ប្រកាសមុខតំណែងថ្មី អភិបាលស្រុកចន្ទ្រា លោក ថន ថាវុទ្ធា ជាកូនរបស់លោកអ៊ុយ ថន, អភិបាលស្រុកចាស់ មិនចូលរួម
ខេត្តស្វាយរៀងៈ ប្រកាសមុខតំណែង អភិបាលស្រុកចន្ទ្រា អភិបាលស្រុកចាស់មិនចូលរួម ហើយអភិបាលស្រុកថ្មី ដែលមកជំនួនលោកងួន រ៉ាំនោះ គឺឈ្មោះថន ថាវុទ្ធា អភិបាលរងស្រុកស្វាយជ្រំ ជាកូនរបស់លោកអ៊ុយ ថន ដែលមានតំណែងធំ នៅគណបក្សខេត្តស្វាយរៀង។ ប៉ុន្តែការប្រកាសមុខតំណែង អភិបាលស្រុកចន្ទ្រា បានប្រព្រឹត្តទៅដោយរលូន មិនមានអ្វីរាំងស្ទះនោះឡើយ ហើយការដែលលោកអភិបាលស្រុកចាស់ដែលគេដកតំណែងនោះ អវត្តមានក្នុងពិធីផ្លូវការ ក៏គេមិនដឹងថា គាត់ទៅទីណាដែរ ឬកមានបញ្ហាអ្វីដែរ។ ប្រជាពលរដ្ឋប្រមាណជាង២០នាក់ បាននាំគ្នាមកដល់សាលាស្រុកចន្ទ្រា ដើម្បីរកយុត្តិធម៌ ឱ្យលោកងួន រ៉ាំ អភិបាលស្រុកចន្ទ្រា ដែលត្រូវគេដកតំណែងចេញ ដោយគ្មានមូលហេតុ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញ ជាអធិបតី នៅក្នុងពិធីប្រកាស ចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា ដែលពិធីនេះ បានប្រព្រឹត្តទៅយ៉ាងរលូន នៅសាលាស្រុកចន្ទ្រា ខេត្តស្វាយរៀង បើទោះបីពិធីប្រកាសនេះ ពុំបានឃើញវត្តមាន របស់លោក ងួន រ៉ាំ អតីតអភិបាលស្រុកចន្ត្រា ចូលរួមក៏ដោយ ។
យោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំង មន្ត្រីរាជការ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥៦៧អនក្រ.តត ចុះថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេច ផ្ទេរភារកិច្ចលោក ងួន រ៉ាំ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា ឱ្យទៅបំម្រើការងារ នៅសាលាខេត្តស្វាយរៀង។ តែងតាំងលោក ថន ថាវុទ្ធា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ឱ្យកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា។
នាឱកាសនោះ លោកអភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ដែលកន្លងមកបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តបំពេញតួនាទី ភារកិច្ច ប្រកបដោយការសាមគ្គីភាព ក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរ ទាំងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការថែរក្សាបាន នូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
ដោយឡែក ចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែង មន្ត្រីរាជការ ក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍ គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ដោយ លោក ថន ថាវុទ្ធា ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង ជំនួសលោក ងួន រ៉ាំ ដែលត្រូវផ្ទេរភារកិច្ច មកបម្រើការងារ នៅសាលាខេត្តស្វាយរៀង ។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗ មួយចំនួនដូចជា ១- ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ឲ្យបានល្អ។ ២- បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។ ៣- គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។ ៥- បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។ ៦- យកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។ ៧- ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ។ ៨- បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យឲ្យបានល្អនៅក្នុងស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។ ៩- បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។ ១០- ខិតខំរួមសហការសាមគ្គីភាពអភិវឌ្ឍន៍ស្រុក ឲ្យកាន់តែមានការរីកចម្រើនថែមទៀត និងត្រូវចុះដោះស្រាយបញ្ហានានា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ។ ១១- ត្រូវបន្តការពង្រឹងការទប់ស្កាត់ការ នាំចូលជ្រូកពីប្រទេសជិតខាងឲ្យបានដាច់ខាត។ ១២- ពិនិត្យលទ្ធភាពធ្វើផ្លូវ និងប្រព័ន្ធលូនៅច្រកព្រំដែនសំរោង។ ១៣- ត្រូវត្រួតពិនិត្យសំណង់ណាដែលមិនទាន់មានច្បាប់ត្រូវសុំច្បាប់ និងសាងសង់ឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
គួររំលឹកឡើងវិញផងដែរថា: កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋប្រមាណជាង២០នាក់ បាននាំគ្នាមកដល់សាលាស្រុកចន្ទ្រា ដើម្បីរកយុត្តិធម៌ ឱ្យលោកងួន រ៉ាំ អភិបាលស្រុកចន្ទ្រា ដែលត្រូវគេដកតំណែងចេញ ដោយគ្មានមូលហេតុ។
ក្នុងនោះ ពលរដ្ឋបានចោទជាសំណួរ ទៅថ្នាក់ដឹកនាំខេត្ត ថាតើការដកតំណែងលោកងួន រ៉ាំ ពីអភិបាលស្រុកចន្ទ្រា ដោយសារមូលហេតុអ្វីហើយយកគាត់ ទៅដាក់កន្លែងណា? ឱ្យទទួលតំណែងអ្វីពិតប្រាដក ព្រោះលោកងួន រ៉ាំ គ្មានកំហុស ដែលត្រូវដកតំណែងនោះទេ។ ពលរដ្ឋបានបន្តថា ពួកគាត់នាំគ្នាមកសាលាស្រុកចន្ទ្រានេះ មានគ្នារាប់រយនាក់ដែរ តែត្រូវសមត្ថកិច្ចនៅមូលដ្ឋានរារាំង មិនឱ្យមកតវ៉ា។
ពលរដ្ឋបានបន្តទៀតថា អ្នកជំនួសលោកងួន រ៉ាំនោះ គឺឈ្មោះថន ថាវុទ្ធា អភិបាលរងស្រុកស្វាយជ្រំ ជាកូនរបស់លោកអ៊ុយ ថនដែលមានតំណែងធំ នៅគណបក្សខេត្តស្វាយរៀង។
ពលរដ្ឋបានធ្វើការសំណូមពរទទូច ដល់សម្តេចតេហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មេត្តាមើលឃើ
ញមន្ត្រីល្អ ដែលខិតខំបំម្រើរាស្ត្រ ដូចជា លោកងួន រ៉ាំ ហើយគេដកតំណែងចោលផង បើមានផ្លាស់ប្តូរ ពីអភិបាលស្រុកមួយទៅអភិបាលស្រុកមួយ មិនតូចចិត្តទេ តែដកចោលឲ្យទៅបម្រើការងារ នៅសាលាខេត្តស្វាយរៀងទៅវិញ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋបាលសាលាខេត្តស្វាយរៀង បានចេញលិខិតបំភ្លឺ ជាសាធារណៈជុំវិញនៃការផ្លាស់ប្តូរ អភិបាលស្រុកចន្ទ្រា ដោយបានបញ្ជាក់ថា ទាក់ទងនឹងករណីទៅនឹងការផ្លាស់ប្តូរ លោកងួន រ៉ាំ អភិបាលស្រុកចន្ទ្រា ឱ្យមកបម្រើការងារ នៅសាលាខេត្ត និងចាំទទួលតំណែងថ្មីផងដែរ៕