ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមិទ្ធផលនានា ស្ថិតនៅវត្ដសាលាអណ្ដែតត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ បម្រើឲ្យវិស័យព្រះពុទ្ធសាសនា ក្រោយប្រទេសមានសុខសន្តិភាព និងការខិតខំរបស់រាជរដ្ឋាភិបាល

200

កណ្ដាល៖ លោកអគ្គនាយកក្រុមហ៊ុនអេងឌី ប៉ូ អភិវឌ្ឍន៍ បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជាសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនជូនជាតិ និងប្រជាជន ជាពិសេសការរក្សានូវសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សធ្វើឲ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត និងមានជីវភាពកាន់តែធូធារ ។

នេះជាការលើកឡើងរបស់លោក លី សាម៉េត អគ្គនាយកក្រុមហ៊ុនអេងឌី ប៉ូ អភិវឌ្ឍន៍ នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តសាលាអណ្តែត ស្ថិតនៅឃុំក្រាំយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ១៥រោចខែពិសាខឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃ០២ ខែមិថុនា ឆ្នាំ២០១៩ ។
លោកបានបញ្ជាក់ថា៖ អ្វីៗដែលមានការវិវឌ្ឍន៍រីកចម្រើន ជាមួយក្ដីមោទនភាពរបស់សង្គមជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដែលកំពុងកើតមាននៅពេលនេះ មិនមែនកើតឡើងដោយចៃដន និងដោយឯកឯងនោះទេ គឺបានកើតពីការក្រាញននៀល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈបុរសដ៏ឆ្នើម បានពុះពារឆ្លងកាត់ឧបសគ្គ ក្នុងការស្វែងរកសន្តិភាព រក្សាស្ថិរភាព និងការអភិវឌ្ឍ ជូនជាតិមាតុភូមិ ។
លោកបានបន្តថា៖ ក្រោយពីកម្ពុជាទទួលបាននូវសន្តិភាពពេញលេញមក ការអភិវឌ្ឍ ប្រទេសកំពុងឈានទៅរកការរីកចម្រើនឥតឈប់ឈរ និងបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ជាពិសេសបានជម្រុញការអភិវឌ្ឍ នៅតាមមូលដ្ឋានដូចជា ផ្លូវ ស្ពាន ផ្សារវត្តអារាម និងសាលារៀន រួមជាមួយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីបង្កលក្ខណៈងាយដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដើម្បីជួយអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យកាន់តែសំបូរបែប ។ ជាក់ស្តែងនៅក្នុងឃុំក្រាំងយ៉ូវនេះជាដើម ពីមុនហាក់ដូចជាឃុំនៅឆ្ងាយពីទីក្រុង គ្មានផ្លូវល្អ គ្មានស្ពាន គ្មានវត្តអារាម និងគ្មានសាលារៀន បច្ចុប្បន្នឃុំមួយនេះ បានរីកចម្រើនយ៉ាងខ្លាំង និងមានបរិស្ថានល្អ គួរជាទីមោនៈ ក្នុងការរស់នៅរបស់ប្រជាជនគ្រប់ៗគ្នា ។
ប្រជាពលរដ្ឋនៅក្នុងឃុំក្រាំងយ៉ូវ បានលើកឡើងថា៖ ក្រោយថ្ងៃរំដោះ៧មករា មក ក្រាំងយ៉ាងប្រៀបដូចជាតំបន់ដូចនៅឆ្ងាយដាច់ស្រយ៉ាល ក្រោយពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មកដល់បច្ចុប្បន្នក្រាំងយ៉ូវ ទទួលបានការអភិវឌ្ឍឥតឈប់ឈរ ដែលប្រជាពលរដ្ឋចាត់ទុកជាប្រយោជន៍យ៉ាងសំខាន់ ជាពិសេសការប្រែក្លាយជីវភាពកាន់ធូរធារ ពោលគឺបានបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់ការរស់នៅរបស់ប្រជាជននៅមូលដ្ឋាននោះ ។

សូមបញ្ជាក់ថា៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធនានា នៅវត្ដសាលាអណ្ដែត មានផ្លូវបេតុង របង សាលាឆ័ន្ទ កុដិ និងសមិទ្ធិផលនានា ជាច្រើនទៀត នៅឃុំក្រាំងយូវ នោះ លោក លី សាម៉េត បាននាំអំ ណោយជាថវិកា ជូនប្រជាពលរដ្ឋជិត៨០០គ្រួសារ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ២ម៉ឺនរៀល បានផ្តល់ថវិកា ជូនកងកំលាំងចំនួន២៦នាក់ក្នុងម្នាក់ ៗ ចំនួន៥ម៉ឺនរៀល និងបានប្រគេនបច្ច័យជិត ២ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមកសាងសមិទ្ធនានា នៅក្នុងវត្តសាលាអណ្តែតនេះបន្ថែមផងដែរ ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង