ការដ្ឋានសំណង់ ៣ កន្លែងនៅខេត្តព្រះសីហនុ ត្រូវបានផ្អាកការសាងសង់រង់ចាំការពិនិត្យបច្ចេកទេស និងគុណភាព ជាមុនសិន
នៅរសៀលថ្ងៃទី២ ខែ កក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការដ្ឋានសំណង់សង់ពីគ្រោងដែកនៅក្នុងមូលដ្ឋានសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។ គ្រាចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឲ្យម្ចាស់ការដ្ឋានសំណង់ចំនួន ០៣ កន្លែងត្រូវផ្អាកសកម្មភាព សាងសង់ជាបណ្ដោះអាសន្ន ដោយទុកពេល ឲ្យក្រុមមន្ត្រីជំនាញធ្វើការត្រួតពិនិត្យបច្ចេកទេស និងគុណភាព នៃសំណង់រួចរាល់សិន ទើបធ្វើការសម្រេចជាក្រោយ ។
បន្ទាប់ពីពិនិត្យការដ្ឋានសំណង់ខាងលើនេះ លោកអភិបាលខេត្ត បានអញ្ជើញចុះទៅពិនិត្យមើលគ្រួសារជនជាតិជប៉ុន ដែលហាងរបស់គាត់ត្រូវបានអគារបាក់រលំសង្កត់នាំអោយខូចទាំងស្រុងកាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩ កន្លងទៅ ហើយឯកឧត្តម បានអនុញ្ញាតឲ្យជនជាតិជប៉ុនដែលជា ម្ចាស់អាហារដ្ឋាន សាងសង់ផ្ទះឈើនៅលើទីតាំង ដែលគាត់បានជួលដីនោះ ដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន ។
ទន្ទឹមនោះលោក អភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរក្រុងព្រះសីហនុត្រូវពន្លឿនការធ្វើលិខិតអនុញ្ញាត ក្នុងការសាងសង់សំណង់ជូនម្ចាស់ហាងនេះអោយបានលឿន ដើម្បីពួកគាត់បានបើកអាជីវកម្មរកស៊ីឡើងវិញ ហើយឯកឧត្តមក៍បានជំរុញមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់សម្របសម្រួលជូន និងចាត់ទុកជាកិច្ចការអទិភាព ។
សូមបញ្ជាក់ជូនថា ជនជាតិជប៉ុនដែលជាម្ចាស់ហាងនេះ បានមកលក់ដូររកស៊ីក្នុងក្រុងព្រះសីហនុចំនួន15 ឆ្នាំកន្លងមកហើយ។