បុគ្គលដែលប្រកាសលក់ដីក្នុងតំបន់អង្គរ ប្រឈមនឹងវិធានការច្បាប់
សៀមរាប៖ បុគ្គលដែលប្រកាសលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោកអាច នឹងប្រឈមវិធានការផ្លូវច្បាប់ ប្រសិនបើមិនបញ្ឈប់។ នេះបើតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី 16 ខែមិថុនាឆ្នាំ 2019 នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការណ៍របស់ខ្លួន។
អាជ្ញាធរជាតិអប្សរាបានឲ្យដឹងទៀតថា
ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក (តាណន លក់ដី Ta Norn Estate Sam Angkor Realty ម៉ាក់ លីហេង ម៉ាក់ លីហេង Boom Boom) និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ តាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។
ម្យ៉ាងទៀត ដេីម្បីបង្ការការខូចខាតផលប្រយោជន៍របស់ សាធារណជនដែលកេីតឡេីងពីការទិញដីធ្លី ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវផងដែរ ដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ សូមកុំទិញឱ្យសោះ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា បេីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។
សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូររសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់ នឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២៕