លោកជំទាវញ៉ែម មរកត រ៉ាយរ៉ាប់ពីសាច់រឿង ពាក់ព័ន្ធនិងកូនប្រុសរបស់គាត់ ដែលកំពុងជាប់ក្នុងពន្ឋនាគារ ដោយសារបាញ់នារីម្នាក់បាក់ភ្លៅ
ភ្នំពេញ៖ លោកជំទាវញ៉ែម មរកត ដែលជាម្ដាយរបស់ជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់កាំភ្លើងខ្លីស៊េរីទំនើបមួយដើម ហើយបានផ្ទុះអាវុធបណ្ដាលឱ្យត្រូវនារីវ័យក្មេងស្រស់ស្អាតម្នាក់ បណ្ដាលឲ្យបាក់ភ្លៅខាងស្ដាំ ហើយត្រូវបញ្ជូនសង្គ្រោះបន្ទាន់។ ចំណែកឯជនដៃដល់ត្រូវបានបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់ ហើយត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន រងចាំការសម្រេចថ្មីផ្សេងពីនេះ។
ពាក់ព័ន្ធនឹងករណីនេះ លោកជំទាវញ៉ែមមរកតនៅថ្ងៃទី 1 មិថុនាឆ្នាំ 2019 នេះក៏បានសរសេរសារមួយយ៉ាងក្បោះក្បាយរៀបរាប់ពីសាច់រឿងរបស់កូនគាត់ដើម្បីឲ្យសាធារណជនបានជ្រាបជាព័ត៌មាន។ លោកជំទាវបានលើកឡើងថា
សូមជម្រាបសួរបងប្អូន មិត្តភ័ក្រនិងសារព័ត៌មាន ក្នុងបណ្តាញសង្គម ។
ខ្ញុំសូមអរគុណច្រើនដែលធ្វើឲ្យខ្ញុំកាន់តែល្បី និងមានការអាណិតស្រឡាញ់ខ្ញុំកាន់តែច្រើន ។
អ្នកស្រឡាញ់ខ្ញុំបានសោកស្តាយរឿងហេតុកើតឡើង សម្រាប់អ្នកច្រណែនឈ្នានិះ ស្អប់ មិនចូលចិត្តបានសើចហ៊ោ ។ល។ ស្រេចលើលោកអ្នកវិនិច្ឆ័យចុះចាស ក្បាលអ្នកណាសក់អ្នកនោះ ខ្ញុំសូមណែនាំធ្វើខ្លួននិងប្រដៅកូនឲ្យបានល្អ ប្រយ័ត្នរឿងហេតុស្មានមិនដល់ធ្លាក់លើគ្រួសារខ្លួនចាស មើលមិនឃើញទេ !!
លោកជំទាវបានបន្ថែមទៀតថា ៣ថ្ងៃកន្លងមកនេះ សារព័ត៌មានផ្សាយឡើងកក្រើករឿងផ្ទុះអាវុធនៅក្លឹបលុចសារី សម្រាប់ព៍តមានបឋមខ្ញុំមិនរិះគន់ទេ ប៉ុន្តែនៅពេលព៍តមានពិតចេញមកពីស្ថាប័នកងរាជអាវុធហត្ថហើយ ក៏សារព័ត៌មានខ្លះមិនប្រកាន់វិជ្ជាជីវៈក្រមសីលធ៍មដោយៈ
» ចម្លងតគ្នា យកឈ្មោះស្ថាប័នរដ្ឋនិងតួនាទីម្តាយរបស់ជនសង្ស័យមកដាក់ធ្វើចំណងជើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍
» សសេរផ្ទុយនឹងការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គេ។
ដូចជំទាវបានសរសេរថា ខ្ញុំសូមបញ្ជាក់ថាៈ
