សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ពួកអ្នកប្រពន្ធច្រើន ត្រូវបានដកចេញជាបន្តបន្ទាប់ និងបន្តដកចេញ នៅពេលខាងមុខ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី មិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់លើការ ដកតំណែងនេះ។ ការដកលោក ថៃ នរៈសត្យា ចេញពីដំណែងគឺចង់ឲ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌ មានភាពស្អាតស្អំ និងជាអភិក្រមទី៥ ហើយសម្តេចតេជោ បានបន្ថែមថា ការដកលោក ថៃ នរសត្យា មិនពាក់ព័ន្ធជាមួយលោក ដួង តារា នោះទេ។
នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ តាមរយៈ Comment នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «សុំកុំប្រកែកគ្នា និងចោទប្រកាន់គ្នា ពីរឿងលោក ថៃ នរៈសត្យា ត្រូវដកចេញពីដំណែង។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនមានការចាំបាច់ សួរយោបល់អ្នកណាទាំងអស់ លើការ ដកតំណែងនេះ។ ការដកតំណែងរបស់គាត់ គឺចង់ឲ្យថ្នាក់ដឹកនាំ ក្រសួងវប្បធម៌ មានភាពស្អាតស្អំ។ ពួកអ្នកប្រពន្ធច្រើន ត្រូវបានដកចេញជាបន្តបន្ទាប់ និងបន្តដកចេញ នៅពេលខាងមុខ។ នេះជាអភិក្រមទី៥គឺការ(វះកាត់)»។
សម្តេចតេជោ ហ៊ុន សែន ក៏បាន Comment នៅលើហ្វេសប៊ុក របស់លោក ថៃ នរៈសត្យា ដែលមានខ្លឹមសារថា «ការដកលោក ថៃ នរសត្យា មិនពាក់ព័ន្ធជាមួយលោក ដួង តារា ទេ។ សុំកុំភាន់ច្រឡំលើរឿងនេះ»។
សូមជំរាបថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោក ថៃ នរៈសត្យា ត្រូវបានព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បូង បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែងពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៕