ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ៦នាក់ យកវត្ថុរឹងវាយបែកក្បាលស្លាប់

201


កណ្ដាលៈ នគរបាលការិយាល័យបច្ចេកទេសខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ធ្វើការពិនិត្យសាកសពយុវជនម្នាក់ ដែលត្រូវជនសង្ស័យ៦នាក់ ពុំស្គាល់អត្តសញ្ញាណជិះម៉ូតូ២គ្រឿង ដេញតាមនិងយកវត្ថុរឹងមកវាយក្បាលជនរងគ្រោះ ខណៈដែលជនរងគ្រោះ ជិះម៉ូតូត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្កិក្នុងភូមិវិញ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ថេត ដារ៉ា ហៅ រ៉េច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបើករថយន្ត មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់
កណ្តាល ខេត្តកណ្តាល (របួសក្បាលចេញខួរ) និងម្នាក់ទៀតឈ្មោះ សារ៉េត ជូឡេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសរលាត់ស្បែកលើដងខ្លួន)។ ចំណែកជនសង្ស័យមានគ្នា៦នាក់ ពុំស្គាល់អត្តសញ្ញាណ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ម៉ោង២២ ជនរងគ្រោះបាននាំគ្នាជិះម៉ូតូទៅផឹកស៊ីជាមួយមិត្តភក្តិនៅភូមិក្នុង ឃុំព្រែកតាមាក់ ។ លុះផឹកស៊ីរួច វេលាម៉ោង១រំលងអធ្រាត ចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះទាំង២នាក់បានជិះម៉ូតូឌុបគ្នាត្រឡប់មកផ្ទះវិញ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ចំណុចស្ពានព្រែកតាមាក់ ស្រាប់តែមានជនសង្ស័យមិនស្គាល់មុខ៦នាក់ ជិះម៉ូតូ២គ្រឿង ដេញតាមជនរងគ្រោះ រួចយកវត្ថុរឹងមកវាយជនរងគ្រោះត្រូវចំក្បាល បណ្តាលឲ្យបែកចេញខួរ ចំណែកឯម្នាក់ទៀតបានដួលរងរបួសរលាត់ស្បែកលើដងខ្លួនយ៉ាងដំណំ បន្ទាប់មកក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ តែដោយស្ថានភាពធ្ងន់ អស់ផ្លូវលទ្ធភាពក្នុងការសង្រ្គោះ ខាងមន្ទីរពេទ្យ បានប្រគល់ជនរងគ្រោះឲ្យក្រុមគ្រួសារត្រឡប់មកផ្ទះវិញ រហូតមកដល់ម៉ោង ១១:០០នាទី ថ្ងៃដដែល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់។
ប្រភពដដែលបន្តទៀតថា ក្រោយពីកម្លាំងជំនាញខេត្តទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះ កម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត បានធ្វើការពិនិត្យសពជនរងគ្រោះ ឃើញថា៖ ជនរងគ្រោះមានស្នាមរបួសផុងលលាដ៍លើថ្ងាសផ្នែកខាងស្តាំប្រវែង២៤សង់ទីម៉ែត្រx៥សង់ទីម៉ែត្រ ,ផុងលលាដ៍ក្បាលចេញខួរ ប៉ះទង្គិចនឹងវត្ថុរឹង, ស្នាមរបួសលើថ្ពាល់ខាងស្តាំប្រវែង ២,៥សង់ទីមែត្រ x០,៧សង់ទីម៉ែត្រ ជម្រៅដល់ឆ្អឹង ,ក្រៅពីនេះមានស្នាមរបួសកកិតដោយការដួល: ស្មាខាងស្តាំ ០១កន្លែង, ម្រាមជើងខាងស្តាំ ០១កន្លែង ជង្គង់ទាំងសងខាង ,ម្រាមមេជើងផ្នែកខាងស្តាំ ០១កន្លែង។
ចំពោះករណីខាងលើនេះ កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញស្រុក កំពុងកសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវ រកមុខសញ្ញា ក្រុមជនសង្ស័យខាងលើ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង