រង្វាន់១.០០០ដុល្លារលើកទឹកចិត្តអត្តពលិកឈ្នះមេដាយមាស ហែលទឹកជើងឯកយុវជនអាស៊ានលើកទី៤៣
ភ្នំពេញ៖នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ “(43rd South East Asia Age Group Swimming Championship 2019)”នឹងចាប់ផ្ដើមនៅពហុកីឡដ្ឋានមរតកតេជោហើយ ។
ជាមួយគ្នានេះលោកទេសរដ្ឋមន្រ្តីស៊ុនចាន់ថុលប្រធានសហព័ន្ធខ្មែរហែលទឹកបានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីហែលទឹកកម្ពុជាដែលដណ្ដើមបានមេដាយទៀតផង ។
ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ “(43rd South East Asia Age Group Swimming Championship 2019)”នឹងប្រព្រឹត្តជាផ្លូវការនាថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិមរតកតេជោ នៅរាជធានីភ្នំពេញក្នុងប្រទេសកម្ពុជា។
លោកហែម គីរីអគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ក្នុងនាមលោកប្រធានសហព័ន្ធខ្មែរហែលទឹកបានប្រកាសផ្តល់ ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករកីឡាការិនីហែលទឹក ដែលដណ្តើមបានមេដាយមាសទទួលបានទឹក ប្រាក់ចំនួន១០០០ដុល្លារមេដាយប្រាក់ទទួលបាន ទឹកប្រាក់ចំនួន៥០០ដុល្លារនិងមេដាយសំរិទ្ធទទួលបានទឹកប្រាក់ចំនួន ៣០០ដុល្លារ ហើយថវិកាឧបត្ថម្ភខាងលើកទំាងនេះជារបស់សហព័ន្ធ។
សូមបញ្ជាក់ថានេះជាលើកដំបូងហើយដែលប្រទេសកម្ពុជារៀបចំព្រឹត្តិការណ៍ហែលទឹកកម្រិតតំបន់បែបនេះ សម្រាប់ការប្រកួតវ័យក្មេងបែបនេះកម្ពុជាមានសង្ឃឹមថាអាចនឹងមានឱកាសដណ្ដើមបានមេដាយជាមិនខាន ។