ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារ ៖ ឧបទ្ទវហេតុបាក់អគារ នៅក្រុងព្រះសីហនុ ស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៨នាក់ ហើយសមត្ថកិច្ច ចាប់ស្ត្រីជនជាតិចិនម្នាក់

68

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងមួយ ពាក់ព័ន្ធនឹងឧបទ្ទវហេតុបាក់អគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសច្រើននាក់។

ក្រសួងការងារអះអាងថា ព័ត៌មានបឋមបានឱ្យដឹងថា មានជនរងគ្រោះប្រមាណជាង៣០នាក់ ដែលរងគ្រោះថ្នាក់ក្នុងករណីនេះ ក្នុងនោះស្លាប់ចំនួន ០៣នាក់ របួសធ្ងន់ចំនួន ០២នាក់ និងរបួសស្រាលចំនួន ១៦នាក់។ ជនរងគ្រោះទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។

បើតាមក្រសួងការងារ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃសៅរ៍ទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ជនរងគ្រោះចំនួន១៨នាក់ បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ ដោយឡែកជនរងគ្រោះដែលជាប់ នៅក្នុងគំនរអគារបាក់បែក ត្រូវបានអាជ្ញាធរពាក់ព័ន្ធ កំពុងជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព និងជនរងគ្រោះ ព្រមទាំងបានជូនពរដល់អ្នករងរបួសទាំងអស់ ឆាប់បានជាសះស្បើយ។

ពាក់ព័ន្ធនឹងការរលំបាក់សំណង់អគារ កំពុងសាងសង់កម្ពស់៧ជាន់ ស្ត្រីជនជាតិចិនមួយរូប ដែលសមត្ថកិច្ចអះអាងថា ជាអ្នកទទួលខុសត្រូវ សំណង់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរហើយ នាព្រឹកថ្ងៃ២២មិថុនា២០១៩នេះ ស្របពេលដែល ប្រតិបត្តិការសង្គ្រោះ កំពុងធ្វើបន្តតាមរយៈ កម្លាំងសរុបច្រើនរាប់រយនាក់។

ពាក់ព័ន្ធនឹងករណីអគាររលំបាក់សង្កត់មនុស្សនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានបញ្ជាក់ថា សំណង់អគារខាងលើនេះ អត់មានច្បាប់អនុញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញាធរជំនាញ ហាមឃាត់មិនឱ្យសាងសង់ចំនួន ២ដងរួចទៅហើយ ប៉ុន្តែម្ចាស់សំណង់មិនចូលរួមសហការ។ ម្ចាស់សំណង់ឈ្មោះ ជីង គ័ង ជាជនជាតិចិន ទីតាំងសាងសង់ លើផ្ទៃដីទំហំ៥៨៣ម៉ែត្រក្រឡា។ អគារនេះជាប្រភេទសំណង់ ធ្វើពីឆ្អឹងដែកសង់ បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់។

អភិបាលខេត្តព្រះសីហនុ ដែលដឹកនាំផ្ទាល់ក្នុងប្រតិបត្តិការនេះ មានប្រសាសន៍ថា គិតត្រឹមម៉ោង១០កន្លះព្រឹកថ្ងៃដដែលនេះ មានជនរងគ្រោះ៣នាក់បានស្លាប់ និង១៨នាក់ផ្សេងទៀត រងរបួសធ្ងន់និងស្រាល ។

សូមបញ្ជាក់ថា អាគារកំពុងសង់ថ្មីប្រភេទ ជាសណ្ឋាគារមួយកន្លែង នៅជិតកន្លែងលាងរថយន្តអារុណរះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី២២មិថុនា២០១៩នេះ ដែលជាមហន្តរាយលើកដំបូង សម្រាប់វិសយ័សំណង់ នៅខេត្តព្រះសីហនុ ហើយបើតាមមន្ត្រីជំនាញនានាបានថ្លែងថា ការបាក់រលំនេះ កើតឡើងដោយសារ បញ្ហាបច្ចេសទេសសំណង់។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់ថា ជាមួយនេះអាជ្ញាធរជំនាញ នឹងចុះធ្វើការត្រួតពិនិត្យសំណង់ ដែលមិនមានគុណភាព សំណង់សាងសង់ខុសពី លិខិតអនុញ្ញាត និងសាងសង់ ដោយគ្មានលិខិតអនុញ្ញាត ដើម្បីមានវិធានការតាមផ្លូវច្បាប់។ រីឯក្រុមហ៊ុនទទួលម៉ៅការសាងសង់ ត្រូវតែជាក្រុមហ៊ុន ដែលបានចុះបញ្ជី និងមានវិញ្ញាបនបត្រប្រកបអាជីវកម្មសាងសង់ ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

សេចក្តីប្រកាសព័ត៌មាន​ ស្តីពីករណីឧបទ្ទវហេតុ បាក់អគារកម្ពស់៧ជាន់ នៅចំណុចភូមិ៣​ សង្កាត់៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩៖

អត្ថបទដែលជាប់ទាក់ទង