ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ACU នឹងធ្វើសន្និសីទសែតជាសាធារណៈ ករណីបទល្មើសនៅ កោះរ៉ុង នៅរសៀលថ្ងៃនេះ

66

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ពាក់ព័ន្ធនឹងករណីបទល្មើសរំលោភដីធ្លីនៅកោះកុង នៅ
ថ្ងៃសុក្រទី28 ខែមិថុនានេះ នៅវេលាម៉ោង 14:00 អង្គភាពប្រឆាំងអំពើពុករលួយ នឹងរៀបចំសន្និសីទកាសែតមួយ បង្ហាញអំពីករណីកោះរ៉ុង ជូនដល់អ្នកសារព័តមាន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ អាចអញ្ជើញចូលរួមដោយសេរី។

លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា នៅរសៀលថ្ងៃសុក្រទី២៨ ខែមិថុនា ឆ្នាំ២០១៩  អង្គភាពប្រឆាំងអំពើពុករលួយនឹងរៀបចំសន្និសីទកាសែតមួយបង្ហាញអំពីករណី កោះរ៉ុង ជូនដល់អ្នកសារព័ត៌មាន និងអ្នកបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ដោយលោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ករណីកោះរុងចាប់ខ្លួនមនុស្ស ៦នាក់ ដោយប្រើរយៈពេលស៊ើបអង្កេតចំនួន 5 សប្តាហ៍តែប៉ុណ្ណោះ ទទួលបានលទ្ធផលជោគជ័យ ហើយបានបញ្ជូនជនល្មើស ទៅតុលាការ រួមជាមួយនឹងភស្តុតាងយ៉ាងរឹងមាំ។

នេះបើតាមសេចក្ដីជូនដំណឹងស្ដីពី កិច្ចប្រជុំលើកទី៤៧ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) (ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩)។

បើតាមលោកទេសរដ្ឋមន្រ្តី ករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតរបស់មន្រ្តីប្រាំរូប នៅក្រុងនិងសង្កាត់កោះរ៉ុង និងបទល្មើសក្នុងវិស័យឯកជនមួយរូបគឺលោកសុខប៊ុន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិនិត្យល្អិតល្អន់ដំណើរការស៊ើបអង្កេតករណីនេះពីសំណាក់នាយកដ្ឋានស៊ើបអង្កេតនិងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេសអំពីឯកសារយ៉ាងច្រើនដែលអង្គភាពប្រឆាំងអំពើពុករលួយប្រមូលបានភស្តុតាងរឹងមាំ (ក្នុងអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការនៅផុសតាងតែមួយចំនួនតូចទេ) ការសារភាពរបស់មន្ត្រីទាំង 5 រូបដែលបានប្រព្រឹត្តបទល្មើសជាច្រើន ។ការរកឃើញភស្តុតាងនៃការក្លែងឯកសារ ដើម្បី បំផ្លាយដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត សំដៅយកដីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ មិនអាចរកឃើញភស្តុតាងទាំងនោះបានតាមការធ្វើកុសលវិច្ច័យទេ ហេតុនេះអង្គភាពប្រឆាំងអំពើពុករលួយចាំបាច់រកភស្តុតាងនៃអំពើល្មើសនេះ តាមការស៊ើបអង្កេតវិញទៅទទួលបានជោគជ័យ។

ក្រោយពិភាក្សាដេញដោល មានសំណួរ ស្ដាប់ការបំភ្លឺ ចម្លើយនានា ក្នុងចំណោមក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយរួចមក ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានណែនាំដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយឲ្យយកចិត្តទុកដាក់ឲ្យបានរឹងមាំថែមទៀតលើកិច្ចការមួយចំនួន ហើយឲ្យអង្គភាពប្រឆាំងអំពើពុករលួយយកចិត្តទុកដាក់ធ្វើការបំភ្លឺដល់សាធារណៈមតិ ពីការកាឡៃសភាពការណ៍ពីសំណាក់ក្រុមតូចមួយដែលមានបំណងញុះញង់ បំភាន់មតិសាធារណៈ តាមការបំផ្លើសតវ៉ា ឲ្យដោះលែងជនល្មើសករណីកោះរ៉ុងឲ្យបានទាន់ពេល។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានកោតសរសើរគ្រប់ផ្នែកការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ  ទាំងការងារប្រកាសទ្រព្យសម្បត្តិនិងបំណុល ការងារអប់រំបង្ការទប់ស្កាត់ ការងារកតិយុត្តពាក្យប្ដឹង អន្តរជាតិនិងការងាររបស់នាយកដ្ឋានទាំងអស់ ជាពិសេសការងារស៊ើបអង្កេតករណីកោះរ៉ុង របស់នាយកដ្ឋានស៊ើបអង្កេតនិងចារកម្ម ដែលសម្រេចបានជោគជ័យ ក្នុងរយៈពេល 5 សប្តាហ៍ប៉ុណ្ណោះ។

សូមជម្រាបជូនថា ពាក់ព័ន្ធករណី កោះរ៉ុង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបាន ចាប់បញ្ជូនខ្លួន មនុស្សចំនួន ៦នាក់ទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធករណី រួមគំនិតគ្នាជាប្រព័ន្ធក្លែងបន្លំឯកសាររំលោភយកដីរដ្ឋដោយខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩នេះ។
បន្ទាប់ពីសាកសួររួចរាល់ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ដដែល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកឧកញ៉ា សុខ ប៊ុន ជាអគ្គនាយក ក្រុមហ៊ុនអចលនទ្រព្យ សុខ ប៊ុន គ្រុប ពីបទ ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង និងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ យោងតាមមាត្រា ២៨, មាត្រា មាត្រា ៦០១, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។
ចំណែក លោក អ៊ុង និត ជាប្រធានក្រុមប្រឹក្សា ក្រុងកោះរ៉ុង, លោក សេង ហូលាង ជាចៅសង្កាត់កោះរ៉ុង, លោក ហែម សាឡេះ ជាសមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង, លោក កែ សោម ជាចៅសង្កាត់រងទី២ និងលោក កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវតុលាការសម្រេចឃុំខ្លួនពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, វីតិក្រម, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ យោងតាមមាត្រា ៥៩២, មាត្រា ៥៩៣, មាត្រា ៦០១, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង