ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ខាងក្រោយវាំងនន នៃជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសឹង្ហបុរី

357

កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០១៨ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានទៅដល់ប្រទេសសិង្ហបុរី តាមយន្តហោះឯកជនរៀងៗខ្លួន ដើម្បីចូលរួមកិច្ចចរចាទ្វេភាគី នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ និង គីម ជុងអ៊ុន នឹងជួបប្រជុំ នៅសណ្ឋាគារ Capella Hotel លើកោះ Sentosa ប្រទេសសិង្ហបុរី ដោយចាប់ផ្ដើមពីម៉ោង ៩ ព្រឹក ម៉ោងនៅប្រទេសសឹង្ហបុរី ត្រូវនឹងម៉ោង ៨ព្រឹក ម៉ោងនៅប្រទេសកម្ពុជាយើង។
កិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំអាមេរិកនេះ នឹងផ្ដោតសំខាន់លើយន្តការដើម្បីកសាងសន្តិភាពជាអចិន្ត្រៃយ៍ និងយូរអង្វែង និងបញ្ហាសំខាន់មួយទៀត គឺការរំសាយអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េ។
ជាការពិត បណ្តាប្រទេសធំៗ កំពុងដណ្តើមគ្នាដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដើម្បីយកស្នាដៃរៀងខ្លួន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានស្កាត់ជួបលោក គីម ជុនអ៊ុន នៅតំបន់ព្រំដែនប្រទេសកូរ៉េទាំងពីរ កាលពីខែឧសភា ហើយបានព្រមព្រៀងគ្នា បង្កើតសន្តិភាពជាថ្មីរវាងប្រទេសកូរ៉េទាំងពីរ។

ចំណែកនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី ស៊ានឡុង ក៏បានស្វះស្វែងមិនតិចទេ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដោយហាក់ដូចជាសឹង្ហបុរី កំពុងដើរតួជាអ្នកសម្របសម្រួល។ លោក លីស៊ានឡុង បានជួបលោក គីម ជុងអ៊ុន ពេលមេដឹកនាំកូរ៉េខាងជើងរូបនេះ ទៅដល់ប្រទេសសឹង្ហបុរី កាលពីរសៀលថ្ងៃអាទិត្យ។ ដោយឡែក នៅថ្ងៃទី១១មិថុនា លោកលីស៊ានឡុង ក៏បានជួបពិភាក្សា ជាមួយលោកដូណាល់ត្រាំ ក្រោយពីលោកទៅដល់ប្រទេសសឹង្ហបុរី កាលពីយប់ថ្ងៃអាទិត្យ ទី១០មិថុនា។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានទៅដល់សិង្ហបុរី តាមជើងហោះហើរ Air China ចំនួន៣គ្រឿងមានយន្តហោះផ្ទាល់ខ្លួនយន្តហោះដឹកទំនិញដឹករថយន្តម៉ែកស៊ឺដេសប្លាំងដាស របស់លោក និងកងអង្គរក្សរបស់លោក យកមកការពារថែមទៀតផង កាលពីរសៀលថ្ងៃអាទិត្យ ទី១០មិថុនា ។ យន្តហោះរបស់លោក គីមជុងអ៊ុន ជារបស់ចិន។ ចិន ដែលគេដឹងថា ជាមិត្តភ័ក្តិជិតស្និទ្ធ និងជាអ្នកនៅពីក្រោយប្រទេសកូរ៉េខាងជើងយូរឆ្នាំមកហើយ។
ដូច្នេះ នៅក្រោយវាំងននខ្មៅ ប្រហែលជាចិនទេ ដែលនាំឲ្យមានជំនួបរវាងលោកគីមជុងអ៊ុន និងលោកដូណាល់ត្រាំ ជាប្រវត្តិសាស្ត្រនាពេលនេះ។ គេនៅចាំបានថា មុនពេលឡើងយន្តហោះ ទៅកាន់ប្រទេសសឹង្ហបុរី ដើម្បីជួបចរចាជាមួយលោក ដូណាល់ ត្រាំ គឺលោក គីម ជុងអ៊ុន បានធ្វើដំណើរញឹកញាប់ទៅកាន់ប្រទេសចិន ជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅទីក្រុងប៉េងកាំង។

