ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្វាយរៀង គឺជាក្រុមដែលមិនស្គាល់​ ចាញ់ក្នុងលីគកំពូលជុំទី១

84


ភ្នំពេញ៖លីគកំពូលកម្ពុជាបានបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ហើយក្នុងខណៈដែលក្រុមព្រះខ័ន
រាជស្វាយរៀង បានបង្កើតកំណត់ត្រាដ៏អស្ចារ្យ ក្នុងនាមជាក្រុមតែមួយគត់ ដែលមិនស្គាល់ចាញ់ បន្ទាប់ពីប្រកួតបញ្ចប់សប្ដាហ៍ទី១៣ កាលពីយប់មិញ(៣០មិថុនា)ដោយ បានយកស្មើក្រុមណាហ្គាវើលដ៏ ០ទល់០ ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Conor Nestor ព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ចំពោះលទ្ធផលជើងទី១ សូម្បីអតីតគ្រូបង្វឹកលោក សំ វ៉ាន់ដេត ក៏ចូលរួមកោតសរសើរផងដែរ ពិសេសការប្រកួតជាមួយណាហ្គាវើលដ៏យប់មិញ ទោះបីពួកគេ មិនអាចបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ក៏ស្វាយរៀង បានការពារមិនឲ្យរបូតគ្រាប់បាល់ដែរ ។
ជាលទ្ធផលចប់ជើងទី១ ព្រះខ័នរាជស្វាយរៀង បានឈរកំពូលតារាង និងមាន ៣៣ពិន្ទុ នាំមុខគូប្រជែងឈរលេខរៀងទី២ គឺក្រុមរបស់លោក មាស ចាន់ណា ចំនួន ៥ពិន្ទុ ជាមួយលទ្ធផល ១៣ប្រកួតឈ្នះ១០ និងស្មើ៣ រួមមានស្មើក្រុមអង្គរថាយហ្គឺរ, ស្មើបឹងកេត និងស្មើណាហ្គាវើលដ៏ ។
ចំណែកណាហ្គាវើល កំពុងមាន ២៨ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៣ប្រកួតឈ្នះ៩ ស្មើ១ និងចាញ់ ៣ ។ ដោយឡែកក្រុមខ្លាំងៗមួយចំនួនទៀត ក៏កំពុងមានពិន្ទុយ៉ាងប្រកៀកប្រកិតគ្នាដែរ តួយ៉ាងដូចជា ក្រុមអង្គរថាយហ្គឺរមាន ២៧ពិន្ទុ, បឹងកេតមាន ២៦ពិន្ទុ, វិសាខាមាន ២៥ពិន្ទុ, ភ្នំពេញក្រោនមាន ២៤ពិន្ទុ និងក្រសួងការពារជាតិមាន ២៣ពិន្ទុ បន្ទាប់ពីក្រុមទាំងនេះ បានទទួលជ័យជម្នះរៀងៗខ្លួន ក្នុងការប្រកួតបញ្ចប់ជើងទី១ កាលពីចុងសប្ដាហ៍កន្លងទៅ ។
ចំពោះក្រុមអង្គរថាយហ្គឺរ បានយកឈ្នះអគ្គិសនីកម្ពុជា ៣ទល់១, បឹងកេត យកឈ្នះគិរីវង់ ២ទល់១, វិសាខា ឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៣ទល់១, ភ្នំពេញក្រោន លត់ក្រុមខេត្តកំពង់ចាម ១៧ទល់២ និងក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤ទល់១ ។ រីឯលទ្ធផល ១គូទៀត គឺក្រុមសូលទីឡូអង្គរ បានយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ២ទល់១ ៕

អត្ថបទដែលជាប់ទាក់ទង