ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត

69

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈចំនួន៦ នៅព្រឹក ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៩ ។ ក្នុងចំណោមរបៀបវារៈទំាង៦នោះ មានការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិត ផលប្រេងកាត។

សេចក្តីព្រាងច្បាប់នេះ មានសារៈសំខាន់ក្នុងការចាត់ចែង គ្រប់គ្រង ប្រើប្រាស់ធនធានប្រេងកាតរបស់កម្ពុជា មកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែរីកចម្រើនឡើង។

ព្រះរាជាណាចក្រកម្ពុជាបានសិក្សាស្រាវជ្រាវលើធនធានប្រេងកាតតំាងពីអំឡុងទសវត្សរ៍ទី៦០មកម្លេះ ប៉ុន្តែដោយសារប្រទេសជាតិឆ្លងកាត់សង្រ្គាសជាបន្តបន្ទាប់ ការរុករកនិងសិក្សាស្រាវជ្រាវពីធនធានដ៍មានតម្លៃនេះបានអាក់ខានទៅវិញ។ មកដល់ឆ្នាំ១៩៨៧ សកម្មភាពស្វែងរុករកធនធានប្រេងកាតត្រូវបានចាប់ផ្តើមឡើងវិញ ហើយចាប់តាំងពីដើមទសវត្សរ៍ទី៩០ សកម្មភាពស្វែងរុករកធនធានប្រេងកាតត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដោយក្រុមហ៊ុនអន្តរជាតិនានា នៅក្នុងនោះក្រុមហ៊ុន ឈេហ្វរ៉ុន បានប្រកាសរកឃើញធនធានប្រេងមានលក្ខណៈពាណិជ្ជកម្មនៅក្នុងប្លុកអេ ដែនសមុទ្រកម្ពុជា នៅឆ្នាំ២០១០ ហើយបច្ចុប្បន្នប្លុកប្រេងកាតនេះគ្រប់គ្រងនឹងឈានដល់ការធ្វើផលិតកម្មដោយក្រុមហ៊ុនគ្រីសអេនីជី នាពេលឆាប់ៗខាងមុខនេះ។

រាជរដ្ឋាភិបាលបានតាក់តែង សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត តំាងពីឆ្នាំ១៩៩៦ ដោយមានការចូលរួមគំាទ្រពីស្ថាប័នអន្តរជាតិ និងជាតិ ពិសេសអ្នកជំនាញច្បាប់អន្តរជាតិនិងជាតិ ហើយបានឆ្លងកាត់ការពិនិត្យកែសម្រួលជាច្រើនដំណាក់កាលដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ទាក់ទាញនិងផ្គល់ទំនុកចិត្តដល់អ្នកវិនិយោគទុន និងដើម្បីជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តរភាពនិងប្រសិទ្ធភាពក្នុងការរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអងង្វែងរបស់ប្រទេសជាតិ ស្របពេលដែលការស្វែងរុករកនិងការអភិវឌ្ឍធន ធានប្រេងកាតទំាងដែនគោកនិងដែនសមុទ្រ កំពុងដំណើរទៅមុខដែលក្នុងនោះប្លុកប្រេងកាតមួយនៅដែនសមុទ្រកំពុងឈានទៅរកការផលិតធនធានប្រេងកាតលើកទីមួយ ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជានាពេលខាងមុខនេះ។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត មាន៩ជំពូកនិង៧២មាត្រា ត្រូវបានកែសម្រួលបន្ថែមដោយបញ្ចូលបរិបទថ្មីៗមួយចំនួនផ្អែកលើបទពិសោធន៍នៃ បណ្តាលប្រទេសផ្សេងៗ ដូចជាប្រទេសន័រវ៉េស អូស្រ្តាលី ជប៉ុន ឥណ្ឌូណេស៊ី ថៃ វៀតណាម ទីម័រខាងកើត ម៉ាឡេស៊ី និងប្រ៊ុយណេ ជាដើម។ បន្ទាប់ពីបានពិភាក្សាតាមនីតិវិធី អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ទាំងមូលចំនួន១០៨សំឡេង។

ចំពោះរបៀបវារៈផ្សេងទៀតគឺអង្គសភា បានៈ
-ប្រកាសទទួលស្គាល់សុពលភាពនៃអាណត្តិសមាជិករដ្ឋសភានីតិកាលទី៦ របស់ឯកឧត្តម សុខ ផេង ជាតំណាងរាស្រ្តថ្មី មណ្ឌលខេត្តព្រៃវែង ជំនួសឯកឧត្តមពៅ សាមី ដែលទទួលមរណភាព។

-អនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសស្តីពី ការ ជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ។

-អនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េតស្តីពី ការជំរុញនិងការការពារ ទៅវិញ ទៅមកនៃវិនិយោគ។

-អនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីស្តីពី ការជំរុញនិងការ ការពារ ទៅវិញទៅមក នៃវិនិយោគ។

-អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀង ស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឬស្សី និងផ្តៅ៕

អត្ថបទដែលជាប់ទាក់ទង