ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខា៖កំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំកាយ និងកីឡាសំខាន់ណាស់

93

ភ្នំពេញ៖ថ្លែងក្នុងពិធីបិទជាផ្លូវការនៃព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សថ្នាក់ជាតិ (National School Games) ឆ្នាំ២០១៩នាល្ងាចថ្ងៃទី១៨មិថុនា លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា វិស័យអប់រំកាយ និងកីឡាបានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពសិស្ស និស្សិត ប្រជាជនគ្រប់រូប និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម ជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើន គួរឲ្យកត់សម្គាល់ហើយទទួលបាន នូវការចាប់អារម្មណ៍ចូលរួមគាំទ្រ យ៉ាងច្រើនពីយុវជនហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិមាន ការប្រែប្រួលជាវិជ្ជមានទទួល បានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
លោកបានបន្តថា ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើនបាន ធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វនិងឈ្លាសវៃ
របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចបានចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម” ។
ក្រសួងអប់រំយុវជននិងកីឡាបានធ្វើកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំកាយនិងកីឡា ដោយឈរលើមូលដ្ឋាន យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡា នៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀម លក្ខណៈសម្បត្តិត្រៀមសម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។
លោករដ្ឋលេខាធិការបន្ថែមទៀតថា ដើម្បីឲ្យការធ្វើកំណែទម្រង់នេះទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡាសំណូមពរដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡាឲ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់។
លោកក៏បានអំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍសប្បុរសជននិងប្រជាជន សូមចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង។ ក្រោមពាក្យស្លោក “រួមគ្នាធ្វើអ្វីៗទំាងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យនៅស៊ីហ្គេមឆ្នាំ២០២៣” ។
លោកក៏បានកោតសរសើរនិងអបអរសាទរដល់ក្រុមកីឡា ដែលបានមេដាយមាសច្រើនជាង គេប្រចាំឆ្នាំ២០១៩នេះគឺចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាមកពីរាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាមកពីខេត្តកណ្តាល និងចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡាមកពីកំពត។
ជាមួយគ្នានេះចូលរួមសោកស្តាយដល់ក្រុមកីឡា ដែលមិនបានទទួលមេដាយ ក្នុងការប្រកួតនេះត្រូវខិតខំប្រែងឲ្យខ្លាំង ដើម្បីទទួលបានចំណាត់ថ្នាក់ល្អ នៅក្នុងការប្រកួតលើកក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង