ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកវិល្លាម ពន្យល់ឆ្លើយតបនឹងពលរដ្ឋ ដែលទាមទារ បង្កើតច្បាប់ប្រហារជីវិត

61


ក្រោយពីសមត្ថកិច្ច ចាប់បានជនសង្ស័យករណីឃាតកម្ម រំលោភសំលាប់ក្មេង២នាក់បងប្អូន នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចមកមហាជនសម្ដែងការសប្បាយចិត្ត ហើយជាមួយគ្នានេះដែរ មហាជនក៏ទាមទារឲ្យមាន ការកាត់ទោសប្រហារជីវិតផងដែរ ចំពោះករណីរំលោភសម្លាប់នេះ។

ក្រោយពីផ្ទុះរឿងនេះកើតឡើង លោក វិល្លាម ប្រមុខបក្សខ្មែរក្រោក បានលើកឡើង ដោយពន្យល់ ក៏ដូចជាការឆ្លើយតបនឹងមហាជន ក្នុងការទាមទារបង្កើតច្បាប់ប្រហារជីវិតនេះ។ ក្នុងនោះឯកឧត្តមបាន លើកឡើងតាមរយៈ គណនីហ្វេសប៊ុកលោកផ្ទាល់ នៅយប់ថ្ងៃទី ០២ មិថុនា ឆ្នាំ ២០១៩នេះថា៖

បច្ចុប្បន្នករណីរំលោភសេពសន្ថវៈ ករណីរំលោភឈានដល់ឃាតកម្ម ដែលគេហៅថារំលោភសម្លាប់ កំពុងត្រូវបានមហាជន និងបងប្អូនពលរដ្ឋស្អប់ខ្ពេីមយ៉ាងខ្លាំង ខ្ញុំផ្ទាល់ក៏មហាសែនស្អប់ខ្ពេីម ដូចបងប្អូនពលរដ្ឋទាំងអស់ដូចគ្នា ជាពិសេសកំហឹងនៃការ ខឹងហាក់បីដូចជាបង្ហាញ ពីអារម្មណ៍ចូលរួមរំលែក នៃសោកនាដកម្មជាមួយគ្រួសារជនរងគ្រោះ និងជនរងគ្រោះដូចគ្នា ។

ជាក់ស្ដែងដោយសារកំហឹងនេះបងប្អូនពលរដ្ឋរបស់យេីង តែងតែទាមទាអោយមានច្បាប់ប្រហារជីវិត ក្នុងលក្ខខណ្ឌនេះ ប្រសិនជាខ្ញុំយកបេះដូង អារម្មណ៍មកនិយាយច្បាស់ណាស់ខ្ញុំប្រាកដជាគាំទ្រ ! តែប្រសិនជាខ្ញុំយកការពិចារណា បូករួមបទពិសោធន៍ហេីយ ឈរលេីមូលដ្ឋានច្បាប់មកនិយាយ គឺខ្ញុំមិនគាំទ្រទេ ចំពោះការបង្កេីតទោសប្រហារជីវិត ព្រោះថាកម្ពុជាជាប្រទេស ប្រកាន់លទ្ធិប្រជាធិបតេយ្យ ការប្រហារជីវិតវាផ្ទុយ នឹងគោលការណ៍មេត្តាធម៌របស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហេីយការបង្កេីតទោសប្រហារជីវិត គឺប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញដែលជា ច្បាប់កំពូលរបស់ជាតិផងដែរ អ្វីកាន់តែពិសេសបេីមាន ការបង្កេីតច្បាប់នោះមែន យេីងបារម្ភបំផុត គឺការសម្លាប់មនុស្សច្រឡំដោយការកាត់ក្ដី ដែលជាក់ស្ដែងកន្លងមក បងប្អូនសុទ្ធតែបានដឹង ពីស្តង់ដានៃការអនុវត្តន៍ច្បាប់ របស់របស់មន្ត្រីយេីងស្រាប់ទៅហេីយ ជាពិសេសគឺ ភាពយុត្តិធម៌ក្នុងប្រព័ន្ធតុលាការ យេីងមិនអាចធានាបានថា តេីវានឹងសុក្រឹត្យមិន សម្លាប់មនុស្សច្រឡំដែរឬទេ?

ហេីយយេីងបារម្ភបំផុតគឺការប្រេីច្បាប់នេះ ដេីម្បីលាបពណ៌ដៃគូបក្សដិបក្សណាមួយ ដេីម្បីទំលាក់កំហុសឈាន ដល់សម្លាប់ជីវិតគេ ព្រោះជីវិតបេីស្លាប់ហេីយ ពុំអាចវិលវិញនោះឡេីយ ។

ត្រឹមករណីមន្ត្រីស័ក្តិ៣ យក IPad . ករណីមន្ត្រីប៉ូលិសជិះឡាន ដេញបាញ់គេ និងករណីរាប់រយទៀតដែលបងប្អូនធ្លាប់ បានរិះគន់ យេីងទទួលអារម្មណ៍ថាការអនុវត្តន៍ច្បាប់ របស់មន្ត្រីថ្នាក់ក្រោមជាតិ មានលក្ខណៈមិនសុក្រឹត្យមិន អាចទទួលយកបានទៅហេីយ ចុះទម្រាំការអនុវត្តន៍ ច្បាប់រហូតពាក់ព័ន្ធនឹងវាសនា អាយុជីវិតមនុស្សតេី អាចជឿជាក់បាន១០០ភាគរយទេ ។

យ៉ាងណាមិញកម្ពុជាយេីងមានច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា ២៣៩ បទរំលោភសេពសន្ថវៈដេីម្បីដាក់ទោស , ប្រសិនជាករណីរំលោភ សម្លាប់ទៀត គឺជនប្រព្រឹត្តនឹងប្រឈមបទ ឃាតកម្ម ឬ បទឃាតកម្មគិតទុកជាមុន ប្រសិនជនល្មេីសប៉ងរំលោភ ហេីយសម្លាប់ចោល សម្រាប់ដាក់ទោសពីលេី ។

ហេីយខ្ញុំបាទក្នុងនាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រៀមនឹងរកមូលដ្ឋាន ក្នុងការផ្ដល់យោបល់ ជូនរដ្ឋាភិបាលពិនិត្យបន្ថែម ចំពោះការបន្ថែមទំងន់ ទោសលេីបទ រំលោភសេពសន្ថវៈនេះ ដេីម្បីដាក់ទោសអោយធ្ងន់បន្ថែមទៀត៕

សូមជម្រាបជូនថា ជនដៃដល់ដែលសម្លាប់ក្មេង២នាក់បងប្អូន ត្រូវបានបញ្ជូនចេញ ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង