កំណើតសេដ្ឋកិច្ចកម្ពុជា បង្កើនឱកាសការងារប្រជាជនកម្ពុជា មានការងារធ្វើ ទទួលបានប្រាក់កម្រៃខ្ពស់
បន្ទាយមានជ័យ ៖ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កំណើតសេដ្ឋកិច្ចកម្ពុជា បានធ្វើឲ្យប្រទេសដែលទើបរួចផុតពីភ្លើងសង្គ្រាម មានការរីកលូតលាស់គួរឲ្យកត់សម្គាល់ ទទួលបានការវិនិយោគជាច្រើន រួមនឹងបង្កើនឱកាសការងារប្រជាជនកម្ពុជា មានការងារធ្វើ ទទួលបានប្រាក់កម្រៃខ្ពស់ ។
លោកយឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំ ស្តីពីការងារជំរុញភូមិមួយ ផលិតផលមួយ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍សង្ខេប ពីទីតាំងភូមិសាស្ត្រ នៃខេត្តបន្ទាយមានជ័យ ដែលជាខេត្តមួយ ជាប់នឹងព្រំប្រទល់ប្រទសថៃ ហើយក៏ជាខេត្ត ដែលមានសក្តានុពល សេដ្ឋកិច្ចខ្លាំងក្លា នូវការផ្លាស់ប្តូរទំនិញ នៅច្រកទ្វាព្រំដែនអន្តរជាតិ ប៉ោយប៉ែត ។ លោកអភិបាលខេត្ត បានលើកឡើងថា ខេត្តក៏មានផលិតផល ដែលជាស្នារដៃខ្មែរ យើងជាច្រើន ពិសេសតម្បាញសូត្រនៅស្រុកភ្នំស្រុក រួមនឹងផលិតផល ដែលមាននៅតាមបណ្តាស្រុក ជាច្រើនទៀតផងដែរ ។
លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ៖ កំណើតសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន បានធ្វើឲ្យប្រទេស ដែលទើបរួចផុតពីភ្លើងសង្គ្រាម មានការរីកលូតលាស់ គួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអ្នកមគ្គទេសក៍ដ៏ឆ្នើម បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា មានការីកលូតលាស់ជាខ្លាំង ទទួលបានការវិនិយោគ ជាច្រើន រួមនឹងបង្កើនឱកាសការងារ ប្រជាជនកម្ពុជា មានការងារធ្វើ ទទួលបានប្រាក់កម្រៃខ្ពស់ ។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ជាមួយកំណើនសេដ្ឋកិច្ច ផលិតផល ដែលយើងបានផលិតបាន គឺយើងប្រើប្រាស់វត្ថុធាតុដើម នៅក្នុងស្រុក គឺកំពុងទទួលបាន ការពេញនិយមប្រើប្រាស់ ហើយក៏បាននាំចេញ ទៅក្រៅប្រទស ។ ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្រ្តី ក៏ជម្រុញដល់កសិករ ត្រូវពង្រឹងសមត្ថភាព ក្នុងការដាំដុះ បង្កបង្កើនផល តាមលក្ខណៈបច្ចេកទេស ប្រើប្រាស់ជីធម្មជាតិ ដែលមាននៅក្នុងស្រុក ចៀសវាង ការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្ម ដែលវាធ្វើឲ្យប៉ះ ដល់អ្នកប្រើប្រាស់ និងអ្នកបរិភោគ ៕