ដូច្នេះ មើលទៅ មហាយក្សចិនឯណោះទេ ដែលមានឥទ្ធិពល និងជាអ្នកដឹកដៃអគ្គមគ្គុទេសក៍កូរ៉េខាងជើង វ័យក្មេង គីម ជុងអ៊ុន ចូលរួមតុចរចា ជជែកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយចុះ កិច្ចចរចាលើកដំបូងជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំអាមេរិក នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី គ្រាន់តែជាការចាប់ផ្តើមនៃការចរចា ដើម្បីស្វែងរកសន្តិភាព ពិសេសសន្តិភាពយូរអង្វែងរបស់ពិភពលោក ពិសេសរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ព្រមទាំងការកាត់រំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាជើង។ កូរ៉េខាងជើង ដែលកន្លងមក ក៏បានចូលរួមកិច្ចចរចា ៦ ភាគី ពាក់ព័ន្ធនឹងកម្មវិធីកាត់រំសាយអាវុធនុយក្លេអែររបស់ខ្លួន។ ប៉ុន្តែកិច្ចប្រជុំ ដែលចំណាយពេលច្រើនឆ្នាំមកហើយ និងមានការចូលរួមពីសហរដ្ឋអាមេរិក កូរ៉េខាងជើង កូរ៉េខាងត្បូង ជប៉ុន ចិន និងរុស្ស៊ី មិនទទួលលទ្ធផលអ្វីឡើយ។

សរុបមក កិច្ចប្រជុំចរចាទ្វេភាគីរវាងលោក ដូ ណាល់ត្រាំ និងលោក គីម ជុងអ៊ុន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី គ្រាន់តែជាជំនួបចាប់ដៃលើកដំបូងរវាងមេដឹកនាំទាំងពីរ ហើយនឹងមានកិច្ចប្រជុំចរចាបន្តទៀត នៅថ្ងៃក្រោយ។ លោក គីម ជុងអ៊ុន បានព្រលយពាក្យអញ្ជើញលោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងជំនួបលើកក្រោយ ជាមួយរូបលោក។

អីចឹង បើសិនជាមានការប្រគល់ពានរង្វាន់មេដាយណូបែលសន្តិភាព សម្រាប់ការរំសាយចោលអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងកិច្ចព្រមព្រៀងសន្តិភាពនៅឧបទ្វីបកូរ៉េ នាពេលខាងមុខ គឺច្បាស់ណាស់ថា តួអង្គសំខាន់ពីរ លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ត្រូវទទួលបានមេដាយណូបែលសន្តិភាព។ ក្រៅពីនោះ ក៏គេមិនភ្លេចដល់នាយករដ្ឋមន្ត្រីសឹង្ហបុរី ដែលខិតខំចេញមុខ ធ្វើមេអណ្តើក ហើយគេរឹតតែមិនត្រូវភ្លេចដល់មហាយក្សចិន ដែលបានប្រឹងប្រែងជាសម្ងាត់ ជំរុញឲ្យលោក គីម ជុងអ៊ុន ចូលរួមតុចរចាឡើយ។
ក្រៅពីនោះ មេដឹកនាំដទៃទៀត ក្នុងកិច្ចចរចា ៦ ភាគី ស្តីពី ការកាត់បន្ថយកម្មវិធីអាវុធនុយក្លេអ៊ែកូរ៉េខាងជើង ដែលរួមមាន កូរ៉េខាងត្បូង ជប៉ុន និងរុស្ស៊ី ក៏ត្រូវទទួលបានមេដាយណូបែលសន្តិភាពនេះផងដែរ។

សន្តិភាពពិតប្រាកដ មិនមែនដោះស្រាយតាមរយៈសព្វាវុធឡើយ ហើយក៏មិនមែនចំណាយពេលតែមួយថ្ងៃពីរនោះដែរ។ ផ្ទុយទៅវិញ មានតែការដោះស្រាយតាមរយៈការចរចាសម្របសម្រួលដោយសន្តិវិធី តាមរយៈនយោបាយឈ្នះឈ្នះប៉ុណ្ណោះ ទើបជាសន្តិភាពយូរអង្វែង និងនាំមកនូវការអភិវឌ្ឍសម្រាប់ប្រទេសកូរ៉េខាងជើងផង និងសម្រាប់ពិភពលោកទាំងមូលផង៕ ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង