រដ្ឋបាលរាជធានីភ្នំពេញនិងអ្នកជំនាញការចៃកា រួមគ្នាធ្វើសិក្ខាសាលា ប្រមូលធាតុចូល ដើម្បីរៀបចំផែនមេ លើការដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ក្រុមអ្នកជំនាញទីភ្នាក់ងារសហប្រតិបត្តិការជប៉ូនប្រចាំកម្ពុជាហៅកាត់ថាចៃកា និង រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ខែ មិថុនា ឆ្នាំ២០១៩ នេះ បានរៀបចំសិក្ខាសាលាមួយ ដើម្បីប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធជាតិ អន្តរជាតិទាំងអស់ យកមកកសាងជាផែនការមេ សម្រាប់ការដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញ ខណៈពេលដែលរាជធានីភ្នំពេញ កំពុងប្រឈមនិងបញ្ហាកកស្ទះចរាចរជារៀងរាល់ថ្ងៃនោះ។
លោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ ចៃកា ប្រចាំប្រទេសកម្ពុជា ទាំងសម្ភារៈ បច្ចេកទេស អ្នកជំនាញការ និងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ការរៀបចំសិក្សានូវ គម្រោងផែនការមេជាច្រើន សម្រាប់ការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងមួយនេះ ទទួលលំហូរពលរដ្ឋមករស់នៅកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ កំណើនមធ្យោបាយធ្វើដំណើរក៏កាន់តែច្រើន ធ្វើឱ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរ កើតមានជារៀងរាល់ថ្ងៃ។
អភិបាលរងរូបនេះបន្តថា ដោយមើលឃើញនូវបញ្ហាទាំងនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយអង្គការចៃកា បានរួមគ្នាសិក្សាយ៉ាងលំអិត ដោយប្រមូលធាតុចូល ពីអ្នកពាក់ព័ន្ធគ្រប់ផ្នែក ដើម្បីកសាងជាផែនការមេ ដឹកជញ្ជូន ទុកសម្រាប់អនុវត្ត និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងរាជធានីភ្នំពេញ សម្រាប់ពេលបច្ចុប្បន្ន ក៏ដូចជាទិសដៅទៅអនាគត។
លោក ស៊ូកាណូ យូអ៊ីឈី តំណាងអង្គកា ចៃកា ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ឆ្លងតាមការសិក្សាទៅលើផែនការមេនេះ ចៃកា ក៏បានរៀបចំនូវគម្រោងមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ក៏ដូចជាជួយសម្រួលដល់ការធ្វើចរាចរ ដូចជា៖ ផ្តល់ជូននូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនសាធារណៈក្នុងក្រុង ជួយតម្លើងភ្លើងសញ្ញាចរាចរ ជួយសម្រួលដល់ការកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរ ក្នុងក្រុងភ្នំពេញ។
លោកថា ផែនការមេ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ អនុវត្តតាមផែនការមេនេះ លើការដឹកជញ្ជូន ដោយផ្សារភ្ជាប់ជាមួយកញ្ចប់ផែនការ ទៅលើការប្រើប្រាស់ដីធ្លី។
លោកមានជំនឿថា តាមរយៈសិក្ខាសាលានេះ រដ្ឋបាលរាជធានី និងរាជរដ្ឋាភិបាលកម្ពុជា នឹងអនុម័តផែនការមេដឹកជញ្ជូនក្នុងក្រុងភ្នំពេញនេះ ដើម្បីឱ្យគម្រោងនៃវិស័យដឹកជញ្ជូនទាំងអស់ ធ្វើឡើងទៅតាមផែនការមេនេះ។
លោកនួន ផារ័ត្ន អភិបាលរង តំណាងឱ្យអភិបាលរាជធានីភ្នំពេញបានលើកឡើងថា រដ្ឋបាលរាជធានី មានប្លង់មេ មួយចំនួនរួចមកហើយ ទៅមុខនឹងមានប្លង់មេ សម្រាប់បំពេញបន្ថែមទៀត នូវអ្វីដែលមានស្រាប់។ សម្រាប់ប្លង់មេ(ម៉ាស្ទ័រប្លេន )លើប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញនេះ បានចប់តាំងពីឆ្នាំ២០១៤ តែមិនទាន់បានអនុម័តជាផ្លូវការ។ បើទោះបីមិនអនុម័តក្តី ប៉ុន្តែប្លង់មេនេះ បានអនុវត្តខ្លះរួចមកហើយដែរ ដូចជាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាប្រព័ន្ធដឹកជញ្ជូន ជាដើម។
លោកបន្តថា ការបើកអោយមានសិក្ខាសាលានេះគឺចង់បង្ហាញថាយើងមានប្លង់មេ ហើយភាពជោគជ័យ លើការដឹកជញ្ជូនក្នុងក្រុងលែងស្ទះចរាចរ រស់នៅមានផាសុកភាព ក្រោយពីអនុម័តប្លង់មេនេះ យកទៅអនុវត្តឱ្យជោគជ័យ ដោយមានមធ្យោបាយគ្រប់គ្រាន់ មានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងដែរ។
លោកអភិបាលរង ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមបញ្ចេញមតិយោបល់ ដែលមានប្រយោជន៍ សម្រាប់ការកសាងប្លង់មេ លើការដឹកជញ្ជូនក្នុងក្រុងនេះ ឱ្យបានផុលផុស ដើម្បីឱ្យប្លង់មេនេះ កើតមកយកទៅអនុវត្តបានគ្រប់គ្រាន់ និងមានប្រសិទ្ធភាពខ្ពស់៕