ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាង គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត

91


ភ្នំពេញ៖ បើតាមលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាង គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត”។

លោកផៃ ស៊ីផាន បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តចាប់ផ្តើមពិភាក្សាលើ “សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត”
ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
បញ្ញតិ្តនៃ «ការសិក្សាពេញមួយជីវិត» ឆ្នាំ១៩៧២ ជាបញ្ញតិ្តគោលមួយដែលបានដាក់បញ្ចូលទៅក្នុងគោលនយោបាយអប់រំរបស់ប្រទេសជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍ ។ តាមរយៈបញ្ញត្តិនៃការសិក្សាពេញជីវិតនេះ បានលេចឡើងនូវបញ្ហាប្រឈមមួយចំនួនដូចជាសិទ្ធិទទួលបានការអប់រំ ការចុះឈ្មោះចូលរៀន និងគុណភាពអប់រំ ដែលមិនទាន់ឆ្លើយតបនឹងការវិវត្តរបស់ពិភពលោក (ការអប់រំសម្រាប់ទាំងអស់គ្នា ឆ្នាំ១៩៩០ នៅជមទៀន ប្រទេសថៃ) ។ គោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នា ត្រូវបានពិនិត្យឡើងវិញក្នុងឆ្នាំ២០០០ នៅដាកាប្រទេសសេណេហ្កាល់ ស្របពេលដែលប្រទេសជឿនលឿនបានផ្តោតលើការអប់រំជនពេញវ័យអំពីជំនាញវិជ្ជាជីវៈ ដើម្បីលើកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ។
ក្នុងសតវត្សទី២១នេះ ការសិក្សាពេញមួយជីវិតបានកា្លយជាប្រធានបទដ៏សំខាន់សម្រាប់ការអប់រំ ហើយក៏ជាឧបករណ៍ដែលមានប្រយោជន៍សម្រាប់ទទួលបានសិទ្ធិសេរីភាព ភាពសប្បាយរីករាយ និងឆ្លើយតបទៅនឹងបម្រែបម្រួលនៃតម្រូវការទីផ្សារការងារ ពិសេស ភាពចាំបាច់នៃការសិក្សារបស់ពលរដ្ឋគ្រប់រូបនៅគ្រប់កាលៈទេសៈផងដែរ ។ការសិក្សាពេញមួយជីវិតបានក្លាយជាសមាសភាគសំខាន់ក្នុងគោលដៅទី៤ នៃក្របខណ្ឌគោលនៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ នៅអ៊ីនឈន់ សាធារណរដ្ឋកូរ៉េ ពោលគឺ «ធានាឲ្យការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា » ។
នៅពេលបច្ចុប្បន្ននេះ ប្រព័ន្ធអប់រំកម្ពុជាមានការរីកចម្រើនខាងបរិមាណគូរជាទីមោទនៈជាពិសេស នៅកម្រិតបឋមសិក្សា ។ ទោះបីជាយ៉ាងនេះក្តី បញ្ហាសិស្សបោះបង់ការសិក្សា និងគុណភាពសិក្សានៅតែជាក្តីកង្វល់នៅឡើយ ។ ជាក់ស្តែង អត្រាពិតនៃការសិក្សានៅបឋមសិក្សាមានប្រមាណ៩៧% នៅទសវត្សរ៍ចុងក្រោយនេះ ។ ប៉ុន្តែ សិស្សដែលអាចបញ្ចប់ការសិក្សានៅបឋមសិក្សាមានប្រមាណ៨០% បញ្ចប់មធ្យមសិក្សាបឋមភូមិមានប្រមាណ៤០% និងមធ្យមសិក្សាទុតិយភូមិមានប្រមាណ២០% ។ ការវាយតម្លៃថ្នាក់ជាតិលើមុខវិជ្ជាភាសាខែ្មរនិងគណិតវិទ្យាក៏បានបង្ហាញផងដែរថា សិស្សស្ទើរតែពាក់កណ្តាលដែលបានចូលរួមក្នុងការវាយតម្លៃនៅថ្នាក់ទី៣ ទី៦ ទី៨ មិនទទួលបានចំណេះដឹងដូចការរំពឹងទុកនោះទេ ។
ដោយសារមានការខិតខំពីគ្រប់ភាគីតាមរយៈកម្មវិធីអប់រំក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ អត្រាអក្ខរកម្មជនពេញវ័យអាយុ១៥ឆ្នាំឡើងមាន ៨០,៥% ស្រ្តីមាន៧៥,០% ក្នុងនោះអត្រាអក្ខរកម្មនៅតាមជនបទ មានត្រឹមតែ៧៦,៨% ស្រី៧០,៧% ប៉ុណ្ណោះ(អង្កេតស្តីពីសេដ្ឋកិច្ចសង្គមកម្ពុជា វិទ្យាស្ថានជាតិស្ថិត ក្រសួងផែនការ ២០១៦) ។
