កម្ពុជា កំពុងទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលមានល្បឿន 7-10 m/s
ខេត្តព្រះសីហនុ៖ គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៩ នេះអាកាសធាតុលើផ្ទៃសមុទ្រ និងប្រជុំកោះរ៉ុង ផ្ទៃមេឃអាប់អួរភ្លៀងធ្លាក់បង្គួរ។ នៅចន្លោះគន្លងកម្លាំងខ្យល់បក់កន្រ្តាក់បង្គួរ និងទឹករលកខ្ពស់បង្គួរ។ ចំពោះឆ្នេរអូរឈើទាល ខ្យល់បក់និងទឹករលកបង្គួរ និងឆ្នេរអូរត្រេះខ្យល់បក់ និងទឹករលកខ្លាំង បង្គួរ។ កម្លាំងនគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ផ្លូវទឹក ចុះផ្សព្វផ្សាយ សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម និងពង្រឹងគោលដៅ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស សុវត្ថិភាពជលយានយន្ត មុនចេញដំណើរ។
លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលការងារនគរបាលទេសចរណ៍ និងចរាចរណ៍ផ្លូវទឹក បានមានប្រសាសន៍ថា កម្ពុជាយើង បាននិងទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគខាងជើង ក្នុងទឹកដីប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់និងវិសម្ពាធ (TD) ដែលទើបនិងកើតឡើង នៅខាងកើតកោះហៃណាំ។ ខ្យល់មូសុងនិរតី ខ្លាំង និងឥទ្ធិពលហ្វឺន (Foehn) ដែលមានល្បឿនពី 7-10m/s នៅភាគខាងក្រោមប្រទេស។ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសង្កត់ធ្ងន់ថា បញ្ហាខាងលើ ជាហេតុបណ្តាលឲ្យមានភ្លៀងធ្លាក់ ផ្គ រន្ទះ ហើយនៅលើផ្ទែសមុទ្រ អាចនឹងមានរលកខ្ពស់ៗ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់បន្ថែមថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពង្រឹងកម្លាំងគោលដៅ ដើមទី និងតាមបណ្តាកោះ រឹតបណ្តឹងលក្ខណៈបច្ចេកទេស ប្រព័ន្ធសុវត្ថិភាព ផ្សព្វផ្សាយអប់រំ និងសំណូមពរដល់ប្រជាពលរដ្ឋ ប្រជានេសាទ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិសូមមានការប្រុងប្រយ័ត្នខ្ពស់ និងមានហេតុការណ៍អ្វី សូមផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចជាបន្ទាន់ ដើម្បីបង្កទប់ស្កាត់ និងអន្តរាគមន៍សង្រ្គោះទាន់ពេលវេលា៕