ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ រកឃើញរថយន្តកុងតឺន័រដឹកទំនិញចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុមួយចំនួន ល្មើសបច្ចេកទេស

57

ភ្នំពេញ៖ ក្រសួងសាធារណការ បានបន្តយុទ្ធនាកាចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងប័ណ្ណបើកបររបស់អ្នកបើកបររថយន្តកុងតឺន័រ និងអ្នករថយន្តដឹកទំនិញចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយត្រួតពិនិត្យរថយន្តសរុប ចំនួន១១៥គ្រឿងដែលបានត្រួតពិនិត្យ រថយន្តល្មើសសរុប ចំនួន០៥គ្រឿង រថយន្តត្រឹមត្រូវ ចំនួន១១០គ្រឿង ចំនួនទឹកប្រាក់ពិន័យ សរុប ៤.៨០០.000រៀល។

នាថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ លោកសេង ឈួន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារ កម្លាំងចម្រុះចុះត្រួតពិនិត្យការអនុវត្តរឹតបន្តឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងប័ណ្ណបើកបររបស់អ្នកបើកបររថយន្ត និងអ្នករថយន្តដឹកទំនិញចេញចូលកុងតឺន័របរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្រសួងសាធារណការ បានឲ្យដឹងថា ការចុះត្រួតពិនិត្យរឹតបន្តឹងនេះមានគោលបំណងការពារទ្រព្យសម្បត្តិសាធារណៈ ដែលមានដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពានឱ្យបានស្ថិតស្ថេរ គង់វង្ស រឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែងតាមអាយុកាល ស្របតាមស្តង់ដារបច្ចេកទេសសាងសង់កំណត់ និងក៏ដូចជាដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងការ បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សូមជម្រាបជូនថា៖ ក្រុមការងារនេះបានចាប់ផ្តើមត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយធ្វើការពិន័យអន្តរការ និងកែតម្រូវលក្ខណៈបច្ចេកទេសយានយន្តចំពោះយានយន្តធុនធ្ងន់ និង អ្នកបើកបររថយន្តធុនធ្ងន់ទាំងឡាយណា ដែលមិនបានបំពេញតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន នៅតាមគោលដៅដើមទីក្នុងកំពង់ផែ ស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃសៅរិ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩តទៅ។

ជាមួយគ្នានេះផងដែរ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ឱ្យចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយស្មារតីរួមសហការ និងទទួលខុសត្រូវខ្ពស់។

ជាលទ្ធផល ក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តព្រះសីហនុ បានរកឃើញថា៖ រថយន្តសរុប ចំនួន១១៥គ្រឿងដែលបានត្រួតពិនិត្យ រថយន្តល្មើសសរុប ចំនួន០៥គ្រឿង រថយន្តត្រឹមត្រូវ ចំនួន១១០គ្រឿង។ ចំនួនទឹកប្រាក់ពិន័យ សរុប ៤.៨០០.000រៀល៕

អត្ថបទដែលជាប់ទាក់ទង