គោលនយោបាយអប់រំក្រៅប្រព័ន្ធឆ្នាំ២០០២ បានរួមចំណែកសម្រេចលទ្ធផលខាងលើនេះ តាមរយៈការផ្តល់ការអប់រំគ្រប់រូបភាព ។ វិសាលភាពគោលនយោបាយនេះ នៅមិនទាន់អាចឆ្លើយតមបានទៅនឹងបរិបទនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេស ទោះ បីមានភាពស៊ីចង្វាក់គ្នាទៅនឹងបញ្ញត្តិនៃការសិក្សាពេញមួយជីវិតយ៉ាងណាក៏ដោយ ។ គោលនយោបាយអប់រំក្រៅប្រព័ន្ធឆ្នាំ២០០២ ត្រូវឲ្យធ្វើបច្ចុប្បន្នកម្ម ដោយត្រូវពង្រីកវិសាលភាព និងយន្តការមួយចំនួនឲ្យកាន់តែប្រសើរថែមទៀត ។
+ចក្ខុវិស័យ ៖ ផ្នែកនេះ បានលើកឡើងអំពីចក្ខុវិស័យរបស់គោលនយោបាយជាតិស្ដីពី ការសិក្សាពេញមួយជីវិត ដែលមានខ្លឹមសារថា “អភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបអោយមានវិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើតសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមនីយកម្មជីវិតបុគ្គលគ្រួសារ និងសង្គម តាមរយៈការផ្ដល់ឪកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ”។
+គោលបំណង ៖ ផ្នែកនេះ បានលើកឡើងអំពីគោលបំណងរបស់គោលនយោបាយជាតិស្ដីពី ការសិក្សាពេញមួយជីវិត ដែលមានខ្លឹមសារថា “ផ្ដល់ឪកាសនិងគាំទ្រអោយប្រជាជនគ្រប់រូបទទួលបានការសិក្សាគ្រប់រូបភាព និងប្រើប្រាស់ចំណេះដឺងតាមជំនាញដែលទទួលបាន ដើម្បីបង្កើតប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងប្រាប់ចំណូល ស្របតាមយុគ្គសម័យបច្ចេកវិទ្យាគមនាគមន៏និងព័ត៌មាន និងសង្គមពុទ្ធិ”។
+គោលដៅ ៖ គោលនយោបាយនេះបានកំណត់គោលដៅសំខាន់ៗចំនួន៦ គឺ៖
ផ្ដល់សេវាសិក្សាពេញមួយជីរិតដល់ប្រជាជនកម្ពុជាគ្រប់រូប
-អភិវឌ្ឍកម្មវិធីសិក្សាពេញមួយជីវិតអោយសម្បូរបែប និងមានភាពបត់បែន ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសិក្សា
-អភិវឌ្ឍមជ្ឈមណ្ឌលសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសិក្សាឲ្យបានសមស្រប
-បណ្ដុះបណ្ដាល់អ្នកសម្របសម្រួលកម្មវិធីសិក្សាពេញមួយជីវិតប្រកបដោយវិជ្ជាជីវៈ
-ផ្ដល់ការទទួលស្គាល់ ការបញ្ជាក់សុភលភាព និងមានការទទួលស្គាល់គុណភាព ចំណេះដឺងជំនាញនៃសមត្ថភាពនៃការសិក្សាពេញមួយជីវិត ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជាដោយតម្លាភាព យុត្តិធម៍ និងមានសង្គតិភាព
-ជំរុញក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគួរអភិវឌ្ឍ ផ្ដល់ការគាំទ្រ និងអនុវត្ដការសិក្សាពេញមួយជីវិត។
+យុទ្ធសាស្រ្ដ ៖ ដើម្បីអនុវត្ដ គោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ឲ្យបានជោគជ័យត្រូវមានយុទ្ធសាស្រ្ដសំខាន់ៗចំនួន១១ គឺ៖
អភិវឌ្ឍក្របខណ្ឌច្បាប់ និងយន្ដការ
ផ្ដល់សេវាការសិក្សាពេញមួយជីវិតដល់ពលរដ្ឋគ្រប់រូប
អភិវឌ្ឍកម្មកម្មវិធីសិក្សាពេញមួយជីវិតឲ្យសម្បូរបែប និងមានភាពបត់បែនឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសិក្សា
