ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិម្យ៉ាងឈ្មោះ ខាត (KHAT) ដែលផ្ទុកសារធាតុញៀន

162

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញប្រកាសស្តីពី ការហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិខាត (KHAT)។

បើយោងតាមសេចក្តីប្រកាស នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ស្តីពី ការហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិខាត (KHAT) មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រការ១៖ រុក្ខជាតិខាត (KHAT) ជារុក្ខជាតិម្យ៉ាងដែលមានផ្ទុកនូវសារធាតុញៀនប្រភេទ Cathinone និង Cathine ត្រូវបានចាត់ទុកជារុក្ខជាតិនេះ ដូចជាសារធាតុខាងលើដែរ ដែលស្ថិតក្រោមការគ្រប់គ្រង នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន (ក្នុងតារាងទី២) ។ប្រការ២៖ ការនាំចេញ-នាំចូល ការដឹកជញ្ជូន ការស្តុក ការតាំងលក់ ការឆ្លងកាត់ និងការប្រើប្រាស់ រុក្ខជាតិខាត (KHAT) ត្រូវបានហាមឃាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ប្រការ៣៖ ជនណាដែលប្រព្រឹត្តល្មើសនឹងប្រការ២ ត្រូវផ្តន្ទាទោសតាមទោសប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។ប្រការ៤៖ នាយកខុទ្ទកាល័យ អគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល អគ្គធិការ ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង។

ប្រធានអង្គភាពសុខាភិបាល ថ្នាក់កណ្តាល និងរាជធានី-ខេត្ត ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងអាជ្ញាធរដែនដីដើម្បីអនុវត្តន៍ប្រកាសនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ៕

អត្ថបទដែលជាប់ទាក់ទង