ក្រុមញៀនថ្នាំ៣នាក់លួងលោមនារីម្នាក់ ថាទៅយកលុយថ្លៃស្រាបៀរ តែដល់បន្ទប់ ចាប់ខ្ទប់មាត់នារីរងគ្រោះប៉ងចាប់រំលោភ
ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋ និងសន្តិសុខ រួមជាមួយនឹងអ្នកអនាម័យបោសសំរាមតាមផ្លូវ បានព័ទ្ធចាប់បានក្រុមជនល្មើស 3 នាក់ ដែលសុទ្ធសឹងជាក្រុមញៀនថ្នាំ ក្នុងករណីល្បួងលួងលោមនារីម្នាក់ថា ទៅយកលុយថ្លៃជំពាក់ស្រាបៀរ ក៏ចាប់រំលោភ តែមិនបានសម្រេច នៅពេលដែលគេប្រទះឃើញ ក្រុមជនទាំង៣នាក់នោះ ចាប់នារីរងគ្រោះខ្ទប់មាត់អូសចូលផ្ទះគេ។
ប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នោះ បាននិយាយថា ជនសង្ស័យម្នាក់ បានមកជឿស្រាបៀរពីស្ត្រីម្នាក់ យកទៅផឹក នៅក្នុងបន្ទប់ជាមួយបក្ខពួក២នាក់ទៀត លុះបន្តិចក្រោយមក ស្ត្រីជាអ្នកលក់ដូរមិននៅផ្ទះ ពឹងឱ្យនារីម្នាក់ជាអ្នកស្គាល់គ្នា ឲ្យជួយមើលកន្លែងលក់ដូរមួយភ្លែត ព្រោះខ្លួនប្រញាប់ទៅផ្សារបន្តិច ។ ជនសង្ស័យត្រឡប់មកទិញស្រាបៀរម្តងទៀត តែជំពាក់លុយដដែល រួចក៏ល្បួងលួងលោមហៅនារីម្នាក់នោះ ឲ្យតាមទៅយកលុយពីក្រុមអ្នកផឹកស្រា នៅក្នុងបន្ទប់របស់គេ លុះទៅដល់ខាងមុខបន្ទប់ ក៏ត្រូវក្រុមជនសង្ស័យ ចាប់អូសដៃខ្ទប់មាត់ បម្រុងអូសចូលទៅក្នុងបន្ទប់ ក្នុងបំណងចាប់រំលោភ តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្រែកឆោឡោ ដេញព័ទ្ធចាប់ជាប់ទាំង៣នាក់ ប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍បានកើតឡើង កាលពីម៉ោង១១ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះមួយកន្លែង ដែលគ្មានមនុស្សនៅ ផ្លូវលេខ១២២ ខាងក្រោយ ទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
ជនសង្ស័យមានឈ្មោះឌី ឃុនយ៉ា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកបក្ខពួក២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ដោយឡែក នារីរងគ្រោះ មានអាយុ២៦ឆ្នាំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើ បានមកទិញស្រាបៀរចំនួន៥កំប៉ុង ពីស្ត្រីម្នាក់ស្គាល់គ្នា ដែលលក់ដូរនៅក្បែរកន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យសុំជំពាក់សិន។ លុះមួយសន្ទុះក្រោយមក ស្ត្រីជិអ្នាកលក់ស្រាបៀរនោះ រវល់ចេញទៅផ្សារ ក៏ពឹងឱ្យនារីរងគ្រោះដែលជាអ្នកស្គាល់គ្នា ជួយមើលកន្លែងលក់ដូរឱ្យ ស្រាប់តែលេចមុខជនសង្ស័យដដែល មកទិញស្រាបៀរថែម ចំនួន៥កំប៉ុងទៀត។ ពេលនោះ នារីរងគ្រោះក៏បានទារលុយពីជនសង្ស័យ តែជនសង្ស័យមិនព្រមឱ្យលុយ និងថែមទាំងបានកញ្ឆក់យកស្រាបៀរពីនារីរងគ្រោះទៀត បន្ទាប់មក ក៏ប្រើល្បិចលួងលោមហៅនារីរងគ្រោះ ឱ្យតាមទៅយកលុយនៅកន្លែងដែលខ្លួនកំពុងផឹកស្រា ។ នារីរងគ្រោះ ក៏បានដើរតាមជនសង្ស័យ បំណងទៅតាមយកលុយថ្លៃជំពាក់ស្រាបៀរ ស្រាប់តែពេលទៅដល់ក្នុងផ្ទះដែលគេទុកចោល ជនសង្ស័យខាងលើ ក៏បានស្ទុះមកចាប់កដៃរបស់នារីរងគ្រោះ រួចខ្ទប់មាត់ទាញចូលក្នុងផ្ទះ តែសំណាងបានសន្តិសុខ និងអ្នកបោសសំអាតថ្នល់ ប្រទះឃើញបានស្រែកនាំគ្នាស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋក្បែរនោះ ព័ទ្ធចាប់ជនសង្ស័យ រួមនឹងបក្ខពួកគេ២នាក់ទៀត ដែលកំពុងសម្ងំនៅក្នុងផ្ទះខាងលើដែរ រួចប្រគល់ទៅឱ្យសមត្ថកិច្ចនាំយកទៅ សាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