អភិវឌ្ឍមជ្ឈមណ្ឌលសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសិក្សាឲ្យសមស្រប
បណ្ដុះបណ្ដាល់អ្នកសម្របសម្រួលកម្មវិធីសិក្សាពេញមួយជីវិតប្រកបដោយវិជ្ជាជីវៈ
ផ្ដល់ការទទួលស្គាល់ ការបញ្ជាក់សុភលភាព និងមានការទទួលស្គាល់គុណភាពនៃការសិក្សាពេញមួយជីវិតដោយតម្លាភាព យុត្តិធម៍ និងសង្គតិភាព
ជំរុញក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់គាំទ្រការសិក្សាពេញមួយជីវិត
លើកកម្ពស់វប្បធម៌រស់នៅជាពលរដ្ឋសកល
លើកកម្ពស់សមភាព សមធម៍ យេនឌ័រ និងបរិយាប័ន្ន
លើកកម្ពស់ការអប់រំតាមប្រព័ន្ធបច្ចេកវិទ្យា
ជំរុញវិស័យ ឯកជន ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលចូលរួមផ្ដល់សេវាសិក្សាពេញមួយជីវិត។
ផែកការសកម្មភាព ៖ ដើម្បីសម្រេចយុទ្ធសាស្រ្ដខាងលើផែនការសកម្មភាពជាក់លាក់ ត្រូវបានលើកឡើងដូចខាងក្រោម ៖
ការបង្កើតយន្ដការ ដូចជាគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត
– ការបង្កើតក្របខណ្ឌគតិយុត្ដ ដើម្បីគាំទ្រដល់យន្ដការដូចបានរៀបរាប់ខាងលើ
– ការគាំទ្រហិរញវត្ថុ បានកំណត់អំពីលទ្ធភាពក្នុងកៀរគរថរិកាពីគ្រប់ប្រភព ដែលមានការពាក់ព័ន្ធ
– ការបណ្ដុះបណ្ដាលធនធានមនុស្សដែលមានជំនាញគ្រប់គ្រង ការរៀបចំផែនការ ការសម្របសម្រួល ការកែលម្អកម្មវិធីអប់រំក្នុងប្រព័ន្ធ ការអប់រំក្រៅប្រព័ន្ធ និងការអប់រំមិនផ្លូវការ ឲ្យសម្បួរបែប និងមានភាពទន់ភ្លន់ តាមគ្រប់រូបភាព សំដៅលើកកម្ពស់ការសិក្សាពេញមួយជីវិត
ដំណើរការអនុវត្ដគម្រោង។
+ ការតាមដានត្រួតពិនិត្យនិងការវាយតម្លៃ ៖ ផ្នែកនេះ បានកំណត់អំពីវិសាលភាព និងភាពចាំបាច់ត្រូវមានប្រព័ន្ធតាមដានត្រួតពិនិត្យ វាយតម្លៃ ពិនិត្យឡើងវិញ និងសំណើកែលម្អ នៅក្នុងដំណើរការអនុវត្ដគោលនយោបាយ។
សេចក្ដីសន្និដ្ឋាន
គោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ជាផែនការបង្ហាញផ្លូវសម្រាប់អភិវឌ្ឍសង្គមនិងធនធានមនុស្ស ឆ្ពោះទៅកាន់សុខសន្ដិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសម្រេចបាននូវគោលនយោបាយនេះ ទាមទារឲ្យក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មានកិច្ចសហការនិងគាំទ្រដោយយកចិត្ដទុកដាក់ខ្ពស់។ ជាងនេះទៅទៀត គោលនយោបាយតម្រូវឲ្យមានយន្ដការនិងបទដ្ឋានគតិយុត្ដ ដើម្បីបង្កើតក្រុមឬអង្គភាពគាំទ្រ ក្នុងការសម្របសម្រួលការងារ ការធ្វើផែនការយុទ្ធសាស្ត្រជាតិ ការផ្សព្វផ្សាយឲ្យបានទូលំទួលាយ និងការកៀរគរជំនួយពីគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ដគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត។
គោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ជំរុញឲ្យប្រជាជនកម្ពុជាក្លាយជា ប្រជាពលរដ្ឋសកលស្របតាមតម្រូវការសង្គមនិងនិន្នាការវិវត្តរបស់សកលលោក ពិសេសបរិបទ ទីផ្សាការងារដែលត្រួវការវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា។ បុគ្គលម្នាក់ៗត្រូវអភិវឌ្ឍទាំងជំនាញរឹងនិងជំនាញទន់ ដើម្បីអនុវត្ដការងារឲ្យមានប្រសិទ្ធភាព និងលើកកម្ពស់គុណភាពនៃជីវិតនៅក្នុងបរិបទសង្គមពុទ្ធិ៕

អត្ថបទដែលជាប់ទាក់ទង