ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អេស៊ីយូ ស៊ើបអង្កេតឃើញថាអតីតមេប៉េអឹមខេត្តរតនគិរីលោក គឹម រស្មី ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ អួតសំញ៉ែងទ្រព្យសម្បត្តិ ព្រោះនៅក្នុងកុងធនាគារ មិនមានលុយដល់ 50 ម៉ឺនដុល្លារនោះទេ

82


ប្រធានACU លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានលើកយកករណីការស៊ើបអង្កេត លើអតីតមេប៉េអឹមខេត្តរតនគិរីលោក គឹម រស្មី ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ព្រោះអួតសំញ៉ែងទ្រព្យសម្បត្តិចែកសែក ៥សន្លឹក ស្មើនឹង ៥០ម៉ឺនដុល្លារដល់កូនៗចំនួន ៥នាក់ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី 28 ខែមិថុនា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា ចំពោះករណីលោក គឹម រស្ម ACU បានបង្កើតក្រុមការងារស៊ើបអង្គេតចំនួន ៦ក្រុម និងបានស៊ើបអង្កេតលើប្រពន្ធ និងកូនរបស់លោក គឹម រស្មី ផងដែរ តែមិនរកឃើញបទល្មើសអ្វីឡើយ ក្រៅពីការអួតសំញ៉ែងទ្រព្យសម្បត្តិ តែ ACU នៅបន្តស៊ើបអង្កេតបទល្មើសមួយទៀត លើលោក គឹម រស្មី គឺបទល្មើសព្រៃឈើ ដែលមានជាប់ពាក់ព័ន្ធជាមួយមេឈ្មួញឈើម្នាក់ឈ្មោះហួរ ជាវៃ។ ដែលឈ្មួញឈើរូបនេះ អ្នកកាសែតក៏ដូចជាស្ថាប័នមួយចំនួន បានស្គាល់យ៉ាងច្បាស់ ព្រោះជនរូបនេះ បានប៉ាវនិងបង់លុយឲ្យស្ថាប័នទាំងអស់នោះ ជាថ្នូរមិនចុះផ្សាយរឿងរបស់គេ។

លោក ឱម យ៉ិនទៀង បានឲ្យដឹងថា លោក គឹម រស្មី ធ្លាប់ជាមនុស្សក្រខ្សត់ និងមានត្រកូលជាអ្នកធ្វើកៅស៊ូ ហើយក៏បានជួបប្រពន្ធក្រោយដែលមានជីវភាពធូរធា តើជាប្អូនរបស់ប្រពន្ធលោកគន់គីម។ ប្រពន្ធក្រោយរបស់លោកគឹមរស្មីមិនសូវចេះអក្សរទេ។ ប៉ុន្តែពូកែរកស៊ីណាស់ ជាពិសេសមានផ្ទះមួយនៅខាងក្រោយវត្តលង្កាដែលដាក់លក់ក្នុងតម្លៃជាង 10លានដុល្លារហើយផ្ទះនោះកាលដើមឡើយគាត់ទិញតម្លៃតែមួយលានដុល្លារប៉ុណ្ណោះ។ ហើយចំពោះសែកដែលលោក គឹម រស្មី ចែកឲ្យកូនៗនោះមានលុយមិនគ្រប់នោះឡើយ ហើយមានកូនខ្លះបានហែកនោះចោលព្រោះថាសែកនោះចង្រៃធ្វើឲ្យឪពុកខ្លួនអស់បុណ្យសក្តិ។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់អ្នកកាសែតថា សែកដែលលោក គឹម រស្មី ចែកឲ្យលុយ ១០ម៉ឺនដុល្លារ ៥សន្លឹកឲ្យកូន៥នាក់នោះ អត់បានទៅបើកទេ ហើយសែក២សន្លឹក ដូចជាហែកចោលទៀតផង។ សែកទាំងប៉ុន្មានយើងខ្ញុំបានរឹបអូស យកមកធ្វើជាភស្តុតាង។ កូនដែលហែកសែកចោល និយាយថា សែកនោះចង្រៃអត់លុយហើយ ឪរបស់ខ្លួនអស់បុណ្យទៀត។ យើងបានហៅគាត់មកសួរចម្លើយ មើលទ្រព្យសម្បត្តិរបស់គាត់ ទាំងផ្ទះ ទាំងឡាន និងលុយដាក់នៅធនាគារទាំងអស់។ ពីរនាក់ប្ដីប្រពន្ធនេះមានចំណុចពិសេស គឺយើងស៊ើបអង្កេតទៅដល់ប្រពន្ធថែមទៀត នឹកឈានទៅដល់ស៊ើបអង្កេតដល់កូនទៀត ឲ្យតែរឿងកើតហើយហៅប្រពន្ធកូនមកផ្ទះទ្រព្យសម្បត្តិទៀត ហៅផ្ទៀងផ្ទាត់ទ្រព្យសម្បត្តិរបស់ពួកគាត់ទាំងអស់ ហេតុផលសំខាន់មួយទៀតគឺប្រពន្ធគាត់មានផ្ទះមួយនៅខាងក្រោយវត្តលង្កាតម្លៃជាង 10លានដុល្លារ កាលគាត់ទិញតម្លៃតែជាង 1 លានដុល្លារទេ កាលពី 10 ឆ្នាំមុនដែលជាទ្រព្យរបស់ប្រពន្ធ។ ប្រពន្ធគាត់ជាអ្នកមានដែលមានប្ដីមុននៅខេត្តកំពង់ចាមហើយបានស្លាប់ចែកឋានទៅ និងមានកូនបីនាក់ ហើយក្រោយមកក៏បានមកចាប់ដៃរួមរស់ជាមួយលោកគឹមរស្មី ហើយមានកូនពីរនាក់តូចៗ ។ លោកគឹមរស្មីក៏ធ្លាប់មានប្រពន្ធកូនរួចមកហើយដែរ គឺមានកូនអ្នកជាមួយប្រពន្ធមុនប៉ុន្តែក្រោយមកបានបែកគ្នាប្រពន្ធនិងកូននោះក៏បានទៅរស់នៅសហរដ្ឋអាមេរិក។ លោកគឹមរស្មីជាពូជអ្នករកស៊ីកៅស៊ូ ហើយមកបានប្រពន្ធក្រោយនេះគឺជាប្អូនរបស់លោកជំទាវលោកគង់គីម ។
លោកបញ្ជាក់បន្តថា «យើងមើលទ្រព្យសម្បត្តិរបស់លោក គឹម រស្មី គឺមិនទាន់មានអ្វីដែលអាចជាបញ្ហាទេ ហើយយើងឃើញថា ៥០ម៉ឺនដុល្លារ ដែលចែកឲ្យកូនៗនោះអត់មានទេ ព្រោះលុយក្នុងធនាគាររបស់គាត់ មានមិនគ្រប់៥០ម៉ឺនដុល្លារផង បានអីបើកសែក! គឺអត់មានលុយទេ គឺអួតសំញ៉ែងទ្រព្យទេ ដែលបញ្ហាគាត់ខុស គឺខុសការសំញ៉ែងទ្រព្យ ហើយត្រូវរាជរដ្ឋាភិបាលដកគាត់ចេញពីក្របខណ្ឌ ។ បើតាមច្បាប់នៅហុងកុង ដាក់គុកមន្ត្រីរាជការដែលអួតសំញែងទ្រព្យគឺត្រូវមានទោស។ប៉ុន្តែនៅស្រុកខ្មែរអត់មានច្បាប់នេះទេគឺគ្រាន់តែបណ្ដេញចេញពីការងារ។ ច្បាប់ ប្រឆាំងអំពើពុករលួយនៅកម្ពុជាយើង អត់មានដាក់គុកករណីសំញ៉ែងទ្រព្យនោះទេ ប៉ុន្តែបាននៅប្រទេសគេគេមានច្បាប់អ្នកសម្ញែងទ្រព្យត្រូវជាប់ទោស អីចឹងករណីនេះហាក់ដូចជាចប់ ប៉ុន្តែខ្ញុំសុំនិយាយឱ្យត្រង់ លោក គឹម រស្មី ឮ ភ័យទៀតហើយ គឺ យើងខ្ញុំនៅបន្តស៊ើបអង្កេតផ្សេងទៀត។ ហើយចំណែកលុយដែលប្រពន្ធរបស់លោកគឹមរស្មីដែលមានដាក់ចូលក្នុងធនាគារបង្វិលរកស៊ីដែលជារឿងរបស់ប្រពន្ធនោះទេមិនពាក់ព័ន្ធជាមួយប្តីឡើយ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ប្រពន្ធរបស់លោក គឹម រស្មី មិនសូវចេះអក្សរទេ ប៉ុន្តែកុំមើលងាយអ្នកមិនចេះអក្សរ គាត់ពូកែរកស៊ីណាស់ ពាក់ព័ន្ធការចងការប្រាក់។ ហើយការរកស៊ីចងការគាត់ចំណេញរាប់សែនទៅហើយ។ ហើយពាក់ព័ន្ធទ្រព្យសម្បត្តិនិងផ្ទះរបស់ពួកគាត់យើងបានហៅគាត់មកសួរឡើងស្ងួតជើងធ្មេញ ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានជំរុញឲ្យអង្គភាពប្រឆាំងមួយផ្សាយរឿងនេះអោយបានលឿនព្រោះសារធារណជនចង់ដឹង។ ប៉ុន្តែយើងខ្ញុំបានសុំជំពាក់រឿងព្រៃឈើមួយ គឺស៊ើបអង្កេតមួយរយៈមុនគឺ ហួរ ជាវៃ ប៉ុន្តែអ្នកសារព័ត៌មានដឹងហើយឈ្មោះនេះល្បីខ្លាំងណាស់ ប៉ុន្តែអេស៊ីយូមានភស្តុតាងពីបញ្ច្រាសគ្នា