ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីណែនាំអោយគណៈអភិបាល ក្រុមប្រឹក្សាខណ្ឌនិងអង្គភាពពាក់ព័ន្ធរួមគ្នាស្វែងរកយន្តការថ្មីៗ លើការទប់ស្កាត់ជនទំនើង ចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង និងបញ្ហា សន្តិសុខសណ្តាប់ធ្នាប់

110

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានណែនាំដល់គណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាខណ្ឌនិងអង្គភាពពាក់ព័ន្ធត្រូវរួមគ្នាស្វែងរកយន្តការថ្មីៗក្នុងការទប់ស្កាត់បញ្ហាជនទំនើង ចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់មួយចំនួនទៀត ដើម្បីធានា ឲ្យភូមិឃុំសង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានរស់នៅដោយភាពកក់ក្តៅនិងគ្មានការរំខាន។

ការណែនាំបែបរបស់លោកអភិបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងពីធីប្រកាសដាក់អោយដំណើរការរដ្ឋបាលនិងក្រុមប្រឹក្សាខណ្ឌកំបូលកាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា នៅសាលាខណ្ឌកំបូល។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា តំបន់ជាយក្រុងត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យខ្លំាងជាងគេ ព្រោះសំបូរទៅដោយទីតំាងស្មុគស្មាញដែលជនល្មើសងាយស្រួលក្នុងការធ្វើសកម្មភាព ដែលទាមទាររួមគ្នាទប់ស្កាត់ឲ្យបានព្រមៗគ្នា។

លោកបន្តថា រឿងសន្តិសុខជារឿងសំខាន់ បើទោះបីពេលនេះយើងទទួលស្គាល់ថា សន្តិសុខឃើញថាធ្វើបានល្អ តែយើងត្រូវខិតខំបន្ថែមទៀត ទីតំាងនេះជាទីតំាងដែលស្មុគស្មាញ មានបងប្អូនកម្មករ កម្មការិនីស្នាក់ នៅ ធ្វើការងារតាមរោងចក្រច្រើន ចឹងយើងត្រូវតែពិនិត្យមើលលើបញ្ហានេះ យកចិត្តទុកដាក់នៅតាមផ្ទះរបស់ពួកគាត់ ធ្វើយ៉ាងណាកុំអោយមានអសន្តិសុខនៅទីតំាងដែលគាត់រស់នៅស្នាក់នៅ។

លោកបានអៈអាងថា កន្លងមកនេះរាជធានីភ្នំពេញបានគ្រប់គ្រងបញ្ហាសន្តិសុខបានល្អ ដោយបានដាក់ប៉ុស្តិ៍យាមនៅគ្រប់ភូមិសង្កាត់និងកន្លែងដែលស្មុគស្មាញសម្បូរបទល្មើសកើត ឡើង បង្កើតក្រុមដើរល្បាត ក្រុមប្រចាំការ និងការចូលរួមពីប្រជាពលរដ្ឋដែលធ្វើឲ្យសមត្ថកិច្ច ងាយស្រួលធ្វើសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលា។

លោកនៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌកំបូលអណត្តិទី៣បានសន្យាពង្រឹងកិច្ចសហការជា មួយគ្រប់ភាគីពាក់ព័ន្ធទំាងអស់នៅក្នុងខណ្ឌ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានឲ្យបានល្អ ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋចង់រស់នៅដោយភាពកក់ ក្តៅ។

គួរបញ្ជាក់ថា ខណ្ឌកំបូលគឺជាខណ្ឌទើបតែបង្កើតថ្មីតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០១៩នេះ ដោយមាន៧សង្កាត់ ក្នុងនោះ៦សង្កាត់បំបែកចេញពីខណ្ឌពោធិសែនជ័យមានសង្កាត់ កំបូល កន្ទោក ស្នោ ភ្លើងឆេះរទេះ ឪឡោក និងសង្កាត់បឹងធំ និងមួយសង្កាត់ទៀតបំបែកចេញពីខណ្ឌដង្កោគឺសង្កាត់ប្រទះឡាង ៕

 

អត្ថបទដែលជាប់ទាក់ទង