ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៩មិថុនា អភិបាលរាជធានីភ្នំពេញគ្រោង ហូបនំបញ្ចុកជាមួយបងប្អូនសមាគមន៍អ្នកធាក់ស៊ីក្លូនិងកម្មករ កម្មការិនីជាង៣០០០នាក់នៅភ្នំពេញ

70

ភ្នំពេញ៖ ៩មិថុនា កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ជាមួយគ្នានេះ តាមការគ្រោងទុកអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នឹងអញ្ជើញ ចូលរួមសំណេះសំណាលនិង ហូបនំបញ្ចុកជាមួយបងប្អូនសមាគមន៍អ្នកធាក់ស៊ីក្លូនិងកម្មករ កម្មការិនីជាង៣០០០នាក់នៅភ្នំពេញសម្រាប់មួយថ្ងៃទី៩មិថុនានេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បើមិនមានការប្រែប្រួលទេ លោកឃួង ស្រេង សម្រាប់ថ្ងៃទី៩មិថុនានេះ វេលាពេលព្រឹកនឹងអញ្ជើញ ចូលរួមសំណេះសំណាលនិង ហូបនំបញ្ចុកជាមួយ មន្ត្រីរាជការរដ្ឋបាលរាជធានីនិងបងប្អូនសមាគមន៍អ្នកធាក់ស៊ីក្លូនៅសាលារាជធានីភ្នំពេញ ហើយបន្តមកទៀតនៅព្រឹកថ្ងៃដដែលលោកអភិបាលនឹងបន្តទៅជួបសំណេះសំណាល និងហូបនំបញ្ចុកជាមួយកម្មករ កម្មការិនីជាង៣០០០នាក់នៅក្នុងបរិវេណវត្តជម្ពូរវ័ន្ត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

គួរបញ្ជាក់ថា ក្នុងឱកាសថ្លែងសុន្ទរកទៅកាន់និស្សិតជ័យលាភី នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្រ កាលពីថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ។ ចំណែកខាងបងប្អូនខ្មែរឥស្លាម និងខាងវិហារគ្រឹស្ទសាសនាវិញ ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ ការហូបនំបញ្ចុក នៅថ្ងៃទី៩ មិថុនា ខាងមុខនេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ។ សូមកុំលាបពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុប គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង។ សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា កុំរង់ចាំដល់ថ្ងៃទី០៩ មិថុនា បើឃ្លានថ្ងៃនេះគឺសូមហូបថ្ងៃនេះតែម្តងទៅ ហើយថ្ងៃ០៩ មិថុនា យើងហូបជុំគ្នាម្ដងទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណទុកជាមុនដល់ម្ចាស់ផ្ទះជួលកម្មករ និងរោងចក្រសហគ្រាសនានា ដែលនឹងរៀបចំនំបញ្ចុកសម្រាប់ បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេលអោយបានសប្បាយនៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ការញាំនំបញ្ចុកជុំគ្នានៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ គឺមិនមែនជាជំហានឆ្ពោះទៅរកការចរចារ នយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាន នំបញ្ចុករួមគ្នាដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះ ដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា៕

 

អត្ថបទដែលជាប់ទាក់ទង