រៃលក់
បាត់ដំបង៖ កន្លងមកថ្មីៗនេះ មានគណនីបណ្តាញសង្គម Facebook ឈ្មោះ ស្អែក ជួបគ្នា បានបង្ហោះសារ និងរូបភាពវាយប្រហារ មកលើការដឹកនាំរបស់លោក សុង សុភ័ក្ត្រ អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក។ គណនី facebook បាន រៀបរាប់ថា អភិបាលស្រុកថ្មី អភិវឌ្ឍក្រោមការកាយភ្នំរំលាយព្រៃ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
គណនីបណ្តាញសង្គម Facebook ឈ្មោះ ស្អែក ជួបគ្នា បានបន្ថែមថា
មានការតែកាយដីភ្នំលក់យ៉ាងអាណាធិបតេយ្យក្រោយពីវត្តមានលោកអភិបាលស្រុកថ្មីអតីតអធិការនគរបាលស្រុកភ្នំព្រឹកបានបើកដៃឱ្យឈ្មួញកាយភ្នំលក់យ៉ាងគគ្រឹកគគ្រេងហើយរណ្ដៅដីក្នុងលើធ្លាប់បង្កឲ្យក្មេងលង់ទឹកស្លាប់ផងដែរប្រជាពលរដ្ឋដាក់ជាសំណួរថាតើលោកអភិបាលនៃគណៈអភិបាលស្រុកថ្មីលោកសុង សុភ័ក្រ្តលោកធ្វើមិនដឹងមិនឮឬមិនឃើញ។
ទោះយ៉ាងណារដ្ឋបាលស្រុកភ្នំព្រឹកបានចេញជាដីបដិសេធចំពោះការចោទប្រកាន់ខាងលើនេះថាជាព័ត៌មានមិនពិតបំភ្លើសមួលបង្កាច់ក្នុងន័យបង្ខូចកេរ្តិ៍ឈ្មោះអភិបាលស្រុកទើបតែឡើងថ្មី។
ពាក់ព័ន្ធនឹងករណីនេះ នៅថ្ងៃទី 31 ខែឧសភា រដ្ឋបាលស្រុកភ្នំព្រឹក សូមធ្វើការបកស្រាយបំភ្លឺជូនសាធារណជនដូចខាងក្រោម: កន្លងមកថ្មីៗនេះ មានគណនីបណ្តាញសង្គម Facebook ឈ្មោះ ស្អែក ជួបគ្នា បានបង្ហោះសារនិងរូបភាពវាយប្រហារ មកលើការដឹកនាំរបស់លោក សុង សុភ័ក្ត្រ អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក ដូចខ្លឹមសារបង្ហោះ ក្នុងរូបខាងក្រោមនេះ ដូចនេះ រដ្ឋបាលស្រុកភ្នំព្រឹក សូមធ្វើការបដិសេធទាំងស្រុង ចំពោះព័ត៌មានខាងក្រោមនេះ។ ដោយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះការិយាល័យអន្តរវិស័យសាលាស្រុក និងមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចុះទៅពិនិត្យ ឃើញថាពុំមានលទ្ធផល ដូចការចោទប្រកាន់មក លើរូបលោកអភិបាលស្រុកដូច គណនេយ្យFacebook ឈ្មោះ ស្អែក ជួបគ្នា នោះទេ និងក្រុមការងារបានធ្វើកិច្ចសន្យា ជាមួយក្រុមហ៊ុនទឹកស្អាតស្រុកភ្នំព្រឹក ឲ្យធ្វើរបងព័ទ្ធជុំវិញស្រះទឹកនោះ ដែលស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក រួចរាល់ហើយដែរ និងមកដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីព្រឹក លោក នូវ ឫទ្ធី អភិបាលស្រុកស្តីទី តំណាងលោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានដឹកនាំមន្ត្រីជំនាញ ការិយាល័យពាក់ព័ន្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពេជ្រចិន្តា ដើម្បីចុះទៅពិនិត្យ ទីតាំងស្រះជាក់ស្តែង ឃើញថាស្រះទឹកនេះ ជាស្រះចាស់ សល់ពីជំនាន់កាយដីធ្វើផ្លូវជាតិលេខ៥៩ និងស្រះនេះ ពុំមានករណីក្មេងលង់ទឹកស្លាប់នោះទេ។ អាស្រ័យដូចនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