ថ្ងៃទី២៨ ក្នុងពេលបាយថ្ងៃត្រង់ជាមួយជនពិការជិត៣០នាក់ ខ្ញុំទទួលព័ត៌មានពីរឿងដ៍ល្បីនេះ ម៉ោង ៥ ល្ងាចក្រោយកម្មវិធីរបស់ខ្ញុំនៅក្រសួងព៍តមានចប់ ខ្ញុំបានតេទៅសមត្ថិកិច្ចប្រាប់ពីករណីកូនប្រុសខ្ញុំ និងសូមឲ្យចាត់វិធានការណ៍តាមផ្លូវច្បាប់ ទាំងមិនបានដឹងរឿងច្បាស់ និងបានព្យាយាមតេទៅក្រុមនារីរងគ្រោះ តែពួកនាងនិយាយបិតៗ និងមិនឲ្យពួកខ្ញុំទៅជួប។
យើងខ្ញុំ ៩នាក់ ៣ឡាន បានទៅដល់ពេទ្យ ដើររកគ្រប់អាគារ ទាល់តែបានជួបជនរងគ្រោះដែលគ្រាប់ផ្លាតត្រូវ(មិនមែនជនសង្ស័យបាញ់ទេ)។
ពេលសួរបញ្ជាក់ ប្អូននាង និងសង្សានាងសុទ្ធតែបាននិយាយថា មិនពាក់ព័ន្ធរឿងស្នេហាអីនឹងកូនប្រុសខ្ញុំទេ ឯបុរសពាក់ក្រវិលត្រូវជា សង្សារនារីរងគ្រោះក៍និយាយថាមិនប្រច័ណ្ឌដែរ (បណ្តឹងពួកគេនិងចម្លើយជនសង្ស័យនៅសមត្ថិកិច្ចដូចគ្នា )។
ពាក់ព័ន្ធនឹងក្លឹប សន្តិសុខមិនត្រូវឲ្យជនសង្ស័យជាភ្ញៀវយកអាវុធចូលទេ ហេតុនេះម្ចាស់ក្លឹបត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សន្តិសុខធូររលុងឲ្យភ្ញៀវវ៉ៃគ្នារហូតឈានដល់ផ្ទុះអាវុធ ហើយពុំមានចាប់ជនបង្ករបានទៀត។
ភាគីម្ខាងទៀតនិងជនដែលសារព័ត៌មានខ្លះចុះថាមានកាន់កាំភ្លើង២នាក់សមត្ថិកិច្ចត្រូវកោះហៅនិងតាមចាប់ឲ្យបានយកមកអប់រំនិងណែនាំ។
អ្នកសារព័ត៌មានខ្លះគួរនាំគ្នាជួយលុបបំបាត់រាល់បញ្ហាអវិជ្ជមានក្នុងសង្គមប្រកបដោយក្រមសិលធម៌វិជ្ជាជីវៈ កុំសរសេរដោយចម្លង នៅពេលមិនបានចុះយកបានព័ត៌មានពិត កុំដើម្បីប្រាក់ កុំដើម្បីចង់ល្បី កុំយកហេតុការណ៍ និងកិត្តិយសរបស់គេមកធ្វើអាជីវកម្ម វាធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ស្ថាប័នគេ ប៉ះដល់មនុស្សដែល មិនមែនជាជនសង្ស័យ កាឡៃរឿងហេតុទៅជារឿងប្រច័ណ្ឌស្រីស្នេហ៍ជាដើម។ល។
ខ្ញុំសូមផ្ញើសារទៅបងប្អូនញាតិមិត្តៈ
រូបខ្ញំបានបំពេញកាតព្វកិច្ចជាម្តាយល្អ ជាពលរដ្ឋល្អហើយ ប្រៀនប្រដៅកូនតាំងពីតូចរហូតដល់ចាស់ និយាយដល់កូនធុញ បើកបរប្រយ័ត្ន កុំដើរយប់ជ្រៅ កុំផឹកឲ្យស្រវឹងជ្រុលកុំប្រើហឹង្សា កុំលួចប្លន់ កុំបំពានទ្រព្យគេ។ល។ មិនដែលកាន់ជើងកូនទេ ហើយប្រាប់ថាបើខុសដាក់ថែម នេះជាគោលការណ៍របស់យើងខ្ញុំ។
កុំសើចយំខ្ញុំ កុំចំអកឡកឡឺយ គ្រប់គ្នាបានបង្កើតកូនមកចេញតែរូបរៀងវាទេ មិនអាចបង្កើតចិត្តឡើយ ហើយគ្មានឪពុកម្តាយណាចង់ឲ្យកូនអាក្រក់ និងសាងកំហុសទេ
ប៉ុន្តែបើខុសគឺ ត្រូវទៅទទួលកំហុស ។
