ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងស្នប់ធំចំនួន ៤១អណ្តូង គិតជាទឹកប្រាក់ចំនួន ៩៩.៨៧២ដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី

245

(ភ្នំពេញ) ៖ ដើម្បីបន្តដោះស្រាយតម្រូវការទឹកនៅតាមទីជនបទដាច់ស្រយាល នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងស្នប់ធំ ចំនួន ៤១អណ្តូង គិតជាទឹកប្រាក់ចំនួន ៩៩.៨៧២ដុល្លារអាមេរិក (ប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំបីរយចិតសិបពីរដុល្លារអាមេរិក) ជូនប្រជាពលរដ្ឋ ខ្វះខាតទឹកប្រើប្រាស់ចំនួន ៧៧៣គ្រួសារ ស្មើមនុស្ស ៣.៨៨០នាក់ រស់នៅតំបន់ដាច់ស្រយាល និងតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ក្នុងនោះ អណ្តូងចំនួន ១៥ សម្រាប់ខេត្តក្រចេះ, ១៤អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង និង ១២អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី។សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋ រាប់ម៉ឺនគ្រួសារនៅ ទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹក។ល។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៧ កន្លងទៅ បានផ្តល់អណ្តូងសរុបចំនួន ៤៣៣ និងជីក-ស្តារស្រះទឹកចំនួន ៧ ដែលជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋចំនួន ១០.៤៦៩គ្រួសារ។ ដោយឡែក ក្នុងឆមាសទី ១ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា បានប្រគល់អណ្តូងឱ្យប្រើប្រាស់ជាផ្លូវការចំនួន ៦៦ រួចមកហើយ ហើយអណ្តូងទាំង ៤១ ដែលសម្រេចផ្តល់នៅពេលនេះ នឹងធ្វើពិធីប្រគល់ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង