ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ចាងហ្វាងកាសែត ”ដំណឹងកម្ពុជា” បានបើករថយន្ត ប្រដេញរថយន្តដឹកទំនិញ និងបាញ់គំរាមយកលុយ

80

 

សៀមរាបចាង៖ហ្វាងកាសែត ”ដំណឹងកម្ពុជា” ម្នាក់ បានបើករថយន្តកាមរីហាយប្រ៊ីដ ប្រដេញរថយន្តដឹកទំនិញ របស់មន្រ្តីយោធាម្នាក់​ ដែលសង្ស័យថាដឹកឈើ ហើយឃាត់ឲ្យឈប់ ហើយមន្រ្តីយោធារូបនោះ មិនព្រមឈប់រថយន្ត ហើយបើករត់គេច ក៏ហ្វាងកាសែតនោះ ដកកាំភ្លើងខ្លីម៉ាក k54 មកភ្ជង់ជនរងគ្រោះ និងបាញ់គំរាមចំនួន២គ្រប់។ តែសំណាងល្អមិនត្រូវជនរងគ្រោះ ។ ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ច ទើបនគរបាលស្រុកស្វាយលើឈានដល់ការឃាត់ខ្លួន។
ហេតុការណ៍ដេញបាញ់គំរាមនេះ បានកើតឡើងកាលពីថ្ងៃអង្ការ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅស្រុកស្វាយលើ ខេត្តសៀមរាប។ ចំណែកជនសង្ស័យត្រូវចាប់ខ្លួននៅវេលាម៉ោង១៨ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្នុងស្នាក់សាខាស្នាក់ការកាសែត “ដំណឹងកម្ពុជា”នៅភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹងចន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១១នេះថា មានករណីផ្ទុះអាវុធបាញ់គំរាម លើជនរងគ្រោះឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុកព្រះវិហារ ខេត្តព្រះវិហារ បង្កឡើងដោយជនសង្ស័យឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ ចាងហ្វាងកាសែត ”ដំណឹងកម្ពុជា” មានទីលំនៅ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកបន្តថា អង្គហេតុនៃរឿង នៅវេលាម៉ោង១១ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះ បានបើកឡានដឹកឥវ៉ាន់ ពីខេត្តព្រះវិហារ មកខេត្តសៀមរាប ដល់វេលាម៉ោង៣រសៀល បានដាក់ឥវ៉ាន់រួច ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ រួចបន្តទៅហូបបាយ ពេលបាយរួចក៏ត្រឡប់ មកខេត្តព្រះវិហារវិញ។ ដោយមានម៉ូយជិះជាមួយគ្នាពីរនាក់ ហើយបើកចេញពីខេត្តសៀមរាប ឆ្ពោះទៅខេត្តព្រះវិហារ លុះបើកដល់ខាងជើងផ្សារស្វាយលើថ្មី ស្រុកស្វាយលើ ស្រាប់តែជនសង្ស័យ បានបើកឡានម៉ាកកាម៉ារី សេរីឆ្នាំ2007 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AM-1240 តាមពីក្រោយជនរងគ្រោះ ពេលបើកដល់ចំណុចខាងកើត ស្នាក់ការបរិស្ថានក្បាលប្រើស ឡានជនសង្ស័យ បានឡើងវ៉ាឡានជនរងគ្រោះ ឡើងទន្ទឹមគ្នា រួចជនសង្ស័យ បានបើកកញ្ចក់ឡាន យកកាំភ្លើងខ្លីមកភ្ជង់ ជនរងគ្រោះ រួចស្រែកជេរជនរងគ្រោះថា អាហែងឈ្លើយឆាប់ឈប់ឡានភ្លាម។ ដោយជនរងគ្រោះ មិនដឹងមានរឿងអ្វី ហើយក៏ភ័យ បានបន្ថែមល្បឿនយ៉ាងលឿនទៅមុខទៀត។ ចំណែកជនសង្ស័យ ក៏បន្ថែមល្បឿនដូចគ្នា ដេញតាមពីក្រោយ។ បន្ទាប់មកក៏បានយកកាំភ្លើងបាញ់គំរាម ទៅលើជនរងគ្រោះចំនួនមួយគ្រាប់ ពេលនោះជនរងគ្រោះ បានបើកឡានបន្តមិនហ៊ានឈប់ទេ ហើយជនសង្ស័យ ក៏នៅតែបើកតាមបន្តទៀត លុះបើកដល់ចំណុចការដ្ឋាននកិនថ្មក្បែរ អង់តែនទូរស័ព្ទភ្នំក្បាលប្រើស ភូមិអង្កាញ់ ឃុំស្វាយលើ ជនសង្ស័យបានវ៉ាទៅមុន ហើយឈប់ឡានពីមុខឡានជនរងគ្រោះ បើកទ្វាឡាន ចុះមកហើយមានកាន់កាំភ្លើងខ្លី ទើបជនរងគ្រោះស្គាល់ ឈ្មោះ ឆោម ស៊ីថា ជាអ្នកាសែត ធ្លាប់ទារប្រាក់ដឹកឈើតាមផ្លូវពីខ្លួន ដោយឃើញដូច្នេះ ជនរងគ្រោះបានបើកឡានអែបខាងផ្លូវ រួចបន្ថែមល្បឿនទៅមុខទៀត ស្របពេលនោះជនសង្ស័យ បានស្រែកថាអា ហែងឈប់ភ្លាម ជនរងគ្រោះមិនឈប់ ទើបជនសង្ស័យ បានបាញ់គំរាមមួយគ្រាប់ទៀត ធ្វើឲ្យជនរងគ្រោះភ័ យ ក៏បើកឡានយ៉ាងលឿនចេញពីទីនោះ។ បន្ទាប់ពីការបាញ់គំរាម ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ច ពេលទទួលបានព័ត៌មានសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងចាប់យកសម្បកគ្រាប់ ប្រភេទអាវុធខ្លី ចំនួនមួយសម្បកគ្រាប់ មករក្សាទុក។ បន្ទាប់មកទៀត ដោយមានរាយការណ៍ពីជនរងគ្រោះ ទៅសមត្ថកិច្ចនិងព្រះរាជអាជ្ញាខេត្តព្រះវិហារ និង បានដាក់បណ្តឹង នៅអធិការនគរបាលស្រុកស្វាយលើ ទើបកម្លាំងនគរបាលយើង បានសហការជាមួយកម្លាំង កងរាជអាវុធហត្ថស្រុក សឹករងស្រុក បានឃាត់រថយន្ត និងជនសង្ស័យ ធ្វើការឆែកឆេរ ដែលទទួលបានការអនុញ្ញាត ពីលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីសាកបន្តនីតិវិធី។

ករណីលោកឆោម ស៊ីថា ចាងហ្វាងកាសែត ”ដំណឹងកម្ពុជា” រូបនេះ មានពលរដ្ឋ និងសមត្ថកិច្ច ប្រាប់ថា តែងបើកឡានប្រដេញរថយន្តគ្រប់ប្រភេទ មិនថាយប់ឬថ្ងៃឡើយ ដើម្បីជំរិតទារប្រាក់ពីរថយន្តដឹកទំនិញ និងរថយន្តដឹកឈើ ជាយូរឆ្នាំមកហើយ។ ពលរដ្ឋស្នើឲ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ មេត្តាចុះមកពិនិត្យមើលជនមួយក្តាប់តូច ដែលកាន់កាតកាសែតធ្វើខុសក្រមសីលធម៌ និងខូចដល់អ្នកកាសែតគេឯង ដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌ យ៉ាងខ្ជាប់ខ្ជួន។ ប្រភពបន្តថា ទីតាំងដែលអ្នកកាសែតអាធិបតេយ្យទាំងនេះ តែងឈរជើង គឺនៅស្រុកស្វាយលើ និងស្រុកវ៉ារិន ខេត្តសៀមរាប។ ការដែលធ្វើឲ្យអ្នកកាសែតទាំងនេះ មកដេកត្រាំត្រែង តាមផ្លូវចាំយកលុយនេះ គឺដោយសារមានការបើកឲ្យរថយន្តដឹកឈើ ចេញរាប់រយឡាន ក្នុងមួយថ្ងៃៗ ជាថ្នូរនិងលុយរាប់លានរៀល ។ ជាពិសេសនោះ គឺដោយមានលោកម៉ែន វុទ្ធី ហៅឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ទើបនឹងឡើងថ្មី អាងខ្សែលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប នៅជួយកាងផងនោះ ទើបគេឃើញបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ចេះតែកើតមានឥតឈប់ឈរឡើយ ៕

អត្ថបទដែលជាប់ទាក់ទង