យប់ថ្ងៃ២៨ ខ្ញុំប្រាប់កូនទាំងទឹកភ្នែកថា ដេកពីព្រលប់ ព្រឹកឡើងមុជទឹក ស្លៀកពាក់ឲ្យស្អាត ស៊ីបាយ ហើយចេញទៅជួបសមត្ថិកិច្ចអាវុធហត្ថក្រុងដើម្បីផ្តល់ចម្លើយនូវហេតុការណ៍ខាងលើ។
សរុបលទ្ធផលគាត់ត្រូវមានទោសដូច លោកអ្នកឃើញស្រាប់។ ប៉ុន្តែមិនមែនករណីស្រីស្នេហ៍ ប្រចែប្រច័ណ្ឌ ទៅលួចប្លន់ ស្អីទេ គឺដោយទំនាស់ពាក្យសំដី ។
ខ្ញុំពិតជាមានការសោកស្តាយបំផុត ដែលកូនប្រុសខ្ញុំឆេវឆាវពេក បង្កបញ្ហាប៉ះពាល់ដល់អ្នកដទៃនិងសោកស្តាយចំពោះក្មួយប្រុសដែលពាក់ក្រវិលសង្សានារីរងគ្រោះចំពោះអាកប្បកិរិយា សិលធ៍ម ដែលនាំឲ្យមានហេតុ ពេលដែលយើងខ្ញុំទៅជួបប្រាប់ថាសូម្បីឪពុកម្តាយក៍គាត់លាក់មិនឲ្យដឹង។ ប៉ុន្តែខ្ញុំមោទនភាពចំពោះភាពក្លាហានរបស់កូនដោយហ៊ានទទួលកំហុសខុសឆ្គង និងមិនដើរលួចប្លន់បំពានទ្រព្យសម្បត្តិអ្នកដទៃ។
សូមបងប្អូនមេត្តាយកពេលវេលាខ្លះតាមដានកូនចៅកុំឲ្យដូចខ្ញុំ រវល់ការងារច្រើនពេកចោលកូនចៅ។ ការដើរយប់គ្រោះថ្នាក់ណាស់ បើយើងមិនប៉ះគេ ក៍អាចគេប៉ះយើង ហើយពួកគាត់សំងំធ្វើអ្វីក្នុងកន្លែងងងឹតក៏យើងម៉ែឪមិនដឹង ម្ចាស់ក្លឹបកំសាន្តខ្លះគេចាំតែយកលុយចំណេញទេ គេមិនរវល់និងសុខភាព សុវត្ថិភាពរបស់ភ្ញៀវ របស់កូនចៅយើងឡើយ ដូចករណីរឿងនៅក្លឹបលុចសារីនេះជាដើម។
ហើយបើកូនចៅមានរឿង ត្រូវហ៊ានកាត់ចិត្តជម្រុញនិងនាំវាមកឲ្យសមត្ថិកិច្ច ឲ្យគេអប់រំ ដើម្បីឲ្យវារាង ថ្ងៃក្រោយមិនបង្កររឿងហេតុទៀត។
ចុងក្រោយ សូមតាមដានព័ត៌មាន ទូរទស្សន៍ធំៗដូចកោះសន្តិភាព ហ្វេ្រសញូ ហង្សមាស។ល។ ដែលផ្សាយពិត ប្រកបដោយក្រមសីលធ៍មវិជ្ជាជីវៈ សរសេរផ្សាយត្រឹមត្រូវ។ ព៍តមានខ្លះដាក់ចំណងជើងឲ្យសាហាវ ។ល។ ដើម្បីទាក់ទាញអ្នកចូលមើល ហើយលោកអ្នកមើលឃើញរូបមិនដឹងរឿងពិតផងក៍ចូលទៅជេរបញ្ចោឌឺដងយ៉ាងអសិលធម៌។
សូមអរគុណដល់លោកជំទាវ សូលីដា លោកជំទាវ ម៉ារី កញ្ញា ហ្សូរីដា ហ្សូរីម៉ា វ៉ាន់វល័ក្ខ រានូ ចាបតូ ព្រមទាំងកូនក្មួយពិការជាង៣០នាក់ ដែលចូលរួមក្នុងការដឹងឮរឿងហេតុខាងលើជាមួយខ្ញុំជាម្តាយ អរគុណដល់បងប្អូនញាតិមិត្តកូនក្មួយពិការជិត២០០នាក់ ដែលស្រឡាញ់រាប់អាន តេ ឆាត បារម្ភពីខ្ញុំរហូត។
សូមអរគុណដល់សារព័ត៌មានវិជ្ជាជីវៈសរសេរមានក្រមសីលធ៍ម ផ្សាយព៍តមានពិត មិនបំពុលសង្គម និងមិនកុហកអ្នកអាន។
សូមគោរពជូនពរបងប្អូន មានសុខភាពល្អ នឹងក្រុមគ្រួសារចៀសឲ្យផុតពីបញ្ហាអវិជ្ជមានទាំងឡាយ !!៕