រដ្ឋមន្ត្រីព័ត៌មាន៥ រូបមកពី៥ប្រទេស នឹងធ្វើជាវាគ្មិនពាក់ព័ន្ធការវិត្តន៍បច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សៀមរាប៖ សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីព័ត៌មានចំនួន៥រូបមកពី៥ប្រទេស នឹងធ្វើជាវាគ្មិន ពាក់ព័ន្ធទៅនឹងការវិត្តន៍បច្ចេកវិទ្យា ដើម្បីរួមគ្នាធ្វើឲ្យសោតទស្សន៍ដើរទាន់យុគសម័យសារព័ត៌មាននៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាបពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះមាន វាគ្មិនថ្នាក់រដ្ឋមន្ត្រីព័ត៌មានចំនួន៥រូប មកពី៥ប្រទេសនឹងរួមគ្នាពិភាក្សាពីការវិត្តន៍បច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលកំពុងតែកើតមានឡើងនៅលើពិភពលោក ព្រមទាំងបញ្ហាពាក់ព័ន្ធទៅនឹងវិស័យព័តមាន ។
លោក ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦បានបញ្ជាក់ឲ្យដឹងនៅថ្ងៃ១១ មិថុនា ឆ្នាំ២០១៩
ថា វាគ្មិនថ្នាក់រដ្ឋមន្ត្រីព័ត៌មានចំនួនប្រាំរូបគឺ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា រដ្ឋមន្ត្រីព័ត៌មាន ឡាវមីយ៉ាន់ ម៉ា ហ្វីលីពីន កូរ៉េខាងត្បូង និងអនុរដ្ឋមន្ត្រីព័ត៌មានប្រទេសសាម័រ។
លោកបន្តថា៖ សន្និសីទសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ ដែលធ្វើនៅលើទឹកដីអង្គរ ខេត្តសៀមរាប បានចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ដោយមានគណៈប្រតិភូជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមប្រមាណ៥០០នាក់ មកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងពិភពលោក។
សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ ដែលនឹងបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ផ្តោតលើបញ្ហាសំខាន់ៗដូចជា ផលប៉ះពាល់នៃវិស័យសារព័ត៌មានក្រោមឥទ្ធិពលបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាដើម ៕ ដោយ៖ សារីទ្ធី