ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ហ៊ុន សែន បបួលទណ្ឌិត សមរង្ស៊ី ស្បថដាក់មួយពូជ ដែលចោទថា សម្តេច ជាអ្នកសម្លាប់លោក ហុក ឡង់ឌី

76

ភ្នំពេញ៖ បន្ទាប់ពីមានការចោទប្រកាន់ របស់ទណ្ឌិតសមរង្ស៊ី ដែលកំពុងរត់គេចខ្លួន នៅក្រៅប្រទេស ករណីចោទប្រកាន់សម្ដេចតេជោ ថាជាអ្នកសម្លាប់ លោកនាយឧត្តមសេនីយ៍ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិនោះ ត្រូវបានសម្តេច​តេ​ជោ ហ៊ុន សែន បាន​ច្រានចោល នូវការលើកឡើងរបស់ទណ្ឌិត សមរង្ស៊ី ថា សម្តេច ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី ដែលជា​ដន្លង​ នឹងសម្តេច។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ប្រមាណ ៣,១៦១ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩
​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ទណ្ឌិត សម រង្ស៊ី បាន​លើកឡើងថា សម្តេច​ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី ហើយ​នៅពេលនេះ កូនប្រុស​របស់លោក ហុក ឡង់ឌី ដែលជា​កូនប្រសារ​របស់​សម្តេច កំពុង​សហការ​ជាមួយ​សម្តេច​សខេង ដើម្បី​សងសឹក​នឹង​សម្តេច​វិញ​។
​ក៏ប៉ុន្តែ​ការលើកឡើង​របស់​ទណ្ឌិត​សមរង្ស៊ី​ដូច្នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ច្រានចោល​ ចំពោះការលើកឡើង ដែល​គ្មាន​ការពិត​នេះ​។ សម្តេច​ប្រកាស​បបួល ទណ្ឌិតសមរង្ស៊ី ស្បថ​ដាក់​ជីវិត​មួយ​ពូជ ហើយ​បើ​ទណ្ឌិត សមរង្ស៊ី មិន​ហ៊ាន​ស្បថ​ទេ ក៏ត្រូវ​បញ្ចេញ​ភស្តុតាង​ តាមហ្វេសប៊ុក នូវការលើកឡើង របស់ខ្លួននោះមក។

កើត​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​១៩៥៧ នៅ​ខេត្តស្វាយរៀង លោកនាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ មាន​ភរិយា​ឈ្មោះ ម៉ែន ភក្ដី មានកូន​ចំនួន ៥​នាក់ ( ប្រុស​បី ស្រី​ពីរ​)​។ កូនស្រី​ម្នាក់ និង​កូនប្រុស​ម្នាក់ របស់លោក ហុក ឡង់ឌី គឺជា​កូនប្រសារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ នោះ​គឺ​លោក ឌី វិជ្ជា ជា​ស្វាមី​របស់លោក​ស្រី ហ៊ុន ម៉ា​ណា និង​លោកស្រី ឌី សុ​ខី​ទីឃាយុ​កោ ជា​ភរិយា​របស់លោក ហ៊ុន ម៉ានិត​។​

អតីតអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ លោកនាយឧត្ដមសេនីយ៍ ហុក ឡងឌី បានទទួលមរណភាព នៅយប់ ថ្ងៃអាទិត្យ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០០៨ ក្នុងជន្មាយុ៥១ឆ្នាំ ដោយសារឧប្បត្តិហេតុធ្លាក់ ឧទ្ធម្ភាគចក្រនៅឯខេត្តស្វាយរៀង។ សពលោក ហុក ឡងឌី ត្រូវដង្ហែចេញពីគេហដ្ឋាននារាជធានីភ្នំពេញ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០០៨ ហើយត្រូវបញ្ចុះនៅវេលាម៉ោង៣រសៀល ថ្ងៃដដែល នៅភូមិបាវិត ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

បើតាម facebook របស់ទណ្ឌិតសមរង្ស៊ី ដែលសរសេរ កាលពីថ្ងៃទី២ មិថុនា ២០១៩ បានលើកឡើងថា ” ហ៊ុន សែន ជាអ្នកសម្លាប់ ហុក ឡង់ឌី តាមរយៈការដាក់គ្រាប់បែកឲ្យផ្ទុះ ក្នុងឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែលកំពុងតែហោះហើរ លើខេត្តស្វាយរៀង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨។ ហ៊ុន សែន បានសម្រេចចិត្តសម្លាប់ ហុក ឡង់ឌី ដោយសារតែ ហុក ឡង់ឌី ដឹងរឿងអាក្រក់របស់ ហ៊ុន សែន ច្រើនពេក”៕

អត្ថបទដែលជាប់ទាក់ទង