ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីលោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល គឺគ្រាន់តែសំញ៉ែងទ្រព្យ មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទេ

88


ភ្នំពេញ៖
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា ករណីលោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទេ គឺគ្រាន់តែសំញ៉ែងទ្រព្យ។

ក្នុងសន្នីសីទសារព័ត៌មាន នៅថ្ងៃនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង លើកឡើងថា គឺអួតសំញ៉ែងទ្រព្យទេ ដែលបញ្ហាគាត់ខុស គឺការសំញ៉ែងទ្រព្យ។ នៅហុងកុង នៅប្រទេសមួយចំនួនទៀត ច្បាប់ប្រឆាំងអំពើពុករលួយ ដាក់ទោសមន្ត្រីរាជការ ដែលសំញ៉ែងទ្រព្យជាប់គុក ប៉ុន្តែស្រុកខ្មែរអត់ជាប់គុកទេ គ្រាន់តែរាជរដ្ឋាភិបាលបណ្ដេញចេញ ។ នៅកម្ពុជាអត់មានច្បាប់ដាក់គុក ករណីសំញ៉ែងទ្រព្យនោះទេ ។

ករណីស្នងការរងខេត្តកណ្ដាលលោក ស្រេង សុខា គឺ លោក ឱម យ៉ិនទៀង បានបញ្ជាក់នៅចំពោះអ្នកកាសែតថា មិនជាប់ពាក់ព័ន្ធនឹងបទល្មើសពុករលួយ។ លោកថា៖ «ឯស្នងការនេះ ដូចគ្នា អាលុយបង្អួតនោះជាលុយរបស់ខាងស្រី ទោសសំញ៉ែកដូចគ្នាហ្នឹង»។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងបញ្ជាក់ថា ករណីលោក ស្រេង សុខា ស្នងការរងខេត្តកណ្តាល ដែលសារព័ត៌មានចុះផ្សាយកាលពីកន្លងទៅ ករណីជូន​ថ្លៃ​បណ្ណាការ ភ្ជាប់ពាក្យ​របស់លោក ដោយផ្តល់​ឲ្យ​កូនក្រមុំ ១០​ម៉ឺន​ដុល្លារ ចិ​ញ្ជៀ​ន​ពេជ្រ និង​ឡាន​ទំនើប​ គឺជាការបង្អួតសម្ញែងទ្រព្យសម្បតិ្ត តែតាមពិតគ្មានទ្រព្យទេ។

ប្រធាន ACU បានបន្តថា លោកស្នងការរង ស្រេង សុខា បានសំញ៉ែងទ្រព្យសម្បត្តិ ដែលមានចិញ្ជៀនពេជ្រ ខ្សែក ក្បាលខ្សែក្រប៉ាត់ នាឡិកាដៃដាំពេជ្រ តែនាឡិកាដាំពេជ្រក្លែងក្លាយទេ។ លោកស្រេង សុខា បានដើរថត ជាមួយនិងឡានរបស់គេ ហើយផុសនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីអួតនិងសំញែង គេតែប៉ុណ្ណោះ។

ដោយឡែក កាលពីថ្ងៃទី២៨ ខែកុម្ភៈ អង្គភាពប្រឆាំងអំពើពុករលួយ បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត ទៅលើទ្រព្យសម្បត្តិ របស់លោកស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល ក្រោយពី​មាន​ការ​​​ចែករំលែក តាមបណ្ដាញសង្គមហ្វេសប៊ុក ស្នងការរងរូបនេះ បានភ្ជាប់ពាក្យជាមួយស្ត្រីម្នាក់ នៅអ្នកលឿង ខេត្តព្រៃវែង និងបានជូនថ្លៃបណ្ណាការតម្លៃរាប់សិបម៉ឺនដុល្លារដល់គូដណ្ដឹង៕

អត្ថបទដែលជាប់ទាក់ទង