វិស័យធនាគារ ទេសចរណ៍ និងកសិកម្មគឺជាវិស័យអាទិភាព រវាងកម្ពុជា និងម៉ាឡេស៊ី
ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ តំណាងឲ្យវិស័យឯកជនក្នុងស្រុកម្នាក់ បបានបញ្ជាក់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៏៤កើត ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី០៦ មិថុនា ឆ្នាំ២០១៩ ថា ៖ ចាប់ពីពេលនេះ និងថ្ងៃអនាគត ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងម៉ាឡេស៊ី នឹងកាន់តែល្អប្រសើរបន្ថែមទៀត ដោយផ្អែកលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យធនាគារ ទេសចរណ៍ និងវិ ស័យកសិកម្ម។
លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងតំណាងឲ្យវិស័យឯកជន បានបញ្ជាក់ថា៖ មកដល់ពេលនេះ វិនិយោគិន ក៏ដូចជាអ្នកវិនិយោគរបស់ម៉ាឡេស៊ី គឺចាប់អារម្មណ៍ច្រើនលើវិស័យទាំងនេះ ហើយក្រុមហ៊ុនផ្សេងៗក៏ដូចគ្នាដែរ ដែលមកវិនិយោគជាបន្តបន្ទាប់នៅកម្ពុជា។ នេះនេះគឹជាការបញ្ជាក់ឲ្យ ដឹងពីលោកលូ ម៉េង ក្នុងឱកាសអញ្ជើញចូលរួមពិធីស្រាយបួសនៅស្ថានទូតម៉ាឡេស៊ី នៅរាត្រីថ្ងៃទី០៥ មិថុនា ឆ្នាំ២០១៩ផងដែរ។
លោក អែលឌីន ហួសៃនី ប៊ីនម៉ូត ហាស៊ីម (Eldeen Hasaaini Binh Mohd Hashim) ឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ីប្រចាំនៅកម្ពុជា បបានលើកឡើងថា៖ ក្នុងអាណត្តិ របស់លោក ជាទូតនៅកម្ពុជា លោកនឹងផ្សព្វផ្សាយពីសក្ដានុពលវិនិយោគម៉ាឡេស៊ីដល់វិនិយោគិនកម្ពុជាវិញ ដើម្បីឲ្យវិនិយោគិនកម្ពុជា អាចដាក់ទុនវិនិយោគនៅ ម៉ាឡេស៊ី ហើយវិស័យដែលវិនិយោគិនខ្មែរអាចដាក់ទុនវិនិយោគនៅម៉ាឡេស៊ីបាននោះ គឺវិស័យកសិកម្មដូចគ្នាដែរ ដែលមានបន្លែនិងផ្លែឈើ ពីព្រោះបន្លែនិងផ្លែឈើដែលដាំដុះនៅទីនោះភាគច្រើនជាបន្លែនិងផ្លែឈើសរីរាង្គ ដូច្នេះវិនិយោគិនខ្មែរអាចវិនិយោគដាំដុះនៅម៉ាឡេស៊ី ហើយនាំមកកម្ពុជាវិញបានដូចគ្នាដែរ។
លោក អូស្មាន ហាស្សាន់ បានរំលឹកថា៖ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៨ គម្រោងវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជា សរុបចំនួន ១៣៧គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន ២,៧ពាន់លានដុល្លារអាមេរិក។ ទន្ទឹមគ្នានេះ ឯកអគ្គរដ្ឋទូតថ្មីរូបនេះ បានប្ដេជ្ញាថានឹងដណ្ដើមចំណាត់ថ្នាក់ជាអ្នកវិនិយោគកំពូលនៅកម្ពុជាឡើងវិញ ខណៈប្រទេសនេះបានជាប់ចំណាត់កំពូលម្ដងរួចមកហើយក្នុងអំឡុងឆ្នាំ២០០៦មកនោះ ៕ ដោយ៖ សារីទ្ធី