សម្ដេចក្រឡាហោម បង្ហាញបញ្ហាប្រឈម ៥ចំណុច ដែលកំពុងជួបប្រទះនៅព្រះសីហនុ
(ព្រះសីហនុ)៖ សម្ដេចក្រឡាហោម បានបង្ហាញនូវបញ្ហាប្រឈមចំនួន ៥ចំណុច ដែលកំពុងជួបប្រទះនៅខេត្តព្រះសីហនុ ហើយសម្តេចទាមទារឲ្យមានការរួមគ្នាដោះស្រាយជាបន្ទាន់។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់តំណែងលោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ បានបង្ហាញនូវបញ្ហាប្រឈមចំនួន ៥ រួមមាន៖ ១- ទំនាស់ដីធ្លី ការគ្រប់គ្រងដីធ្លី៖ ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា កាលពីដើមឡើយពេលដែលខេត្តព្រះសីហនុ មិនទាន់មានការអភិវឌ្ឍខ្លាំង ដីមិនទាន់ឡើងថ្លៃ មិនសូវមានបញ្ហានេះកើតឡើងទេ ប៉ុន្ដែនូវពេលនេះបញ្ហាជម្លោះដីធ្លីហាក់កំពុងតែកើនឡើងជាបន្ដបន្ទាប់ ដូច្នេះត្រូវតែរួមគ្នាដោះស្រាយដោយសន្ដិវិធី ជៀសវាងការប្រើប្រាស់អំពើហិង្សា។ ២-គុណភាពសំណង់៖ ត្រូវពិនិត្យសំណង់កំពុងដំណើរការសាងសង់ និងកំពុងដំណើរការអាជីវកម្ម ព្រោះយើងមានបទពិសោធន៍ថ្មីៗនេះហើយ គឺហេតុការណ៍រលំបាក់អគារ ដូច្នេះទាមទារឲ្យមានការពិនិត្យយ៉ាងយកចិត្តទុកដាក់។ លើសពីនេះ ក៏ត្រូវពិនិត្យលើបញ្ហាសុវត្ថិភាពអគារផងដែរ ពោលផ្ដោតសំខាន់ទៅលើបញ្ហាអគ្គិភ័យ។ ៣-សន្ដិសុខនៅកោះរ៉ុង និងបណ្ដាកោះដែលចំណុះក្រុងព្រះសីហនុ៖ បច្ចុប្បន្នភ្ញៀវទេសចរនៅតាមបណ្ដាកោះនានា ហាក់កំពុងកើនឡើងជាបន្ដបន្ទាប់ ដូច្នេះដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ សមត្ថកិច្ចដែលមានការពាក់ព័ន្ធត្រូវពង្រឹងលើការងារនេះ។ សម្ដេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា កម្លាំងនគរបាលគម្បីត្រូវតែដាក់មួយកោះ៣នាក់ ដើម្បីយាមការពារ ហើយក៏ត្រូវមានកម្លាំងអន្ដរាគមន៍ជំនួយផងដែរ ដើម្បីចេញអន្ដរាគមន៍ទាន់ពេលនៅពេលមានហេតុការណ៍អ្វីកើតឡើង។ ៤- ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍៖ ខណៈដែលខេត្តមួយនេះកំពុងតែមានការអភិវឌ្ឍ ស្ថានភាពចរាចរណ៍កាន់តែមមាញឹក ដូច្នេះផ្លូវដែលកំពុងមានបច្ចុប្បន្នហាក់មានការតូចចង្អៀត ហើយកន្លែងខ្លះក៏កំពុងមានការខូចខាតផងដែរ ប៉ុន្ដែចំណុចនេះសម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា ក៏កំពុងស្ថិតក្នុងការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។ ៥-រួមគ្នាដោះស្រាយបញ្ហាលូ ទឹកកខ្វក់ ទឹកភ្លៀង៖ សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា បញ្ហានេះមានក្រសួងចំនួន៤ ដែលមានការពាក់ព័ន្ធ រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកញ្ជូន, ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម ដូច្នេះហើយអ្នកដែលមានការពាក់ព័ន្ធត្រូវតែរួមគ្នាដោះស្រាយ៕