ឆេះផ្ទះនិងតូបកាត់សក់ នៅផ្សារស្នួល កាលពីវេលាទៀបភ្លឺ
ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះត្រូវបាននគរបាលកំណត់ថា បង្កឡើងដោយសារទុស្សេចរន្តអគ្គិសនី បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី៣ កក្កដា នៅនិងបរិវេណផ្សារស្នួល ក្នុងស្រុកស្នួល។
ប្រភពដដែល បានបន្តថា ផ្ទះឈើយ៉ាងហោច២ខ្នងផ្ទះ និងតូបកាត់សក់១តូប ត្រូវបានរងការឆាបឆេះគ្មានសល់ ខណៈកងកម្លាំងនគរបាលស្រុក ជាច្រើននាក់ ដោយមានការចុះបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក្នុងនោះ នគរបាលបានប្រើរថយន្តពន្លត់អគ្គិភ័យ ប្រើប្រាស់ទឹកអស់៩ឡាន ជួយបាញ់ពន្លត់ទប់ស្កាត់ ការឆេះរាលដាល។
យ៉ាងណា ក្នុងគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សនោះទេ គឺមានផ្ទះ និងតូបកាត់សក់ ព្រមទាំងសម្ភារៈប្រើប្រាស់ត្រូវឆេះខូចខាតគ្មានសល់៕