ហៅម្ចាស់រថយន្តពាក់ស្លាកលេខនគរបាល បិទរូបសញ្ញាគណបក្ស មកសួរនាំ
ភ្នំពេញ៖ បុរសម្នាក់ ដែលបានបិទស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា នៅលើរថយន្តឡិចស៊ីស ពាក់ស្លាកលេខនគរបាល ធ្វើឱ្យមានការរិះគន់នៅលើបណ្តាញសង្គម Facebook ត្រូវបាននាំខ្លួនមកក្រសួងមហាផ្ទៃ ដើម្បីសួរនាំ។ បន្ទាប់ពីមានការសាកសួរនេះ ក្រសួងមហាផ្ទៃកំពុងពិចារណា ក្នុងការបញ្ជូនសំណុំរឿងនេះ ទៅកាន់ គ.ជ.ប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ។
បុរសដែលក្រសួងមហាផ្ទៃ ហៅមកសួរនាំនេះមានឈ្មោះ ឈួន ភាព ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅឃុំទ្រា ស្រុកសំរោងទង ខេត្តតាកែវ។ ឈួន ភាព បានយករថយន្តម៉ាក Lexus RX 330 ពណ៌ស ពាក់ស្លាកលេខ នប 2-0996 ជារបស់បងប្រុសរបស់ខ្លួន ឈ្មោះ សឿន សឿង ជាមន្ត្រីនគរបាលជាតិ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សា នៅក្រៅប្រទេស យកទៅប្រើប្រាស់ និងជួសជុល។
តាមចម្លើយរបស់លោក ឈួន ភាព កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ លោកបានបើករថយន្តខាងលើ ទៅលេងកោះពេជ្រ ហើយបានឃើញមានការដង្ហែគណបក្ស និងមានការចែករូបសញ្ញា (Logo) គណបក្សប្រជាជនកម្ពុជា។ ដោយខ្លួនស្រឡាញ់ និងពេញចិត្ត ខ្លួនក៏បានសុំគេចំនួន២ឡូហ្គោ យកទៅបិទទ្វាររថយន្តទាំងសងខាង។ ពាក់ព័ន្ធនឹងការយករថយន្តពាក់ស្លាកលេខ ន.ប កម្មសិទ្ធិរបស់រដ្ឋ ដែលគ្រប់គ្រង ដោយបងប្រុសបិទរូបសញ្ញា គណបក្សនេះ លោកអះអាងថា លោកពុំបានដឹងថា វាខុសនឹងច្បាប់ ស្តីពីការបោះឆ្នោតនោះទេ ហើយក៏ពុំមានបំណងឬ ចេតនាអ្វីក្រៅពីការស្រឡាញ់ គណបក្សតែប៉ុណ្ណោះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា បន្ទាប់ពីមានការរិះគន់ ទៅលើអ្នកប្រើប្រាស់រថយន្តរដ្ឋ ដើម្បីបម្រើការឃោសនាឱ្យគណបក្សនោះ រហូតមកដល់ពេលនេះ គ.ជ.ប មិនទាន់បានទទួលពាក្យបណ្តឹង ពីភាគីណាមួយនៅឡើយទេ ហើយប្រសិនបើមានពាក្យបណ្តឹងអំពីករណីនេះ គ.ជ.ប នឹងធ្វើការដោះស្រាយតែម្តង។ បើតាមច្បាប់ស្តីពីការបោះឆ្នោត មាត្រា១៥៨ បានចែងថា ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនណាដែលប្រើប្រាស់សម្ភារៈ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាឱ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាមួយ។ ក្នុងករណីដែលនៅតែមិនគោរពតាមការព្រមានខាងលើ ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលានរៀល) ទៅ១០.០០០.០០០ (ដប់លានរៀល) ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