អាជ្ញាធរខេត្តកំពង់ចាម និងអគ្គនាយកដ្ឋានពន្ធដារ រួមគ្នាប្រមូលពន្ធប្រថាប់តា្រ ដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ចាម
កំពង់ចាម៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនៅថ្ងៃទី 1 ខែមិថុនានេះបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី សិក្ខាសាលាស្ដីពី “ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ, ពន្ធលើអចលនទ្រព្យ និងការត្រៀមអនុវត្តប្រកាសស្ដីពីការកំណត់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ” ដែលសិក្ខាសាលានេះ ធ្វើឡើងនៅខេត្តកំពង់ចាម កាលពីថ្ងៃទី 31 ខែឧសភាឆ្នាំ 2019។
នៅក្នុងអង្គសិក្ខាសាលានោះលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលជាគណៈអធិបតីផងដែរនោះ បានថ្លែងថា សិក្ខាសាលានេះពោរពេញដោយធាតុចូល ជាចក្ខុវិស័យ ជាយុទ្ធសាស្ត្រ ជាការណែនាំ សំដៅជំរុញនិងបង្កើនកិច្ចសហការ រវាងអាជ្ញាធរថ្នាក់ក្រោមជាតិ អង្គភាព និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ជាមួយសាខាពន្ធដារខេត្ត ដើម្បីគាំទ្រដល់ការប្រមូលចំណូលពន្ធ ជាពិសេសពន្ធថ្នាក់ក្រោមជាតិ ឲ្យអស់សក្តានុពល ស្របតាមគោលនយោបាយ និងកម្មវិធីកំណែទម្រង់វិស័យពន្ធដារ ប្រយោជន៍មានមូលនិធិកាន់តែច្រើន សម្រាប់អភិវឌ្ឍមូលដ្ឋានខេត្ត ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើឲ្យអង្កសិក្ខាសាលាទាំងមូល យកចិត្តទុកដាក់ស្ដាប់ ព្រមទាំងលើកជាសំណួរពាក់ព័ន្ធ ឲ្យបានផុលផុស សំដៅប្រមូលនូវពុទ្ធិ ចំណេះដឹង ចំណេះធ្វើ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីបានជាមូលដ្ឋាន ក្នុងការជួយបន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យបានទូលំទូលាយ។
លោកកែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា រាជរដ្ឋាភិបាល បានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញ នូវឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុង អនុវត្តអស់រយៈពេលជិត 10 ឆ្នាំកន្លងមកហើយ ដើម្បីឱ្យស្របតាមការរីកចម្រើន ខាងវិស័យអចលនទ្រព្យ នៅកម្ពុជានាពេលបច្ចុប្បន្ន។ តាមរយៈការធ្វើបច្ចុប្បន្នភាពនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសលេខ 343សហវប្រកចុះថ្ងៃទី 22 ខែមីនាឆ្នាំ ចុះថ្ងៃទី 22 ខែមីនាឆ្នាំ 2019 ថ្មីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី 1 ខែកក្កដាឆ្នាំ 2019 តទៅ។ ក្នុងន័យនេះដើម្បីពង្រឹងការប្រមូលចំណូលពន្ធ លើវិស័យអចនទ្រព្យនៅខេត្តកំពង់ចាម ដែលជាចំណូលថវិការថ្នាក់ក្រោមជាតិ សម្រាប់អភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តម្លាភាពនិងសមធម៌ ជាពិសេសក្នុងពេលដាក់ឲ្យអនុវត្តប្រកាសនេះ ព្រមទាំងក្នុងគោលដៅ ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិនៃខេត្តកំពង់ចាម អង្គភាព និងមន្ទីរជំនាញពាក់ព័ន្ធ ជួយផ្សព្វផ្សាយបន្ត និងផ្ដល់សេវាជូនអ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរថែមទៀត ទើបរដ្ឋបាលខេត្តកំពង់ចាម និងអគ្គនាយកដ្ឋានពន្ធដារ បានសហការរៀបចំសិក្ខាសាលា នាថ្ងៃនេះឡើយ។
លោកអគ្គនាយករង ក៏បានបញ្ជាក់ជូនផងដែរថា នៅឆ្នាំ 2018 នៅខេត្តកំពង់ចាម ការប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រេចបានចំនួនប្រមាណ 2655 លានរៀល ស្មើប្រមាណ 663750 ដុល្លារ លើចំនួនអចលនទ្រព្យ ៣០០០៥ មូលដ្ឋានស្មើនឹង ១១៥,៤% នៃផែនការកើនឡើង១៥% ប្រៀបធៀបនឹងឆ្នាំ 2017។ ដោយឡែកសម្រាប់រយៈពេល ៥ ខែដើមឆ្នាំ 2019 ការប្រមូលចំណូលពន្ធនេះ សម្រេចបានចំនួនប្រមាណ ២៥១៧លានរៀល ស្មើនឹងប្រមាណ ៦២៩៥០០ដុល្លារ នៅចំនួនអចលនទ្រព្យ២៨៦៧មូលដ្ឋានស្មើនឹង ១០៩,៤% នៃផែនការកើនឡើង១៧៣% ប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ 2018។
ចំពោះតាធ្វើចុះបន្ទាត់ភាពឡើងវិញ នូវឧបសម្ព័ន្ធស្ដីពីការបែងចែក នៅភូមិសាស្រ្តនិងតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងនោះផងដែរ លោកអគ្គនាយករង បានពន្យល់ដល់អង្គសិក្ខាសាលា ដោយសង្កត់ធ្ងន់ថា បន្ទាប់ពីទទួលបានការណែនាំ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានពិនិត្យកែសម្រួលឧបសម្ព័ន្ធ ដោយយកចិត្តទុកដាក់នឹង បានកោះប្រជុំអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដើម្បីពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ ជាច្រើនលើកច្រើនសារ និងបានឯកភាពគ្នាពីគ្រប់ភាគីពាក់ព័ន្ធរួមមាន តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង តំណាងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងតំណាងវិស័យឯកជន។ ម្យ៉ាងទៀតការកំណត់យកតម្លៃថ្មីនេះ គឺបានគិតគូរមិនឲ្យលើសពី 70% នៃតម្លៃជាក់ស្តែងនៅលើទីផ្សារ។ រីឯការកែសម្រួលភូមិសាស្រ្ត គឺបានបន្ថែម និងកែសម្រួលកំណាត់ផ្លូវមេ ឬតំបន់អភិវឌ្ឍន៍ ឬបុរី ដែលទើបកើតថ្មីៗ ឬទីប្រជុំជន ដើម្បីងាយស្រួលការអភិវឌ្ឍន៍ និងកាត់បន្ថយកម្រិតលម្អៀងតម្លៃ សំដៅធានាបាននូវសមធម៌ នៃការបង់ពន្ធ៕