ហើយខាងអ្នកកាសែតបានចុះផ្សាយថាគាត់នេះជាមេក្លោងអំពីឈើរបស់គាត់ ហើយប៉ាវចិញ្ចឹមគ្រប់ស្ថាប័នអ្នកកាសែតនិងស្ថាប័នផ្សេងៗទៀត ប៉ុន្តែនៅពេលយើងខ្ញុំសួរលោកគឹមរស្មី លោកគឹមរស្មីនិយាយថាហួរ ជាវៃនេះ ជាអ្នកក្រ មិនសូវជាអ្នកមានលុយហើយជាមនុស្សលេងល្បែងថែមទៀតផង មិនមែនជាអ្នកមានខ្លាំងនោះទេប៉ុន្តែចុះហេតុអី្វព្រោះគាត់ក្រមានលុយលេងល្បែងរាល់ថ្ងៃរាប់ខែរាប់ឆ្នាំអត់ដែលអស់លុយលេងសោះ បើគាត់មិនលេងល្បែងតើគាត់មានប៉ុណ្ណា នេះជាអ្វីដែលយើងគិតពិចារណា ប៉ុន្តែពេលនេះគឺត្រូវចប់។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីធ្លាយវីដេអូមួយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។
កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម រស្មី អតីតមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី នៅក្នុងពិធីខួបកំណើតបានប្រកាសនៅលើវេទិកាចែកប្រាក់ដល់កូនៗចំនួន ៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។
មហាជនជាច្រើនបានបង្ហាញការសង្ស័យថា ឧត្តមសេនីយ៍ត្រី គឹម រស្មី ដែលសម្ញែងលុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ អាចមានការពាក់ព័ន្ធនឹងអំពើពុករលួយ ដោយសារតែប្រាក់បៀវត្សរបស់គាត់ នឹងមិនអាចមានចំនួនច្រើនបែបនេះឡើយ។ ចំណែកអ្នកប្រើប្រាស់តាមបណ្តាញសង្គម Facebook មួយចំនួនទៀត ក៏បានដាក់ការចោទប្រកាន់ថា លោក គឹម រស្មី គឺជាអ្នកនៅពីក្រោយខ្នងនៃការរកស៊ីឈើ នៅខេត្តរតនៈគិរី ដែលជាខេត្តសម្បូរព្រៃឈឺទៀតផង។
អភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលដាក់ចេញនៅក្នុងអាណត្តិទី០៦នេះ ក៏ចាប់ផ្តើមផុលផុស តាមបណ្តាញសង្គម និងទំព័រសារព័ត៌មានជាថ្មីម្តងទៀត ដើម្បីរំលឹកដល់មន្រ្តីទាំងអស់ឱ្យខិតខំបម្រើជាតិ កុំកេងប្រវ័ញ ឬពុករលួយ។ អភិក្រម ១៖ ឆ្លុះកញ្ចក់ ២៖ ងូតទឹក ៣៖ ដុសក្អែល ៤៖ ព្យាបាល និង៥៖ វះកាត់ ដែលដាក់ចេញសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភានេះ ក៏ហាក់បង្ហាញថា រាជរដ្ឋាភិបាល នឹងមិនលើកលែងចំពោះមន្រ្តីខិលខូចខុសច្បាប់នោះឡើយ។

ចំណែកអង្គការខុមហ្រ្វែល បានសរសេរលើហ្វេសប៊ុកថា មន្ត្រីសង្គមស៊ីវិលសំដែងការភ្ញាក់ផ្អក់ផ្អើល​ជា​ខ្លាំង​ ដែល​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ លោក​ ឱម​ យិន​ទៀង​ បញ្ជាក់​ថា​ លោក​ គឹម​ រស្មី​ អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ គ្មាន​លុយ​ច្រើន​ក្នុង​ធនាគារ​នោះ​ទេ​ ហើយ​ថា​ការប្រកាស ចែកលុយកូនចំនួន៥០ម៉ឺនដុល្លារនោះ គឺជា​រឿង​អួត​សំញ៉ែងទ្រព្យសម្បតិ្ត តែ​ការពិត​គ្មាន​ប្រាក់​ទៅវិញ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង