ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម បញ្ជាក់ថា ជំង ប៉េស្ដជ្រូកអាហ្វ្រិក ផ្ទុះឡើងវិញ នៅស្រុកអូរាំងឪ

77

(ភ្នំពេញ)៖ ជំងឺប៉េស្ដជ្រូកអាហ្វ្រិក បានកំពុងផ្ទុះឡើងជាថ្មីម្តងទៀតនៅក្នុងភូមិចំនួន២ ក្នុងឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បន្ទាប់ពីជំងឺនេះបានកើតឡើងម្តងរួចមកហើយ នៅលើទឹកដីកម្ពុជា ក្នុងខេត្តរតនគីរី កាលពីខែមីនា ឆ្នាំ២០១៩។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្រសួងបានកំណត់យកតំបន់ផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិកចំនួន ២កន្លែងស្ថិតនៅភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូរាំងឪ និងខេត្តត្បូងឃ្មុំ។
ការផ្ទុះឡើងនៃជំងឺនេះ ក្រសួងកសិកម្មបានបញ្ជាឲ្យ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាត់វិធានការបសុព្យាបាលជាបន្ទាន់ នៅតំបន់ផ្ទុះជំងឺដូចជា៖
បំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទ ក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល ។ ផ្អាកលើការទិញ-លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពី សត្វជ្រូកគ្រប់ប្រភេទចូលចេញ ឬឆ្លងកាត់ក្នុងរង្វង់ប្រហែល៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្រ និងតាមដាន ។ ការសិក្សាស្រាវជ្រាវប្រភពជំងឺ និងពិនិត្យ ឃ្លាំមើលចលនាសត្វជ្រូក, សាច់ជ្រូក និងផលិតផល មានដើមកំណើតពីសត្វជ្រូកជាប្រចាំ ក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រពីចំណុចផ្ទុះជំងឺ។
ជាមួយគ្នានេះដែរក្រសួងបានបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកមិនឆ្លងប៉ះពាល់ដល់មនុស្សទេ ប៉ុន្ដែជំងឺនេះបណ្ដាលឲ្យជ្រូកឈឺ និងងាប់ក្នុងអត្រាខ្ពស់រហូតដល់ ១០០% ដែលបង្កឲ្យការខាតបងធ្ងន់ធ្ងរ ដល់អ្នកចិញ្ចឹមប៉ុណ្ណោះ។

សូមបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះ កំពុងផ្ទុះនៅប្រទេសវៀតណាម ហើយអាជ្ញាធរវៀតណាម បានសម្លាប់ជ្រូករាប់លានក្បាល៕

អត្ថបទដែលជាប់ទាក់ទង