ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខា៖ការប្រកួតនេះធ្វើឡើងគោលបំណង ជ្រើសរើសអត្តពលិកវ័យក្មេងឆ្ពោះទៅការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ លើកទី៣២

123


ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធសិស្ស-និស្សិតកម្ពុជានារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ អញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេស និងសន្និសីទសារព័ត៌មានស្តីពីបើកព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) លើកទី១ឆ្នាំនេះនាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោកស សុខាបានមានប្រសាសាសន៍ថា ការប្រកួតនេះក្នុងគោលបំណងអនុវត្តនយោបាយកំណែទ ម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡាលើរចនាសម្ព័ន្ធប្រកួតដើម្បីត្រៀមឆ្ពោះទៅការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ លើកទី៣២ ឲ្យស្របទៅនឹងរចនាសម្ព័ន្ធការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ដូចជា ការប្រកួតកីឡាសិស្សអាស៊ាន កីឡាសាកលវិទ្យាល័យអាស៊ាន និងកីឡាសាកលវិទ្យាល័យពិភពលោក ជាដើម។
លោករដ្ឋលេខាធិការបានបន្តថា យើងមានដំណាក់កាលនៃការបណ្តុះបណ្តាលមន្ត្រីរដ្ឋបាល មន្ត្រីបច្ចេ កទេស ព្រមទាំងជ្រើសរើសកីឡាករ-កីឡាការិនីដែលល្អៗជាថ្នាលត្រៀមបម្រុងសម្រាប់ SEA GAMES ដោយបំផុសសកម្មភាពអប់រំកាយ និងកីឡាកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានីខេត្ត ព្រមទំាងជួយឲ្យសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាមវិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។
លោកបន្ថែមទៀតថា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា។ បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម ផ្តល់ឱកាសដល់អ្នកលេងកីឡាបានស្គាល់តំបន់ផ្សេងៗក៏ដូចជារមនីយដ្ឋានទេសចរណ៏នានា ដើម្បីបណ្តុះគំនិតឲ្យចេះស្រឡាញ់ ចេះថែរក្សាសម្បត្តិវប្បធម៌ជាតិ និងបណ្តុះគំនិតស្នេហាជាតិ។
ក្រសួងអប់រំបានសម្រេចដក់១១ ប្រភេទកីឡារួមមាន៖ កីឡាបាល់ទាត់កីឡាបាល់ទះ កីឡាបាល់បោះកីឡា អត្តពលកម្មកីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាតេក្វាន់ដូWT និងកីឡាតេក្វាន់ដូITF។ ការប្រកួតនឹងធ្វើឡើង នាថ្ងៃទី១០ ដល់១៩ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ហើយការប្រកួតឆ្នាំនេះមាន២៥រាជធានីខេត្តក្រុងចូលរួម៕

អត្ថបទដែលជាប់ទាក់ទង