ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរមកតវ៉ា នៅសាលាខេត្តកោះកុង ដើម្បីឲ្យអាជ្ញាធរ ជួយដោះស្រាយបញ្ហាវិវាទដីធ្លី ជាមួយក្រុមហ៊ុនស្ករអំពៅ របស់លោក ហេង ហុយ

115

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋចំនួន១៥១គ្រួសារ មកពីភូមិចំបក់ ភូមិតានី ឃុំជីខលើ និង ឃុំជីខក្រោម នៃស្រុកស្រែអំបិល បាននាំគ្នាមកធ្វើការតវ៉ា និងដាក់ញាត្តិនៅសាលាខេត្តកោះកុង ដើម្បីស្នើសុំឲ្យអាជ្ញាធរខេត្តកោះកុង ជួយដោះស្រាយនូវបញ្ហាវិវាទដីធ្លី តាំងពីឆ្នាំ២០០៧ ជាមួយក្រុមហ៊ុនស្ករអំពៅ របស់ លោក ហេង ហុយ ដោយគិតមកទល់និងពេលនេះ ពួកគាត់នៅពុំទាន់ទទួលបាន សំណងស្របច្បាប់ណាមួយនៅឡើយ។

បើតាមការលើកឡើងពីពលរដ្ឋថា នៅឆ្នាំ២០០៧ ក្រុមហ៊ុនស្ករអំពៅរបស់លោក ហេង ហ៊ុយ បានយកគ្រឿងចក្រ ទៅធ្វើការឈូសឆាយរំលោភលើដីស្រែ ចំការរបស់ពួកគាត់ ដោយប្រើលេសថា ក្រុមហ៊ុនមានប្លង់ស្លាបមាន់ ដែលទទួលស្គាល់ពីសំណាក់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចំណែកពួកគាត់ពុំមានលិខិតស្នាម ទទួលស្គាល់ពី សំណាក់អាជ្ញាធរមូលដ្ឋានទេ តែដីនេះពួកគាត់ បានបង្កបង្កើនផលដំណាំ ដូចជាស្វាយ ស្វាយចន្ទី ស្រូវ ។ល។ តាំងពីឆ្នាំ១៩៧៩មកម្លេះ។

ពលរដ្ឋបានឲ្យដឹងបន្ថែមទៀតថា ដីដែលក្រុមហ៊ុនស្ករអំពៅ របស់លោក ហេង ហ៊ុយ រំលោភយកធ្វើជាកម្មសិទ្ធិនោះ ពុំមានសកម្មភាព ដាំដុះដំណាំអ្វីនោះទេ ហេតុនេះពួកគាត់សុំធ្វើការទាមទារដីនេះមកវិញ ដើម្បីបានបង្ករបង្កើនផលបន្តទៀត។

ប្រភពបន្តថា ពេលនេះញាត្តិដែលពួកគាត់យកមក ត្រូវបានរដ្ឋបាលខេត្តកោះកុងទទួលហើយ ដោយសន្យាថានឹងផ្តល់ដំណឹង ជូនពួកគាត់នៅសប្តាហ៍ក្រោយ តែបើសិនជាគ្មានវិធានការដោះស្រាយ ឬ មិនមានការឆ្លើយតបទេនោះ ពួកគាត់និងទៅរាជធានីភ្នំពេញ ដើម្បីដាក់ញាត្តិ និងតវ៉ានៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីឲ្យលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជួយដោះស្រាយ។

ឆ្លើយតបទៅបញ្ហាខាងលើ លោក សុខ សុទ្ធី អភិបាលរង និង ជាអ្នកនាំពាក្យសាលាខេត្តកោះកុង បានថ្លែងឲ្យដឹងថា ពលរដ្ឋដែលបានលើកគ្នា មកតវ៉ានៅសាលាខេត្តកោះកុងនោះ គឺពួកគាត់ធ្លាប់បានទទួលសំណងជាថវិកា ពីម្ចាស់ក្រុមហ៊ុន ហេង ហ៊ុយ រួចរាល់តាំងពី១០ឆ្នាំមុនមកម្លេះ ដោយមានទាំងឯកសារផ្តិតមេដៃ ព្រមព្រៀងគ្នាជាផ្លូវការថែមទៀតផង។

លោក សុខ សុទ្ធី បានបញ្ជាក់ទៀតថា ចំពោះការលើកគ្នីគ្នាមកតវ៉ា ពីសំណាក់ពលរដ្ឋនៅសាលាខេត្តនាពេលនេះ ទំនងអាចជាមានការញុះញង់ពីក្រោយខ្នងក៏ថាបាន ខណះទីផ្សារដីធ្លីកំពុងមានការហក់ឡើងថ្លៃខ្ពស់ ដែលជាហេតុនាំឲ្យពួកគាត់បង្កជាបាតុភាព ទាំងការបំពាន លើច្បាប់បែបនេះទៅវិញ ហើយចំពោះវិធានការ សម្របសម្រួលយ៉ាងណានោះ អាជ្ញាធរខេត្ត និងបើកកិច្ចប្រជុំពិភាក្សាមួយ ដើម្បីពិនិត្យ និងស្រាវជ្រាវឲ្យបានល្អិតល្អន់បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង