ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ឃួន សុដារី បញ្ជាក់ពីជំនឿជឿជាក់យ៉ាងមុតមាំថា អាយប៉ាប្រាកដជាអាចសម្រេចបាននូវកិច្ចការកាន់តែច្រើនឡើង ក្នុងការធ្វើឲ្យសង្គមនីមួយៗប្រកបដោយបរិយាប័ន្ន និរន្តភាព និងភាពធន់មាំនៅក្នុងតំបន់អាស៊ាន

74

លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបញ្ជាក់អំពីជំនឿយ៉ាងមុតមាំថា អាយប៉ាប្រាកដជាអាចសម្រេចបាននូវកិច្ចការកាន់តែច្រើនឡើង ក្នុងការធ្វើឲ្យសង្គមនីមួយៗប្រកបដោយបរិយាប័ន្ន និរន្តភាព និងភាពធន់មាំនៅក្នុងតំបន់អាស៊ាន។ លោកជំទាវបានលើកឡើងបែបនេះ នៅក្នុងការធ្វើបទអត្ថាធិប្បាយជាអនុសាសន៍គន្លឹះនៅក្នុងកិច្ចប្រជុំត្រៀមកិច្ចប្រជុំទល់មុខគ្នា រវាងអាស៊ាន និងអន្តរសភាអាយប៉ា(AIPA Preparatory Meeting for the AIPA-ASEAN Interface at the 34th ASEAN Summit) នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារអ៊ិនធើកុងទីណង់តាល់ ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

សូមជម្រាបថា កិច្ចប្រជុំត្រៀមនេះ ត្រូវបានប្រារព្ធឡើងមុន១ថ្ងៃ នៃកិច្ចប្រជុំរវាងអន្តរសភាអាស៊ាន និងអាយប៉ា ដែលតំណាងសភានៃប្រទេសជាសមាជិក AIPA ចូលរួមពិនិត្យ និងពិភាក្សាទៅលើរបាយការណ៍ដែលនឹងឡើងថ្លែងដោយ លោកឆួន លីគប៉ៃ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤០ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន និងសភាតំណាងអាយប៉ា។ ខ្លឹមសារក្នុងរបាយការណ៍នោះ គឺជាទស្សនៈរួមបញ្ចូលគ្នារបស់ប្រទេសជាសមាជិកអាយប៉ាទាំង១០ ដោយផ្តោតសំខាន់ទៅលើសមិទ្ធផលនានា និងទិសដៅសកម្មភាព ដែលអាយប៉ាបាននឹងកំពុងបន្តអនុវត្តកន្លងមក ព្រមទាំងរិះរកយន្តការថ្មីៗ សំដៅដល់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងអាយប៉ា និងអាស៊ាន អោយកាន់តែមានសមាហរណកម្មជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។

លោកស្រី កិត្តិសង្គហបណ្ឌិត បានចូលរួមផ្តល់ជាអនុសាសន៍គន្លឹះបន្តទៀតថា ក្នុងនាមយើងទាំងអស់គ្នាជាសមាជិកសភា ដែលតំណាងឲ្យប្រជាជន នៃអាស៊ាន យើងមានការប្តេជ្ញាចិត្តក្នុងការកសាង និងធ្វើការអភិវឌ្ឍរាល់គ្រប់វិស័យសំដៅធានាដល់ផលប្រយោជន៍ប្រជាជនជាសំខាន់នៅក្នុងអាស៊ាន តាមរយៈការលើកកម្ពស់កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការដោយជាក់ស្តែង។ លោកជំទាវបានបន្តទៀតថា អន្តរសភាអាយប៉ា បានធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដែលរបាយការណ៍នេះ ធ្វើឲ្យយើងកាន់តែយល់ដឹងបន្ថែម និងធ្វើការគ្រប់គ្រងបានល្អនូវធនធានមានកម្រិតរបស់យើង ដើម្បីឈានទៅរកចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។

កំឡុងពេលនៃកិច្ចប្រជុំត្រៀមនេះ មានការស្នើបញ្ចូលបន្ថែមនូវបញ្ហា ដែលជាក្តីកង្វល់របស់សមាជិកសភាអាស៊ានសម្រាប់ថ្លែងក្នុងកិច្ចប្រជុំទល់មុខគ្នា រវាងអាស៊ាន និងអន្តរសភាអាយប៉ា ដែលនាពេលនោះ សភាកម្ពុជាបានស្នើដាក់បញ្ចូលបន្ថែមនូវចំណុច២ ដោយគណៈប្រតិភូសភាកម្ពុជាយល់ឃើញថា គួរត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់អាយប៉ាជារួម មានជាអាទិ៍៖ ១.ការលើកកម្ពស់ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងសមភាពយេនឌ័រ ២.បញ្ហាសនិ្តសុខស្បៀងនៅក្នុងតំបន់ ជាពិសេសបណ្តាតំបន់អនុទន្លេមេគង្គ។ រីឯសមភាគីវៀតណាមបានស្នើបញ្ចូលបន្ថែមបញ្ហាការជួញដូរ គ្រឿងញៀន និងមនុស្សខុសច្បាប់ និងសមភាគីថៃស្នើបញ្ចូលបន្ថែមនូវការរឹតបន្តឹងកិច្ចសហប្រតិបត្តិក្នុងតំបន់ក្នុងការគ្រប់គ្រង និងថែរក្សាបេតិកភណ្ឌវប្បធម៌ ដោយមានការចូលរួមពីប្រជាជនតាមមូលដ្ឋាន។ ជាមួយគ្នានេះផងដែរ ប្រធានកិច្ចប្រជុំត្រៀម ឯកឧត្តម ឆួន លីគប៉ៃ និងតំណាងសភាអាយប៉ានីមួយៗដែលចូលរួម បានឯកភាពដាក់បញ្ចូលចំណុចខាងលើនេះទៅក្នុងរបាយការណ៍រួមរបស់អាយប៉ា។

គួររំលឹកផងដែរថា ប្រធានប្តូរវេនអន្តរសភាអាយប៉ា លោក ឆួន លីគប៉ៃ នឹងថ្លែងសារដែលខ្លឹមសារក្នុងនោះបានបញ្ជាក់ពីទស្សនៈតំណាងសភាអាយប៉ាទាំង១០ប្រទេស ក៏ដូចជារិះរកយន្តការថ្មីៗ ដើម្បីអាយប៉ា និងអាស៊ាន រួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមផ្សេងៗដូចដែលបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ៕

អត្ថបទដែលជាប់ទាក់ទង