ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការ​វិនិយោគ​ ​កាស៊ីណូ​ សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយ​ដ្ឋាន​ ព្រម​ទាំង​មុខ​របរ​ផ្សេង​ៗ​ នៅខេត្តព្រះសីហនុ ភាគ​ច្រើន ​គ្រប់គ្រង ​ដោយ​ជនជាតិ​ចិន​​ ៩៥ភាគរយ

73

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តមសេនីយ៍ទោ ជួន​ ណា​រិន្ទ បានអះអាងថា ស្ថាន​ភាព នៅ​ខេត្ត​ព្រះសីហនុ​ ដោយ​មាន​ការ​វិនិយោគ​ច្រើន ​ពី​ជន​បរទេស​ ជនជាតិ​ចិន​ ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​ មាន​ការ​រីកចម្រើន ​យ៉ាង​ឆាប់​រហ័ស ​លើ​គ្រប់​វិស័យ​ ដូច​ជា ​កាស៊ីណូ​ សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយ​ដ្ឋាន​ ព្រម​ទាំង​មុខ​របរ​ផ្សេង​ៗ ​ជាច្រើន​ទៀត​ ភាគ​ច្រើន ​គ្រប់គ្រង ​ដោយ​ជនជាតិ​ចិន​​ ៩៥ភាគរយ។

លោក​នាយ​ឧត្តម​សេនីយ៍​ ថោង​ លីម អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ ជា​ប្រ​ធាន​ក្រុម​ការងារ ​ចុះ​ពង្រឹង​សន្តិសុខ ​សណ្តាប់​ធ្នាប់​ របៀបរៀបរយ ​សង្គម​ នៅ​ខេត្ត​ព្រះសីហនុ​ បាន​ដឹក​នាំ ​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ ដើម្បី​បន្ត​និរន្តរភាព​ការងារ​ ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​ រក្សា​របៀប​រៀប​រយ ​ក្នុង​ខេត្ត​ព្រះសីហនុ​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​ស្នងការ​នគរបាល​៤ខេត្ត​ តាម​តំបន់​សមុទ្រ នៅ​ព្រឹក ថ្ងៃទី១ ខែកក្កដា​ ឆ្នាំ​២០១៩​ នេះ​ នៅ​ស្នងការ​ដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ​។

ក្នុង​កិច្ច​ប្រជុំ​នេះ​ មានថ្នាក់​ដឹកនាំ​ នគរបាល​ខេត្ត​ តាម​តំបន់​សមុទ្រ ​បាន​មក​ចូលរួមមាន ៖ លោក​ឧត្តមសេនីយ៍ទោ ជួន​ ណា​រិន្ទ​ស្នងការនគរបាលខេត្តព្រះសីហនុ លោក​ឧត្តម​សេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​ លោក​ឧត្តម​សេនីយ៍​ទោ​ សំ​ ឃិតវៀន​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ និង​ លោក​ឧត្តម​សេនីយ៍​ត្រី ​បែន​ តារា​ ស្នងការ​នគរបាល​ខេត្ត​កែប។

លោក​ឧត្តម​សេនីយ៍​ទោជួន ណារិន្ទ ស្នងការ​នគរបាលខេត្ត ព្រះសីហនុ បាន​រាយការណ៍​ ជូន​អង្គ​ប្រជុំ ​អំពី​សភាពការណ៍​ ទូទៅ​សន្តិសុខ​សណ្តាប់​ធ្នាប់ ​សាធារណៈ ​ក្នុង​ខេត្ត ​ជូន​អង្គ​ពិធី​ជ្រាប​អំពី​ ៖ ស្ថាន​ភាព​ទូទៅ ​នៅ​ខេត្ត​ព្រះសីហនុ​ ដោយ​មាន​ការ​វិនិយោគ​ច្រើន ​ពី​ជន​បរទេស​ ជនជាតិ​ចិន​ ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​ មាន​ការ​រីកចម្រើន ​យ៉ាង​ឆាប់​រហ័ស ​លើ​គ្រប់​វិស័យ​ ដូច​ជា ​កាស៊ីណូ​ សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយ​ដ្ឋាន​ ព្រម​ទាំង​មុខ​របរ​ផ្សេង​ៗ ​ជាច្រើន​ទៀត​ ភាគ​ច្រើន ​គ្រប់គ្រង ​ដោយ​ជនជាតិ​ចិន​ ក្នុង​នោះ​៖ សណ្ឋាគារ​និង​ផ្ទះ​សំណាក់ ​ចំនួន​១៥​៦​កន្លែង​ គ្រប់គ្រង ​ដោយ​ជនជាតិ​ចិន ​ចំនួន​១៥០​កន្លែង។ កាស៊ីណូ​ចំនួន​ ៦២​កន្លែង​ វិនិយោគ ​ដោយ​ជន​បរទេស​៤៨​កន្លែង។​ ក្លិប​កម្សាន្ត​ ខារ៉ាអូខេ​ ៤១​កន្លែង ​គ្រប់គ្រង ​ដោយ​ជនជាតិ​ចិន។​ ហាង​ម៉ាស្សា​ ចំនួន​៤៦ កន្លែង ​គ្រប់គ្រង ​ដោយ​ជនជាតិ​ចិន។
ភោជនីយ​ដ្ឋាន ​ចំនួន​៤៣៦ គ្រប់គ្រង ​ដោយ​ជនជាតិ​ចិន​ ៩៥ភាគរយ។
បទល្មើស​ព្រហ្មទណ្ឌ ​កើត​ឡើង​ច្រើន​ ជាង​មុន​ តែ​កង​កម្លាំង​ នគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប ​បាន​រហូត​ដល់​៩៨ ភាគរយ។
ក្នុង​កិច្ច​ប្រជុំ​នេះ​​ លោក​ស្នងការ​នគរបាល​ខេត្ត​កំពត​ កែប​ និង​ខេត្ត​កោះកុង​ ក៏បាន​ឡើង​រាយការណ៍​ ជា​បន្ត​បន្ទាប់ ​អំពី​សភាពការណ៍​ទូទៅ​ក្នុង​ខេត្ត ​របស់​ខ្លួន ​ទទួល​ខុស​ត្រូវ​ផង​ដែរ។
លោក​នាយ​ឧត្តម​សេនីយ៍​ ថោង ​លីម​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ បាន​ឯកភាព ​លើ​របាយការណ៍​ លើក​ឡើង​ របស់​លោក​ស្នងការ​ទាំង​៤​ខេត្ត​ និង​កោតសរសើរ ​ចំពោះ​កងកម្លាំង ​នគរបាល​ខេត្ត​ព្រះសីហនុ​ ដែល​បាន ខិតខំ​ប្រឹងប្រែង ​បំពេញ​ការងារ​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ​ ទោះជា​បទល្មើស​ព្រហ្មទណ្ឌ ​កើនឡើង​ ច្រើន​ពិត​មែន​ តែ​យើង ​បង្ក្រាប​បាន​រហូត ​ដល់​៩៨ភាគរយ ដែល​ជា​លទ្ធផល ​គួរ​ឲ្យ​កោត​សរសើរ​៕

អត្ថបទដែលជាប់ទាក់ទង