ជប៉ុនបញ្ជូនគ្រូបង្គោលបន្ថែម មកបណ្ដុះបណ្ដាលជំនាញ ថែទាំមនុស្សចាស់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ
ភ្នំពេញ៖ អង្គការ JCIA ជប៉ុន ដែលជាដៃគូសហការ និងជួយគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ ស្ថិតនៅរាជធានីភ្នំពេញ បានបញ្ជូនគ្រូបង្គោល ផ្នែកថែទាំមនុស្សចាស់របស់ខ្លួនបន្ថែម មកបណ្ដុះបណ្ដាលជំនាញមួយចំនួនទៀត ដល់សិក្ខាកាម ដែលសិក្សានៅក្នុងមជ្ឈមណ្ឌលមួយនេះ សំដៅបង្កើនចំនួនកម្មសិក្សាការីកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុនបន្ថែម។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក យ៉ាម៉ាដា ហ្វូមីយ៉ូ (Yamada Fumio) ប្រធានអង្គការ JCIA នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។
លោក យ៉ាម៉ាដា បានឱ្យដឹងថា ដំណើរការបណ្ដុះបណ្ដាល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ ដែលបាននិងកំពុងបណ្ដុះបណ្ដាល ជំនាញផ្នែកថែទាំមនុស្សចាស់ ដល់កម្មសិក្សាការីកម្ពុជានោះ ពិតជាបានប្រព្រឹត្តទៅប្រកបដោយភាពរលូន ប៉ុន្តែចំនួនកម្មសិក្សាការី ដែលបានបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុននោះ នៅមានចំនួនតិចតួចនៅឡើយ។ ដូច្នេះបានបញ្ជូនគ្រូបង្គោលមួយចំនួន មកជួយបណ្ដុះបណ្ដាលជំនាញបន្ថែម ដោយផ្ដោតលើផ្នែកសុខាភិបាល ដើម្បីបង្កើនការជ្រើសរើស គ្រប់គ្រង បណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន ឱ្យបានកាន់តែច្រើន។
លោក យ៉ាម៉ាដា ក៏បានលើកឡើងពីការបង្កើតមជ្ឈមណ្ឌលវប្បធម៌កម្ពុជា ឬហៅថា ភូមិខ្មែរ នៅប្រទេសជប៉ុន ដោយភាគីជប៉ុន ចង់បង្កើតមជ្ឈមណ្ឌលនេះ ឱ្យបាន៤ទីតាំង នៅតាមទីក្រុង និងខេត្តផ្សេងគ្នា ប៉ុន្តែមិនទាន់ទទួលបានច្បាប់សាងសង់ និងការគាំទ្រពីសំណាក់ក្រសួងស្ថាប័នមួយចំនួន របស់កម្ពុជានៅឡើយ។
បញ្ហានេះ លោក យ៉ាម៉ាដា បានបញ្ជាក់ថា លោកបានពិភាក្សាលម្អិត ជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសជប៉ុន រួចមកហើយ ប៉ុន្តែនៅឡើយ មិនទាន់មានការជួយគាំទ្រផ្នែកស្មារតី និងហិរញ្ញវត្ថុ ដោយលោក យ៉ាម៉ាដា ក៏បានស្នើសុំការគាំទ្រ ពីសំណាក់លោក អ៊ិត សំហេង ហើយនឹងបន្តស្នើសុំការគាំទ្រ ពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានា របស់កម្ពុជាបន្តទៀត។
លោក អ៊ិត សំហេង បានសម្តែងនូវការស្វាគមន៍ និងគាំទ្រ លើកទឹកចិត្តឱ្យអង្គការ JCIA អនុវត្តន៍ការបណ្ដុះបណ្ដាលជំនាញ ដល់កម្មសិក្សាការីនេះ ឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធី ក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងភាគីកម្ពុជា និងជប៉ុន ដែលបានចុះហត្ថលេខាជាមួយគ្នា កាលពីដើមឆ្នាំ២០១៩មក។
លោករដ្ឋមន្ត្រី បានស្នើឱ្យមានការគិតគូរ លើបញ្ហាសុវត្ថិភាព របស់កម្មសិក្សាការីកម្ពុជា ដែលត្រូវបញ្ជូនទៅធ្វើការ និងកំពុងធ្វើការ នៅប្រទេសជប៉ុន ដែលនេះ ជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក៏ដូចជា ប្រជាពលរដ្ឋកម្ពុជា។
លោកអ៊ិត សំហេង បានស្នើភាគីជប៉ុន ឱ្យមានការស្នើសុំច្បាប់ សាងសង់ទីតាំង ភូមិខ្មែរ នៅជប៉ុននេះឱ្យបានត្រឹមត្រូវ និងអនុវត្តនីតិវិធី នៃប្រទេសជប៉ុន ឱ្យបានហ្មត់ចត់ ហើយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមស្វាគមន៍ និងគាំទ្រជានិច្ច៕