ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រារព្ធជាខួបគម្រប់៧០ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម

91

ភ្នំពេញ៖ សហគមន៍ខ្មែរកម្ពុជាក្រោម អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម័្ពន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ បានរៀបចំកម្មវិធី គម្រប់ខួប ៧០ ឆ្នាំ   ថ្ងៃដែល បារាំង បានកាត់ទឹកដី ខ្មែរក្រោម ទៅឱ្យ វៀតណាម គ្រប់គ្រងកាល ៤ មិថុនា ១៩៤៩ / ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នេះជាថ្ងៃ ទិវាដែលខ្មែរក្រោមរងទុក្ខ សោកនាដកម្ម និងជាថ្ងៃដែលខ្មែរក្រោម រស់នៅដោយ ពុំមានសិទ្ធិសេរីភាព ពេញលេញ ជាម្ចាស់នៃប្រទេស កំណើតរបស់ខ្លួន ។

កម្មវិធីនេះ ប្រព្រឹត្តនៅថ្ងៃទី ៤ មិថុនា ២០១៩ នៅ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅទល់ផ្សាឈូកមាស ដែលមានអ្នកចូលរួម ប្រមាណ២០០នាក់ និងមានរាប់បាត្រព្រះសង្ឃចំនួន៧០អង្គផងដែរ ក្រោមព្រះអធិបតីភាពសម្ដេច ស៊ីសុវត្ថិ​ ពង្សនារី​ មុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោកថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម បានថ្លែងថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ បានរៀបចំពិធីបុណ្យដើម្បីរំលឹកដល់ការបាត់បង់ដីកម្ពុជាក្រោម។

អាណានិគម​និយម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​ស្ថិត​ក្រោម​អាណានិគម​វៀតណាម​គ្រប់គ្រង​បន្ត នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​១៩៤៩។ ប្រធាន​ប្រតិបត្តិ​សហគមន៍​ខ្មែរ​ក្រោម លោក ថាច់ សេដ្ឋា លើកឡើង​​ថា ចាប់​ពី​ពេល​នោះ​មក អាជ្ញាធរ​អាណានិគម​វៀតណាម បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បីរំលាយពូជសាសន៍ និង​ព្រះពុទ្ធសាសនា​ខ្មែរ​ យ៉ាងសាហាវឃោរឃៅជាទីបំផុត។ លោក ថាច់ សេដ្ឋា បានបន្តថា ការ​តស៊ូ​ពលី​ជីវិត​នៃ​ប្រជា​ជាតិខ្មែរ ក៏​ចាប់​ផ្ដើម​ឡើង ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណី​ជាតិ​ជាដើម ហើយ​ដើម្បី​សម្ដែង​នូវ​កតញ្ញុតាធម៌ និង​គារវកិច្ច ចំពោះ​វីរបុរស​ស្នេហា​ជាតិ ក្នុង​បុព្វហេតុ​មាតុភូមិ ក្រុម​អង្គការ សហគមន៍​ខ្មែរ​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ តែងតែ​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ដោយ​នាំគ្នា រាប់បាត្រ​ព្រះសង្ឃ  និង​ប្រារព្ធ​ទិវា​កាន់ទុក្ខ​ជាតិខ្មែរ រាល់​ថ្ងៃ​ទី​៤ មិថុនា៕

អត្ថបទដែលជាប់ទាក់ទង