រដ្ឋមន្ត្រីក្រសួងព័ត៌មាន បោះពាក្យសម្ដីទៅ កាសែតមាតុភូមិ ជាក្រុមតាមស៊ីផឹកមែន
ភ្នំពេញ៖ នគរបាលខណ្ឌមានជ័យចុះបង្រ្កាបសង្វៀនជល់មាន់ និងវង់អាប៉ោង ឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់ និងអ្នកកាសែត ៤ នាក់។ ជាមួយករណីនេះ កាសែតមាតុភូមិ បានសរសេរ នៅលើហ្វេសប៊ុក ដោយវាយប្រហារ ទៅលើលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា កូនចៅលោក ខៀវ កាញ៉ារីទ្ធ ៤នាក់ ត្រូវនគរបាលខណ្ឌមានជ័យ ចាប់ខ្លួន ក្នុងប្រតិបត្តិការ ចុះបង្រ្កាបល្បែងជល់មាន់។ ជាការឆ្លើយតបបន្ទាន់ក្តៅ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកកាសែតទាំងអស់ សុទ្ធតែជាកូនចៅខ្ញុំ ចុះអ្នកសរសេរនេះ ជាចៃសង្គម ឬ ជាក្រុមតាមផឹកតាមស៊ី។
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៩ ហើយបានសរសេរ លើហ្វេសប៊ុក ផ្លូវការ របស់លោកថា “ធ្វើកាសែត៤០ ឆ្នាំហើយ តែឆ្ងល់រឿងនេះមួយ ។ បើថា អ្នកកាសែតទាំងអស់សុទ្ធតែជាកូនចៅខ្ញុំ ចុះអ្នកសរសេរនេះ ជាចៃសង្គម ? ជាក្រុមតាមផឹកតាមស៊ី ? កុំថាជាអ្នកកាសែត ណា ! ព្រោះបើថា អ្នកកាសែតសុទ្ធតែជាកូនចៅខ្ញុំ ដដែល !”។
សូមបញ្ជាក់ថា កាសែតមាតុភូមិ បានចុះផ្សាយថា យ៉ាងហោចក៏មានអ្នកកាសែតចំនួន៤នាក់ ក្នុង ចំណោមអ្នកញៀនល្បែងស៊ីសងចំនួន៩នាក់ ដែលត្រូវបាន នគរបាលកងអន្តរាគមន៍នៃអធិការដ្ឋាន ខណ្ឌមានជ័យចាប់ ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់ដុះស្លែមួយកន្លែង នៅភូមិឫស្សី ខណ្ឌមានជ័យ កាលពីថ្ងៃទី ៣០ មិថុនា ២០១៩ ក្រោមបញ្ជាពីលោក ម៉េង វិមានតារ៉ា អធិការនគរបាលខណ្ឌមានជ័យ ។ យោងតាមសមត្ថកិច្ច បានឲ្យដឹងថា មានអ្នក កាសែតចំនួន៤នាក់ ត្រូវបានចាប់ឃាត់ខ្លួនភ្លាម ក្នុងរង្វង់ប្រតិបត្តិការ ទី១-ឈ្មោះ គឹម សាវីត អ្នកយកព័ត៌មានឲ្យ កាសែតអំណាចខ្មែរ ។ ២- ឈ្មោះ គ្រង់ រដ្ឋា និពន្ធនាយករង កាសែតសង្រ្គោះប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ។ ៣ – ឈ្មោះ ឈួន រ៉ាឈូ និពន្ធនាយក គេហទំព័រព័ត៌មានវរ:សែនជ័យ និង ជាជំនួយការផ្ទាល់ចាងហ្វាងកិច្ចការព័ត៌មានរបស់ អង្គភាព កាសែត រស្មី ៧មករា និង ទី៤ – ឈ្មោះ មោក យ៉េន កាសែត ពិភពថ្មី ។
ចំពោះករណីអ្នកកាសែត៤នាក់ ដែលមហាជនជាច្រើនបាន និយាយថា ជាកូនចៅរបស់លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មានឥឡូវ ហាក់ដូចជាប្រសេចប្រសាចល្បីកក្រើក ទូទាំងប្រទេស ពីរឿងដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន និង ដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការ សឹងគ្រប់ខេត្ត ។ បញ្ហានេះ គេមិនដឹងថា តើលោក ខៀវ កាញ៉ារីទ្ធ ជា ម៉ែ ឪ ឬ ជាអាណាព្យាបាលមានវិធានការ ឬ ដំណោះស្រាយបែបណា ចំពោះបុគ្គលមួយចំនួន ដែលកាន់កាតកាសែត ចេញដោយក្រសួងព័ត៌មាន ចុះហត្ថលេខា បោះត្រាដោយលោក ផុស សុវណ្ណ អគ្គនាយក នៃ អគ្គនាយកដ្ឋាន ព័ត៌មាន និង សោតទស្សន៍ ឬ ក៏បើកដៃឲ្យសមត្ថកិច្ច បង្រ្កាបបំបាក់ស្មារតី លើអ្នកកាសែតគ្រប់ទីកន្លែង ជាបន្តបន្ទាប់ ទៅមុខទៀត ឬ យ៉ាងណា ?
ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាប ទីតាំងខាងលើ សមត្ថកិច្ច បានឃាត់ខ្លួន មនុស្សចំនួន៩នាក់ ក្នុងមានអ្នកកាសែតចំនួន៤នាក់ មាន់ ជល់ចំនួន៣ក្បាល ម៉ូតូ៤គ្រឿង ព្រមទាំងវត្ថុតាងផ្សេងៗ បញ្ជូនខ្លួន ទៅសាកសួរ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ២ តែម្តង ។ បន្ទាប់ពីធ្វើការសាកសួររួចហើយ ក្រុមអ្នកញៀនល្បែង ៥នាក់ ព្រមទាំងអ្នកកាសែត ចំនួន៤នាក់ រួមទាំង វត្ថុតាង ត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួន ទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បន្តបញ្ជូនទៅតុលាការ ៕