ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចហ៊ុន សែន និង​សម្ដេច ស ខេង កំពុង​ឲ្យ​មេធាវី​សិក្សា​ ផ្នែកច្បាប់ ដាក់ពាក្យបណ្ដឹង ទណ្ឌិតសមរង្ស៊ី ទៅតុលាការបារាំង

94


ភ្នំពេញ៖ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ នៅថ្ងៃទី៧មិថុនា បានឲ្យដឹងថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច ស ខេង កំពុង​ឲ្យ​មេធាវី​សិក្សា​ផ្នែក​ច្បាប់ ដាក់ពាក្យបណ្ដឹងទៅតុលាការបារាំង ដើម្បី​ប្ដឹង​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើ​ករណី​ប្រមាថ និង​ចោទប្រកាន់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល លើ​ករណី​ពីរ​ផ្សេងគ្នា គឺមានគម្រោងផ្ដួលរំលំរដ្ឋាភិបាល និង​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេចនាយក​រដ្ឋមន្ត្រី និងករណីចោទសម្តេចតេជោថាជាអ្នកសម្លាប់លោក ហុង ឡង់ឌី។

​លោក ផៃ ស៊ី​ផាន បាន​ប្រាប់​ថា មេធាវី​រដ្ឋាភិបាល កំពុង​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់​ប្ដឹង​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​សម្ដេច ហ៊ុន សែន នៅ​ពីក្រោយ​ការស្លាប់​របស់លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាលជាតិ។ ចំណែក​ពាក្យបណ្ដឹង​មួយទៀត គឹ​គ្រោង​ប្ដឹង​ដោយ​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជុំវិញ​ករណី​ដែល​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​រូបនេះ និយាយថា សម្ដេច ស ខេង មាន​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល និង​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ស ខេង កំពុងសិក្សារៀបចំឯកសារប្ដឹង សម រង្ស៊ី នៅតុលាការបារាំង ដើម្បីស្វែងរកយុត្តិធម៌ជាសកល ជូនសម្ដេចទាំងពីរ ដែល សម រង្ស៊ី បានចោទប្រកាន់ថាជាអ្នកសម្លាប់នាយឧត្តមសេនីយ៍ ហុក ឡងឌី។
​អ្នកនាំពាក្យ បានបញ្ជាក់​ដូច្នេះ​ថា “សម្ដេចទាំងពីរបាន ឲ្យមេធាវីសិក្សាផ្នែកច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​សាកល​មួយ ក្នុងករណី​ស្លាប់​របស់លោក ហុក ឡង់ឌី ដែល​លោក សម រង្ស៊ី ចោទប្រកាន់​លើស​ម្ដេច​ថា ជា​អ្នក​សម្លាប់​។ ចំណែក​សម្ដេច ស ខេង គាត់​ប្ដឹង​លោក សម រង្ស៊ី ដែល​ចោទ​សម្ដេច​ថា មាន​ផែនការ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​សម្ដេច ហ៊ុន សែន​”។

កាលពី​ថ្ងៃទី​២ មិថុនា លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា សម្ដេច ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី តាមរយៈ​ការដាក់​គ្រាប់បែក​ឲ្យ​ផ្ទុះ​ក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែល​កំពុងតែ​ហោះហើរ​លើ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨​។ លោក សម រង្ស៊ី ថែមទាំង​អះអាងថា សម្ដេច ហ៊ុន សែន បានសម្រេច​ចិត្ត​សម្លាប់​លោក ហុក ឡង់ឌី ដោយសារតែ​អតីត​ស្នងការ​នគរបាលជាតិ​រូបនេះ បានដឹង​រឿង​អាក្រក់​របស់​សម្ដេច ហ៊ុន សែន ច្រើនពេក​។ ជាពិសេស​កាលណោះ​លោក ហុក ឡង់ឌី ត្រៀម​លាតត្រដាង​អំពី​បញ្ជា ដែល​គាត់​បានទទួល​ពីស​ម្ដេច ហ៊ុន សែន ឲ្យ​សម្លាប់​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​ដ៏​ខ្លាំងក្លា​មួយរូប កាលពី​ឆ្នាំ ២០០៤​ជាដើម​។

ពាក់ព័ន្ធនឹងករណីចោទប្រកាន់នេះ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសបបួលទណ្ឌិត សម រង្ស៉ី ចេញមកស្បថដាក់ជីវិតខ្លួនឯង ក្រុមគ្រួសារ និងសាច់ញាតិ ព្រមទាំងមនុស្សជំនិត១០០នាក់ផងដែរ ដើម្បីធ្វើឱ្យច្បាស់ថា តើអ្វីដែល សម រង្ស៊ី លើកឡើងនោះជាការពិត ឬយ៉ាងណា? តែទីបំផុតទណ្ឌិតក្បត់ជាតិរូបនេះ នៅតែមិនហ៊ានស្បថដាក់ជីវិតជាមួយបុរសខ្លាំងនៃកម្ពុជា ព្រោះតែខ្លាចងាប់ចោលលោកា ចោលឆ្អឹងក្រៅប្រទេស។

ជាការឆ្លើយតបវិញ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ទណ្ឌិត សម រង្ស៊ី បាននិយាយថា សម្តេចតេជោ តែងតែយកពិធីស្បថស្បែមកលេងសើច…ស្បថគ្រាន់តែវិធីបែបកូនក្មេងតែប៉ុណ្ណោះ និងបានព្យាយាមនិយាយទាញ យកហេតុផលផ្សេង ដើម្បីបង្វែ និងបន្លំភាពកំសាករបស់ខ្លួនជំនួស។ តើការស្បថជាវិធីរបស់កូនក្មេង ឬព្រោះតែខ្លាចចាញ់សម្បថ លើសម្តីរបស់ខ្លួនស្លាប់ចោលភពផែនដី?៕

អត្ថបទដែលជាប់ទាក់ទង