ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណើនពាណិជ្ជកម្មតាមផ្លូវអាកាស បានឆ្លុះបញ្ចាំង ពីកំណើនសេដ្ឋកិច្ច

142

ភ្នំពេញ៖ កំណើនពាណិជ្ជកម្មតាមផ្លូវអាកាស បានឆ្លុះបញ្ចាំង ពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងសន្តិភាពរបស់កម្ពុជា ដែលបានផ្តល់នូវទំនុកចិត្តពីវិនិយោគិនទាំងក្នុង និងក្រៅស្រុក ក្នុងការបន្តបោះទុនវិនិយោគ ។

បើតាមការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise បានបញ្ជាក់ថា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានទទួលជួបស្វាគមន៍ ប្រិតភូក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដឹកនាំដោយលោក Eric DELOBEL អគ្គនាយក នៃ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក្នុងគោលបំណងបង្ហាញនូវវឌ្ឍនភាព ស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងផ្តល់កិច្ចសហការបន្ថែមនាពេលអនាគត ក្នុងបរិការណ៍ដែលទំហំពាណិជ្ជកម្ម តាមផ្លូវអាកាសមានកំណើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ថ្លែងក្នុងកិច្ចសន្ទនានេះ លោកបណ្ឌិត គុណ ញឹម បានលើកឡើងពីតួនាទីសំខាន់ៗរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ គឺការប្រមូលពន្ធនិងអាករចូលថវិកាជាតិ, កិច្ចសម្រួលពាណិជ្ជកម្ម, និងការចូលរួមផ្តល់សន្តិសុខ និងសុវត្ថិភាពសង្គមទាំងមូល តាមរយៈការបង្កានិងបង្ក្រាបអំពើរត់គេចពន្ធនូវទំនិញគ្រប់ប្រភេទរួមទាំង អាវុធ ជាតិផ្ទុះ គ្រឿងញៀន និងទំនិញជាប់អាយ័តផ្សេងទៀត តាមបទប្បញ្ញត្តិជាធរមាន ។

នាឱកាសនេះ លោក Eric DELOBEL បានថ្លែងអំណរគុណដល់ កិច្ចសហការរបស់រដ្ឋបាលគយ ដែលបាន និងកំពុងផ្តល់សេវានិងកិច្ចសហការសម្រាប់អាកាសយានដ្ឋានទាំងបី (ភ្នំពេញ សៀមរាប និង កងកេង) ជាពិសេសកិច្ចសហការរបស់មន្ត្រីគយនិងរដ្ឋាករដែលបំពេញភារកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងការផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម ដែលអាចឆ្លើយតបបានទាន់ពេលវេលានឹងកំណើនទំហំពាណិជ្ចាកម្ម ដែលគ្របដណ្តប់ប្រមាណ ៤០% ដោយបានកើនបរិមាណដល់កម្រិតច្រើនជាង ៦០.០០០ តោន ក្នុងឆ្នាំ2017។

ដើម្បីឆ្លើយតបនឹងកំណើនពាណិជ្ចកម្មតាមផ្លុវអាកាស ក្រុមហ៊ុនឹងកសាងនូវ cargo terminal ថ្មីមួយទៀត និងបំពាក់ឧបករណ៍មួយចំនួនទៀត ដូចជាម៉ាស៊ីន X-Ray ថ្មី សម្រាប់ស្កែនអ្នកដំណើរ ជាដើម ដែលទាមទារឲ្យមានកិច្ចសហការបន្ថែមពីរដ្ឋបាលគយកម្ពុជា ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងធានាបានសុវត្ថិភាពនៃការហោះហើរ ក៏ដូចជាសន្តិសុខសាធារណៈទាំងមូល។

ជាកិច្ចឆ្លើយតប លោកបណ្ឌិត គុណ ញឹម បានសំដែងនូវសុទិដ្ឋិនិយម ចំពោះកំណើនពាណិជ្ជកម្ម តាមផ្លូវអាកាសដែលបាន ឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ប្រមុខរាជារដ្ឋាបាល នៃព្រះរាជាណាចក្រកកម្ពុជា ដែលបានផ្តល់នូវទំនុកចិត្តពីវិនិយោគិនទាំងក្នុងនិងក្រៅស្រុក
ក្នុងការបន្តបោះទុនវិនិយោគជាបន្តបន្ទាប់គួរជាទីមោទនៈ។

ទន្ទឹមនឹងការត្រៀមបន្តផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា។ លោកបណ្ឌិត បានស្នើសុំកិច្ចសហការ ក្នុងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ក៏ដូចជាចូលរួមកិច្ចប្រតិបត្តិការគយផ្សេងទៀត ដែលរដ្ឋបាលគយកម្ពុជា
កំពុងបន្ត និងជំរុញកំណែទម្រង់ និងទំនើបកម្មរបស់ខ្លូន ដូចជាការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មគយនានា ក៏ដូចជាប្រព័ន្ធបញ្ជរតែមួយជាតិ (National Single window) ជាដើម៕

អត្ថបទដែលជាប់ទាក់ទង