ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ ជាអធិបតី ក្នុងពិធីផ្ទេរសាលាពិការគថ្លង់ អង្គការគ្រួសារថ្មី មកក្រសួងអប់រំជាតិ

85

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៤ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីផ្ទេរការគ្រប់គ្រង សាលាគថ្លង់ឱ្យ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអប់រំ យុវជន និងកីឡាវិញ។ នៅក្នុងឱកាសនេះដែរ សម្តេចទាំងទ្វេ នឹងអញ្ជើញរៀបចំអាហារ ផ្តល់ជូនកូនក្មួយសិស្សានុសិស្ស មកពីសាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ជាច្រើនរយនាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា សាលាកុមារ ពិការភ្នែក និងគថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានបង្កើតឡើង ដំបូងនៅឆ្នាំ១៩៩១ ដោយមានឈ្មោះថា «មជ្ឈមណ្ឌលជាតិ អប់រំជនពិការភ្នែក និងគ ថ្លង់»។ មជ្ឈមណ្ឌលនេះ ក៏ជាកន្លែងបណ្តុះបណ្តាល គ្រូបង្រៀនជនពិការភ្នែក និងគ ថ្លង់ និងសម្រាប់ជាទីតាំងបោះពុម្ភផ្សាយ ផលិតសម្ភារៈសិក្សា របស់ជនពិការភ្នែក និងគថ្លង់ផងដែរ។

ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ កម្មវិធីអប់រំកុមារពិការភ្នែក និងកុមារគថ្លង់ បានដំណើរការ និងមានការអភិវឌ្ឍជានិច្ច ដោយសារការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែបានផ្ដល់ជំនួយ ឧបត្ថម្ភដ៏ថ្លៃថ្លាជាច្រើន រួមទាំងជំនួយមូលនិធិ ដល់អង្គការគ្រួសារថ្មី សម្រាប់ដំណើរការកម្មវិធីជាច្រើន ជារៀងរហូតមក៕

អត្ថបទដែលជាប់ទាក់ទង