នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បង្ហាញមុខមេខ្លោង៤នាក់ ករណីចាប់មនុស្សជំរិតទារប្រាក់ ពីនាយកក្រុមហ៊ុនហ៊ុន Pan Well
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវ ករណីចាប់មនុស្សជំរិតទារប្រាក់ពីនាយកក្រុមហ៊ុនហ៊ុន Pan Well (សំណង់) ដោយចាប់ខ្លួនបានជនសង្ស័យ 4 នាក់ ហើយម្នាក់ទៀតកំពុងលាក់ខ្លួន ដែលហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៩និង៤៣នាទីយប់ នៅចំណុចចំណតរថយន្តក្រោមដីជាន់ទី២ អគារ TK RoyalOne ដីឡូតិ៍លេខ១៥០ ផ្លូវ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៩និង៤៣នាទី ជនរងគ្រោះឈ្មោះ Hung Chung Chou ភេទប្រុស ជនជាតិចិនតៃវ៉ាន់ អាយុ៥៨ឆ្នាំ មុខរបរៈនាយកក្រុមហ៊ុន Pan Well (សំណង់) បានចុះពីប្រជុំនៅអគារជាន់ទី២ TK Royal One ដែលមានទីតាំង ស្ថិតនៅដីឡូតិ៍លេខ១៥០ ផ្លូវលេខ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើរទៅយករថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-5629 ពេលកំពុងបើកទ្វាររថយន្ត ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាក Lexus470 ពណ៌ទឹកមាស ជិះមកពីខាងក្រោយ មានជនសង្ស័យចំនួន៥នាក់ ជនជាតិចិន២នាក់ ខ្មែរ២នាក់ មកធ្វើសកម្មភាពចាប់ក្រៀក ជនរងគ្រោះរុញចូលទ្វារក្រោយរថយន្ត Lexus470 យកស្កុត ពណ៌ ពងមាន់ រុំមាត់និងមុខ រួចដឹកយកទៅទុកនៅក្នុងបន្ទប់មួយមិនស្គាល់ទីតាំង ដោយធ្វើសកម្មភាពបង្ខាំងឃុំខ្លួនគំរាមសំលាប់រួចយកទំលាក់ចូលទឹកទន្លេ ដើម្បីគំរាមទារប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ជាថ្នូរនិងការដោះលែង ប៉ុន្តែជនរងគ្រោះមានតែ២ម៉ឺនដុល្លារអាមេរិកទេ ជនសង្ស័យក៏យល់ព្រម ហើយជនរងគ្រោះបានឆាតទៅឈ្មោះ Chen Lihsien ជានាយករង ក្រុមហ៊ុនPanWell តាមប្រព័ន្ធ Wechat អោយវេរលុយ តាមវ៉ីងមកលេខជនសង្ស័យ 081 217 365 ពេលជនសង្ស័យទទួលបានលុយចំនួន២ម៉ឺនដុល្លារហើយ ទើបជនសង្ស័យ ដឹកជនរងគ្រោះទៅទំលាក់ចោលនៅដីអភិវឌ្ឍន៍ OCIC ផ្លូវ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយជនសង្ស័យក៏នាំគ្នាគេចខ្លួនបាត់អស់។ ក្រោយកើតហេតុ ករណីចាប់មនុស្សជំរិតទារប្រាក់ ការិយាល័យ បានសហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវកំណត់បានទីតាំងមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់ នៅចំណុចមុខផ្សារ Makro សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងដកហូតបានវត្ថុតាងមួយចំនួន ដូចខាងក្រោម ៖ ទី១-ឈ្មោះ Tsai Wen Yueh ជនជាតិចិន អាយុ ៥៤ឆ្នាំ (មេក្លោង)។ ទី២-ឈ្មោះញឹម សុធន់ ជនជាតិ ខ្មែរ អាយុ ២៩ឆ្នាំ ទី៣-ឈ្មោះ ផុង យ៉ែង ជនជាតិខ្មែរ អាយុ២៨ឆ្នាំ ។ ទី៤-ឈ្មោះ Wu Cheng En ភេទ ប្រុស ជនជាតិចិន ។
វត្ថុតាងដកហូត ៖ រថយន្ត ០១គ្រឿងម៉ាក Lexus 470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2G-3768 (មធ្យោបាយធ្វើសកម្មភាព) អាវុធខ្លី០២ដើមម៉ាក ឡុក វិក្កយ័ប័ត្រWing ខ្សែខ្នោះជ័រមួយដុំ និងស្កុតរុំ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើ កំពុងឃុំខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ចំណែកបក្ខពួកនៅសេសសល់ ឈ្មោះ Wei Yixian ភេទប្រុស ជនជាតិចិននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រៀបចំសំណុំរឿងដើម្បីស្នើសុំដីកាតាមចាប់ខ្លួន៕