ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ស្ត្រីជនជាតិចិនម្នាក់ ជាអ្នកទទួលខុសត្រូវ សំណង់អគារដែលដួលរលំ ហើយសំណង់នេះគ្មានច្បាប់

109

ក្រុងព្រះសីហនុ៖ ពាក់ព័ន្ធនឹងការរលំបាក់សំណង់អគារ កំពុងសាងសង់កម្ពស់៧ជាន់ ស្ត្រីជនជាតិចិនមួយរូប ដែលសមត្ថកិច្ចអះអាងថា ជាអ្នកទទួលខុសត្រូវ សំណង់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរហើយ នាព្រឹកថ្ងៃ២២មិថុនា២០១៩នេះ ស្របពេលដែល ប្រតិបត្តិការសង្គ្រោះ កំពុងធ្វើបន្តតាមរយៈ កម្លាំងសរុបច្រើនរាប់រយនាក់។

ពាក់ព័ន្ធនឹងករណីអគាររលំបាក់សង្កត់មនុស្សនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានបញ្ជាក់ថា សំណង់អគារខាងលើនេះ អត់មានច្បាប់អនុញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញាធរជំនាញ ហាមឃាត់មិនឱ្យសាងសង់ចំនួន ២ដងរួចទៅហើយ ប៉ុន្តែម្ចាស់សំណង់មិនចូលរួមសហការ។ ម្ចាស់សំណង់ឈ្មោះ ជីង គ័ង ជាជនជាតិចិន ទីតាំងសាងសង់ លើផ្ទៃដីទំហំ៥៨៣ម៉ែត្រក្រឡា។ អគារនេះជាប្រភេទសំណង់ ធ្វើពីឆ្អឹងដែកសង់ បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់។

អភិបាលខេត្តព្រះសីហនុ ដែលដឹកនាំផ្ទាល់ក្នុងប្រតិបត្តិការនេះ មានប្រសាសន៍ថា គិតត្រឹមម៉ោង១០កន្លះព្រឹកថ្ងៃដដែលនេះ មានជនរងគ្រោះ៣នាក់បានស្លាប់ និង១៨នាក់ផ្សេងទៀត រងរបួសធ្ងន់និងស្រាល ។

សូមបញ្ជាក់ថា អាគារកំពុងសង់ថ្មីប្រភេទ ជាសណ្ឋាគារមួយកន្លែង នៅជិតកន្លែងលាងរថយន្តអារុណរះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី២២មិថុនា២០១៩នេះ ដែលជាមហន្តរាយលើកដំបូង សម្រាប់វិសយ័សំណង់ នៅខេត្តព្រះសីហនុ ហើយបើតាមមន្ត្រីជំនាញនានាបានថ្លែងថា ការបាក់រលំនេះ កើតឡើងដោយសារ បញ្ហាបច្ចេសទេសសំណង់។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់ថា ជាមួយនេះអាជ្ញាធរជំនាញ នឹងចុះធ្វើការត្រួតពិនិត្យសំណង់ ដែលមិនមានគុណភាព សំណង់សាងសង់ខុសពី លិខិតអនុញ្ញាត និងសាងសង់ ដោយគ្មានលិខិតអនុញ្ញាត ដើម្បីមានវិធានការតាមផ្លូវច្បាប់។ រីឯក្រុមហ៊ុនទទួលម៉ៅការសាងសង់ ត្រូវតែជាក្រុមហ៊ុន ដែលបានចុះបញ្ជី និងមានវិញ្ញាបនបត្រប្រកបអាជីវកម្មសាងសង់ ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

អត្ថបទដែលជាប់ទាក់ទង